ម៉ាឡេស៊ី ក្លាយជាជើងឯកទេសចរណ៍ នៅអាស៊ាន

ម៉ាឡេស៊ីបានវ៉ាដាច់ថៃក្លាយជាជើងឯកសង្វៀនទេសចរណ៍នៅអាស៊ាន ក្រោយប្រទេសនេះបានស្រូបទាញភ្ញៀវទេសចរបរទេសដល់ទៅ ១០.១លាននាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំនេះ ដែលធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសទទួលបានអ្នកទេសចរច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ ដោយសារគោលនយោបាយបន្ធូរបន្ថយទិដ្ឋាការរបស់ខ្លួន។

យោងតាមទិន្នន័យផ្លូវការបានបង្ហាញថា ប្រទេសថៃដែលគ្រងតំណែងជើងឯកអស់រយៈពេលជាច្រើនឆ្នាំមកនេះ បានធ្លាក់មកនៅចំណាត់ថ្នាក់លេខ២វិញម្តង ជាមួយនឹងចំនួនភ្ញៀវទេសចរ ៩.៥៥លាននាក់ តាមពីក្រោយដោយវៀតណាមមានចំនួន ៦លាននាក់ និងសិង្ហបុរីចំនួន ៤.៣១លាននាក់។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៊ី លោក Datuk Seri Saifuddin Nasution Ismail បាននិយាយថា ប្រទេសម៉ាឡេស៊ីថ្មីៗនេះបានប្រកាសពន្យារពេលលើកលែងទិដ្ឋាការ សម្រាប់អ្នកដំណើរចិនរយៈពេល ៥ឆ្នាំទៀត ជាមួយនឹងជម្រើសក្នុងការបន្តរយៈពេល ៥ឆ្នាំបន្ថែមទៀតរហូតដល់ឆ្នាំ២០៣៦។

ជាងនេះទៅទៀត ម៉ាឡេស៊ីក៏បានពង្រីកការចូលដោយគ្មានទិដ្ឋាការសម្រាប់ភ្ញៀវទេសចរឥណ្ឌារហូតដល់ឆ្នាំ២០២៦ផងដែរ ស្របពេលដែលប្រទេសថៃបានរងគ្រោះដោយវិបត្តិទេសចរណ៍ ដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាព ពិសេសបន្ទាប់ពីការចាប់ពង្រត់តារាសម្ដែងចិន Xing Xing កាលពីខែមករា ដេលធ្វើឱ្យចំនួនភ្ញៀវបរទេសធ្លាក់ចុះយ៉ាងគំហុក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close