ព័ត៌មានជាតិ

ឯកឧត្ដម​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​ស្ដីពី “​ការពង្រឹង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​”

​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ៨​រោច ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​.២៥៦២ ត្រូវ​នឹង​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ឯកឧត្ដម ត្រាំ អ៊ីវតឹក រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​អញ្ជើញ​ជា​អធិបតី​បើក​សិក្ខាសាលា​ស្ដីពី “​ការពង្រឹង​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន​” ក្រោម​កិច្ចសហការ​រវាង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ជាមួយ​សមាគម​មន្ត្រី​ទទួលបន្ទុក​ការងារ​បច្ចេកវិទ្យា​គម​នាគ​មន៍​អាស៊ាន (ASEAN CIO Assosiation – ACIOA)​។ សិក្ខាសាលា​នេះ មានការ​ចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទទួលបន្ទុក​ការងារ​បច្ចេកវិទ្យា​គម​នាគ​មន៍​និង​ព័ត៌មាន មកពី​បណ្ដា​ក្រសួង​-​ស្ថាប័ន ក្រុមហ៊ុន​ដែល​ទើប​បង្កើត​ថ្មី (start-up) និង​ក្រុមហ៊ុន​ដែល​ពាក់ព័ន្ធ​ក្នុង​វិស័យ​ឧស្សាហកម្ម​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន ប្រមាណ ១២០​នាក់​។ គោលបំណង​នៃ​សិក្ខាសាលា គឺ​ដើម្បី​ស្វែងយល់​ពី​តួនាទី​សន្តិសុខ​នៅក្នុង​បដិវត្តន៍​ឧស្សាហកម្ម​ជំនា​ន់ទី​៤ ទស្សនៈ​ជាស​កល​អំពី​បញ្ហា​ប្រឈម​នៃ​ការស្ថាបនា​ប្រព័ន្ធ​សន្តិសុខ និង​និន្នាការ​ថ្មីៗ​នៃ​ការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​លើ​ស្ថាប័នរដ្ឋ និង​ឯកជន​។

​មានប្រសាសន៍​បើក​អង្គសិក្ខាសាលា​នាឱកាស​នោះ ឯកឧត្ដម​រដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក បាន​គូសបញ្ជាក់​ពី​មូលហេតុ​ដែលនាំឱ្យ​មានកា​រ​រៀបចំ​សិក្ខាសាលា​នេះ​ឡើង រួមជាមួយ​ភាព​កាត់ផ្ដាច់​ពុំបាន​នៃ​សន្តិសុខ​បច្ចេកវិទ្យា​គមនាគមន៍​និង​ព័ត៌មាន​នៅក្នុង​ដំណើរការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ឌីជីថល និង​សមិទ្ធិផល​ទាក់ទង​នឹង​ការពង្រឹង​សន្តិសុខ​ដែល​សម្រេចបាន​នាពេល​កន្លងមក​ជូន​អង្គសិក្ខាសាលា​បាន​យល់ដឹង​ផងដែរ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close