ព័ត៌មានជាតិសេដ្ឋកិច្ច

កម្ពុជា​នឹង​រៀបចំ​សន្និសីទ​ថ្នាក់​តំបន់​ស្តីពី ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​នៅ​ដើមខែ​ក្រោយ​

គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ សហការ​ជាមួយ​ក្រសួងការបរទេស ក្រសួងសុខាភិបាល និង​វិទ្យាស្ថាន​ស្រាវជ្រាវ​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ នៃ​សាធារណរដ្ឋ​បារាំង គ្រោង​នឹង​រៀបចំ​ធ្វើ​សន្និសីទ​ថ្នាក់​តំបន់​ស្តីពី «​ការប្រយុទ្ធប្រឆាំង​ឱសថ​ក្លែងក្លាយ និង​អន់​គុណភាព​» នៅ​ថ្ងៃទី​៥ ដល់​ថ្ងៃទី​៦ ខែវិច្ឆិកា ដើមខែ​ក្រោយនេះ​។​

​សន្និសីទ​នេះ នឹងមាន​ការអញ្ជើញ​បើក ក្រោម​អធិបតីភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ថ្ងៃទី​៥ ខែវិច្ឆិកា ហើយ​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ នឹង​អញ្ជើញ​បិទ​សន្និសីទ នា​រសៀល​ថ្ងៃទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​។​

បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​គណៈកម្មាធិកា​រ​ប្រយុទ្ធប្រឆាំង​ផលិតផល​ក្លែងក្លាយ​បាន​ឲ្យ​ដឹងថា សន្និសីទ​នេះ មានការ​អញ្ជើញ​ចូលរួម​ពី​ប្រតិភូ និង​ឥស្សរជន​អន្តរជាតិ​នានា​មកពី​ប្រទេស​បារាំង ចិន ភូមា ថៃ ឡាវ វៀតណាម និង​តំណាង​ជាន់ខ្ពស់​របស់​អង្គការ WHO ស្ថាប័ន​ស្រាវជ្រាវ​នានា​ពាក់ព័ន្ធ​ជាមួយ​វិស័យ​សុខាភិបាល និង​ផលិតផល​សុខាភិបាល ក៏ដូចជា​តំណាង UNITAID តំណាង​នគរបាល Interpol ព្រមទាំង​វត្តមាន​សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ពី​ក្រសួង​ស្ថាប័ន​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​វិស័យ​ឯកជន​ពាក់ព័ន្ធ​ចូលរួម​សរុប​ប្រមាណ​៤៥០​នាក់​។​

​យោងតាម​របាយការណ៍​បាន​ឲ្យ​ដឹងថា គិត​ត្រឹម​រយៈពេល​៨​ខែ ក្នុង​ឆ្នាំ​២០១៨​នេះ គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ បាន​បង្ក្រាប​បទល្មើស​បាន​ចំនួន​៤០​ករណី និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​១០​នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close