គម្រោងស្ថាបនាផ្លូវ ៣៨ខ្សែ ក្រុងសៀមរាប សម្រេចបាន ៨៣,៨៧%ហើយ គ្រោងបញ្ចប់ នៅចុងខែធ្នូនេះ!
ខេត្តសៀមរាប៖ កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានប្រចាំ ការនៃគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែនៅក្នុងក្រុងសៀមរាប ខេត្តសៀមរាប បានអញ្ជើញ ដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យវឌ្ឍនភាពគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានបច្ចេកទេស នៃក្រសួងសាធារណការ និងដឹកជញ្ជូន ឱ្យដឹងថា វឌ្ឍនភាពគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែ នៅក្រុងសៀមរាប ខេត្ត សៀមរាបនេះ គិតត្រឹមថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឬរយៈពេលជាង ១១ខែ សម្រេចបាន៨៣,៨៧%នៃទំហំការងារសរុប (២% លឿនជាងផែនការ)។ គម្រោងនេះគ្រោងបញ្ចប់ការស្ថាបនា នៅចុង ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។
គម្រោងសាងសង់ផ្លូវចំនួន៣៨ខ្សែក្នុងទីរួមខេត្តសៀមរាប ខេត្តសៀមរាបនេះ មានគោលដៅប្រែក្លាយក្រុង សៀមរាប ខេត្តសៀមរាបឱ្យក្លាយជាទីក្រុងដ៏ទំនើបពោរពេញដោយសោភ័ណភាព បរិស្ថានល្អសម្រាប់ការ រស់នៅ ឱ្យសក្តិសមជាទីក្រុងទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្ត្រ អាចទាក់ទាញភ្ញៀវទេសចរណ៍បានកាន់តែច្រើនសំដៅលើកស្ទួយសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើន ព្រមទាំងធ្វើឱ្យប្រសើរឡើងដល់ តភ្ជាប់ពីទីប្រជុំជនក្រុងសៀមរាបទៅកាន់តំបន់ដាច់ស្រយាលផងដែរ។
គួររម្លឹកផងដែរថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងក្រុងសៀមរាប ខេត្តសៀមរាបចំនួន៣៨ ខ្សែ នេះ មានប្រវែងសរុប ១០៦,៤២៤ គីឡូម៉ែត្រ ប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩.២១៦.៥៩៥ ដុល្លារអាមេរិក ដោយក្នុងនោះចំនួន៩លានដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំ ស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ ឋិតក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ចំណាយ ពេលសាងសង់ចំនួន១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១ ត្រូវបានសម្ពោធបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ថ្លែងទៅកាន់ក្រុមអ្នកជំនាញបច្ចេកទេស និងថ្នាក់ដឹកនាំ នាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថាខណៈពេលដែលក្រសួង មានសម្ភារៈ ត្រួតពិនិត្យបច្ចេកទេសបច្ចេកវិទ្យាទំនេីបមួយចំនួន ហេីយនោះ ក្រសួងក៏បានបញ្ជាទិញ សម្ភារៈត្រួតពិនិត្យ មួយចំនួនទៀត យកមកប្រេីប្រាស់ ដេីម្បីធានាថា ផ្លូវទាំង ៣៨ខ្សែត្រូវបានសាងសង់ស្របតាម លក្ខណៈបច្ចេកទេស ជាប់គង់វង្សយូអង្វែង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។