ចិនបានត្រៀមលក្ខណៈសម្រាប់ស្ថានភាពអាសន្ន ក្រោយកូវីដ១៩ ឆ្លងរាលដាល១១ខេត្តក្រុង
រលក់កូវីដ១៩ ថ្មីបានឆ្លងរាលដាលដល់ខេត្តក្រុងចំនួន១១ ក្នុងប្រទេសចិនចាប់តាំងពីថ្ងៃទី១៧ខែតុលា មកទល់ពេលនេះ។ គណៈកម្មការសុខាភិបាលចិន នៅថ្ងៃទី ២៥ខែតុលា បានព្រមានថា កូវីដ១៩ អាចនឹងបន្តឆ្លងរាលដាលខ្ពស់ជាងនេះ ខណៈរដូវរងារជិតមកដល់ ដូច្នេះចាំបាច់ត្រូវតែត្រៀមលក្ខណៈទប់ទល់ស្ថានភាពអាក្រក់។
នៅថ្ងៃទី ២៥ខែតុលា ចិនបានប្រកាសបិទទ្វារតំបន់ទេសចរណ៍នៅក្នុងខេត្តGansu ហើយបានបិទស្រុក Alxa Left Banner ដើម្បីការពារការរីករាលដាលនៃ Covid-19 ។ គណៈកម្មការសុខាភិបាលចិន NHC បានឲ្យដឹងថា ការផ្ទុះកូវីដ១៩ថ្មីនេះ បានឆ្លងរាលដាលដល់១១ខេត្តហើយចាប់តាំងពីថ្ងៃទី ១៧ខែតុលា ។
មន្ត្រីរដ្ឋាភិបាលខេត្ត Gansu នៅថ្ងៃទី ២៥ខែតុលា បានសម្រេចបិទតំបន់ទេសចរន៦ ក្រោយការរកឃើញអ្នកឆ្លងកូវីដ១៩ ។ ចំណែករដ្ឋធានីប៉េកាំង ក៏បានហាមប្រាមពលរដ្ឋ ចេញចូលទៅកាន់តំបន់មានករណីឆ្លងកូវីដ ១៩ ។
តាមរបាយការណ៍ ជារៀងរាល់ថ្ងៃចិនមានករណីឆ្លងកូវីដ ១៩ រាប់សិបនាក់ក្នុងពេលថ្មីៗនេះ ។ ទាំងនោះហើយបានជាទីក្រុងប៉េកាំង សម្រេចផ្អាកវិស័យទេសចរណ៍នៅក្នុងតំបន់ ដែលបង្កផលប៉ះពាល់យ៉ាងខ្លាំង ដល់វិស័យសេដ្ឋកិច្ច ដែលកំពុងតែ រងផលប៉ះពាល់ខ្លាំង។ អ្នកឯកទេសសេដ្ឋកិច្ច Yeap Jun Rong បាននិយាយទៅកាន់សារព័ត៌មាន AP ថា វិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ ១៩ ប៉ះពាល់យ៉ាងខ្លាំងដល់សេដ្ឋកិច្ចជាតិ។
នៅខេត្តក្រុងមួយចំនួន នៅជាប់ព្រំដែនខេត្តដែលមានករណីឆ្លង បើទោះបីមិនទាន់រកឃើញមានអ្នកឆ្លងក្តី តែបានសម្រេចផ្អាករាល់សកម្មភាព វប្បធម៌ ការជួបជុំគ្នា…ដើម្បីបញ្ចៀសការឆ្លងកូវីដ ១៩ ។
ក្រុមហ៊ុនអាកាសចរណ៍ អវកាស Expace ក៏បានប្រកាសផងដែរថា នឹងផ្អាករាល់សកម្មភាព ពាក់ព័ន្ធកាំជ្រួចមីស៊ីល Kuaaizhou 1-A ។ ទន្ទឹមនឹងនោះក៏បានស្នើដល់បុគ្គលិកទាំងអស់ត្រូវអនុវត្តវិធានការការពារ បញ្ចៀសការជាប់ពាក់ព័ន្ធនឹងអ្នកខាងក្រៅ។
ការផ្ទុះកូវីដ១៩ ថ្មីប៉ះពាល់យ៉ាងខ្លាំងដល់តំបន់ភាគខាងជើង និងភាគពាយ័ព្យនៃប្រទេសចិន ហើយបានរាលដាលដល់ទីក្រុងប៉េកាំង និង Hebei ។ រដ្ឋាភិបាលចិនបានចាត់វិធានការទប់ស្កាត់ ខណៈការប្រកួតកីឡារដូវរងាឆ្នាំ២០២២ ដែលនឹងធ្វើឡើងនៅខែកុម្ភៈឆ្នាំ ២០២២៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។