អាជ្ញាធរខេត្តកោះកុង បង្ហាញមុខជនសង្ស័យ ៧នាក់ ករណីបង្ក្រាបគ្រឿងញៀន ជាង២០០គីឡូក្រាម
ខេត្តកោះកុង៖ សមត្ថកិច្ចជំនាញខេត្តកោះកុង នៅក្នុងសន្និសីទកាសែត កាលពីរសៀលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ថា ការបង្ក្រាបបទល្មើសជួញដូរ និងរក្សាទុកគ្រឿងញៀនបានកាលពី២២ តុលា កន្លងទៅ នៅស្រុកស្រែអំបិល គឺជាប្រភេទថ្នាំញៀនហេរ៉ូអ៊ីន និងទម្ងន់ ២១២,៤គីឡូក្រាម ឆ្លងកាត់ពីប្រទេសឡាវ។
លោក គង់ មនោ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា ប្រភេទថ្នាំញៀនហេរ៉ូអ៊ីនទម្ងន់ ២១២,៤គីឡូក្រាម ពុំមែនជាការជួញដូរមកពីប្រទេសថៃនោះទេ គឺមេខ្លោងចំនួន ០២នាក់ ជាជនជាតិថៃ មានបំណងនាំចេញទៅប្រទេសរបស់គេ។
ក្នុងប្រតិបត្តិការនោះ កម្លាំងសមត្ថកិច្ច បានរឹបអូសវត្ថុតាងរថយន្ត ១គ្រឿង ទូកនេសាទធុនធំ ១គ្រឿង គ្រឿងញៀនប្រភេទហេរ៉ូអ៊ីនជាង ២១២,៤គីឡូក្រាម ឃាត់ខ្លួនមនុស្សចំនួន ៧នាក់ (មេខ្លោងជនជាតិថៃ ២នាក់ កម្មករខ្មែរ ៥នាក់ ស្រីម្នាក់)។
ចំពោះវត្ថុតាង និងមនុស្សដែលកម្លាំងសមត្ថកិច្ច ចាប់រឹបអូស និងឃាត់ខ្លួនបាននេះ កំពុងរក្សាទុកនៅស្នងការនគរបាលខេត្តកោះកុង កសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។