ប្រធានាធិបតីកូរ៉េខាងត្បូងចង់ផ្តល់រង្វាន់ដល់មេដឹកនំា គីម ជុងអ៊ុន

ប្រធានាធិបតីកូរ៉េខាងត្បូង ម៉ូន ជេអ៊ីន បានបញ្ចាក់ថា មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ពិតជាមានការស្មោះត្រង់ និងមានសុឆន្ទះពិតប្រាកដនៅក្នុងការរំសាយអាវុធបរមាណូ ហើយសហគមន៍អន្តរជាតិ គួរតែផ្តល់រង្វាន់ដល់គាត់ពីរឿងខាងលើ។ កាលពីខែ មិថុនា ក្នុងជំនួបកំពូលនៅប្រទេសសឹង្ហបុរី លោក គីម ជុងអ៊ុន និងប្រធានាធិបតី ដូណាល់ ត្រាំ បានសន្យាគ្នា ឆ្ពោះទៅរកការរំសាយអាវុធបរមាណូទាំងស្រុង។ ប៉ុន្តែតាំងពីពេលនោះមក សកម្មភាពរំសាយអាវុធ ធ្វើឡើងយ៉ាងយឺតយ៉ាវដោយសារតែប្រទេសទាំងពីរមិនមានការព្រមព្រៀងច្បាស់លាស់។

ប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ចាក់ថា «នៅក្នុងឆ្នាំនេះខ្ញុំ មានពេលវេលាជាច្រើន នៅក្នុងការពិភាក្សាស៊ីជម្រៅជាមួយមេដឹកនាំ​​​គីម ជុងអ៊ុន ។ នៅក្នុងជំនួបនោះធ្វើឲ្យខ្ញុំមានទំនុកចិត្ត លើមេដឹកនាំ គីម ជុងអ៊ុន ស្តីពីការសម្រេចលុបបំបាត់បរមាណូ»។ នៅក្នុងឆ្នាំនេះ រដ្ឋាភិបាលកូរ៉េខាងជើង បានផ្អាករាល់សកម្មភាពសាកល្បង អាវុធបរមាណូនិងមីស៊ីល ប៉ុន្តែកូរ៉េខាងជើងមិនអនុញ្ញាត្តិឲ្យក្រុមសង្កេតការណ៍អន្តរជាតិ ចូលទៅកាន់ទីកន្លែងសាកល្បងបរមាណូ Punggye Ri ដែលកូរ៉េខាងជើងបានបំផ្លាញចូលកាលពីខែឧសភា។ ចំណុចខាងលើធ្វើឲ្យអន្តរជាតិបារម្ភខ្លាចកូរ៉េខាងជើង ក្រឡាស់សម្តី។ ប៉ុន្តែមេដឹកនាំកូរ៉េខាងត្បូង ប្រកាសថា លោក​​​គីម ជុងអ៊ុន មានភាពស្មោះត្រង់ ប៉ុន្តែលោកបង្ហាញការខកចិត្ត ដោយយល់ថាសហគមន៍អន្តរជាតិនៅតែមិនមានទំនុកចិត្តលើកូរ៉េខាងជើង។

ប្រធានាធិបតីកូរ៉េខាងត្បូងបានបញ្ចាក់បន្ថែមថា «នេះជាពេលវេលាដែលយើងត្រូវធានាដល់មេដឹកនាំ គីម ជុងអ៊ុន និងគាំទ្រ លោក ដោយការសម្រេចយ៉ាងត្រឹមត្រូវក្នុងការរំសាយបរមាណូ ហើយពិភពលោកត្រូវតែទុកចិត្តទៅលើការចង់បានសន្តិភាព។ ជាមួយគ្នានេះដែរ ប្រធានាធិបតីកូរ៉េខាងត្បូង បានស្នើដល់អាមេរិក មានសកម្មភាពជឿជាក់លើកូរ៉េខាងជើង និង ធានាដល់សន្តិសុខ សុវត្ថិភាព ប្រទេសនេះក្រោយការបោះបង់អាវុធបរមាណូនិងមីស៊ីល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close