អន្តរជាតិ

លោកស៊ី ជីនពីង៖ ចិន នឹង​នាំចូល​ទំនិញ តម្លៃ ៣០ ០០០ពាន់លាន​ដុល្លារ នៅ១៥ឆ្នាំខាងមុខ

ប្រទេស​ចិន ៖ នៅក្នុង​ពិព័រណ៌នៅថ្ងៃ​ចន្ទទី ៥​ ខែ វិច្ឆិកាដែល​រៀបចំ​ធ្វើ​នៅទីក្រុង​សៀងហៃ ពី​ថ្ងៃនេះ រហូត​ដល់​ថ្ងៃសៅរ៍​ទី ១០​វិច្ឆិកា និង​ដែល​មាន​ការចូលរួម​ពី​ក្រុមហ៊ុន​បរទេស ៣ពាន់ មក​ពី ប្រទេស​ចំនួន ១៣០ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​បាន​ប្រកាស​សន្យា​បើក​ចំហរ​ទីផ្សារ​ចិន ឲ្យ​ធំ​ទូលាយ​ជាងមុន។

ពិព័រណ៌​អន្តរជាតិ​ស្តីពីការនាំចូល នៅ ប្រទេស​ចិន មាន​លក្ខណៈ នយោបាយ ច្រើន​ជាង សេដ្ឋកិច្ច ព្រោះ​វា​រៀបចំ​ធ្វើឡើង​នៅក្នុង​បរិបទ​ដែល​ចិន កំពុង​ធ្វើ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ អាមេរិក។

លោក ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​បានមានប្រសាន៏នៅក្នុងការបើក​សម្ពោធ ពិព័រណ៌​អន្តរជាតិ​ស្តីពី ការនាំចូល នៅ​ទីក្រុង​សៀងហៃ  ប្រកាស​បើក​ចំហរ​ទីផ្សារ​ចិន ឲ្យ​ធំទូលាយ​ជាងមុន ហើយប្រទេស​ចិន​នឹង​ប្រឹងប្រែង ជំរុញ ការនាំចូល កាត់បន្ថយ​តម្លៃពន្ធ​នាំចូល លើកចោល របាំង​រដ្ឋបាល ហើយ​និង​ដាក់​ឲ្យ​អនុវត្ត​ច្បាប់ ដ៏​តឹងរ៉ឹង ដើម្បី​ពិន័យ​លើ​ការលួច​កម្មសិទ្ធិ​បញ្ញា។

នៅ​ក្នុង​សុន្ទរកថា បើក​ពិព័រណ៌​នៅថ្ងៃនេះ ដោយ​និយាយ​មិន​ចំៗ​ដល់​លោក​ដូណាល់ ត្រាំ លោក​ប្រធានាធិបតី​ចិន បាន​រិះគន់​ផងដែរ នយោបាយ ការពារ​ជាតិ​និយម ហើយ​និង​នយោបាយ​ដាក់ខ្លួន​ឲ្យ​ឆ្ងាយ​ពីគេឯង។

នៅ​ថ្ងៃ​នេះ នៅ​ចំពោះមុខ​អ្នកតំណាង​ក្រុមហ៊ុន​បរទេស ដល់​ទៅ​ជិត ៣ពាន់ មកពី​ប្រទេស ១៣០ ប្រធានាធិបតី​ចិន បាន​ប្រកាស​ថា នៅ​ក្នុង​រយៈពេល​១៥​ឆ្នាំ​ទៅមុខ ការនាំចូល​ទំនិញ នៅ​ប្រទេស​ចិន នឹង​មាន​តម្លៃ​សរុប ដល់ ទៅ ៣ម៉ឺន ពាន់​លាន​ដុល្លារ។ អាច​ថា ក្នុង​រយៈពេល​មួយឆ្នាំ ការនាំចូល​ទៅ​ប្រទេស​ចិន នឹង​មាន​តម្លៃ​ប្រមាណ ២ពាន់ ពាន់លាន​ដុល្លារ​អាមេរិក ពោល​គឺ​នៅតែ​តិចជាង​អាមេរិក ដែល​នាំចូលរួច​ទៅហើយ ទំនិញ មាន​តម្លៃ សរុប ជាង ២៤០០​ពាន់​លាន​ដុល្លារ។

ចិន​ជាប់​ចំណាត់ថ្នាក់​លេខ២ បន្ទាប់​ពី​អាមេរិក ក្នុងនាមជា​ប្រទេស​នាំចូល​ច្រើនជាងគេ​ក្នុង​ពិភពលោក ពោល​គឺ​នាំមុខ អាល្លឺម៉ង់ដែល​ជាប់ចំណាត់​ថ្នាក់ទី​៣ និង​ជប៉ុន​ចំណាត់ថ្នាក់ទី​៤។ នៅ​ឆ្នាំ ២០១៧ ប្រទេស​ចិន នាំចូល​ទំនិញ ដែល​តម្លៃ ១៨៤២​ពាន់ លាន​ដុល្លារ ចំណែក អាមេរិកវិញ នាំចូលទំនិញ ពី​បរទេស ដែល​មាន​តម្លៃ ២៤០៩ពាន់លាន​ដុល្លារ គឺ​ច្រើន​ជាង​ចិន ដល់ទៅ ជាង ៥០០​ពាន់​លាន​ដុល្លារ។

ប្រទេស​ចិន ដែល​នៅ​ឆ្នាំ នេះ ប្រារព្ធ​ខួប​៤០ ឆ្នាំ នៃ​ជោគជ័យ នៃ​កំណែទម្រង់​សេដ្ឋកិច្ច ចង់​បង្ហាញ​ថា ខ្លួន​លែង​តឹ្រម​ជា​កន្លែង ផលិត ដូចមុន របស់​ក្រុមហ៊ុន​បរទេស​ហើយ។ ឥលូវ​នេះ ចិន​អាច​ក្លាយ​ជាទីផ្សារ ធំសម្បើម សម្រាប់​ទំនិញ​បរទេស ជា​ពិសេស ជាមួយ​នឹង​សន្ទុះកំណើន ចំនួន​ប្រជាជន​ចិន មាន​ជីវភាព​មធ្យម ដែល​សព្វថ្ងៃ​នេះ​បាន​កើន​ដល់ទៅ​ជាង ២៤០​លាននាក់ រួចហើយនោះ។ ការប្រកាស​បង្កើន​ការនាំចូលទំនិញ​ពីបរទេស ក៏ដើម្បី ឆ្លើយតប​នឹង​តម្រូវការកើនឡើង ក្នុង​ស្រុកនេះដែរ។

ដំណឹង​ល្អ​ណាស់ សម្រាប់​ក្រុមហ៊ុន​បរទេស?

ពិព័រណ៌​អន្តរជាតិ​ស្តីពីការនាំចូល​ទើប​ត្រូវ​បាន​រៀបចំ ឡើង​ជា​លើក​ទី១ នៅ​ប្រទេស​ចិន ជាទី​ដែល​តាំង​ពីដើម​រៀង​មក គេ​ផ្តោតសំខាន់​ខ្លាំង ទៅ​លើ​ការនាំចេញ ដើម្បី ជំរុញ កំណើន​សេដ្ឋកិច្ច​ក្នុង​ស្រុក។ សម្រាប់ អ្នកវិនិយោគ​បរទេស ការប្រកាស​របស់​ប្រធានាធិបតី​ចិន តាមពិត មិនមែន​ជា​រឿងថ្មី​ប្លែកនោះទេ។ ប្រធានាធិបតី​ចិន លោក​ស៊ី ជីនពីង​ធ្លាប់​បាន​សន្យា​ច្រើនដង ហើយ ក្នុង​ការធ្វើកំណែទម្រង់ ដើម្បី សម្របសម្រួល​ការបោះទុន​វិនិយោគ​របស់​ក្រុមហ៊ុន​បរទេស។ ប៉ុន្តែ ការសន្យា​មានតែនៅ​លើ​បបូរមាត់ ព្រោះថា នៅ​ក្នុងការពិតជាក់ស្តែង ទីផ្សារចិន នៅតែ​បើកទ្វារ​តូចចង្អៀត សម្រាប់​ក្រុមហ៊ុន​បរទេស។

អង្គការ​ដើម្បី​សហប្រតិបត្តិការ​សេដ្ឋកិច្ឋ និង​អភិវឌ្ឍន៍ ហៅកាត់ថា OCDEបាន​ចាត់ប្រទេស​ចិន ក្នុង​ចំណាត់ថ្នាក់​ទី ៥៩ ក្នុង​ចំណោម​ប្រទេស​សរុប ៦២ ដែល​បើកទា្វរ​សម្រាប់ការវិនិយោគ​ដោយ​ផ្ទាល់​ពី ក្រុមហ៊ុន​បរទេស។

តាំងពីណាពីមក ក្រុមហ៊ុន​បរទេស​បាន​រអ៊ូរទាំ តវ៉ា​ខ្លាំង​ពី​នយោបាយ​របស់​រដ្ឋាភិបាល​ចិន ដែល​រើសអើង​ក្រុមហ៊ុន​បរទេស ដើម្បីផលប្រយោជន៍​ក្រុមហ៊ុន​ក្នុង​ស្រុក​ចិន។ ក្រុមហ៊ុន​បរទេស ត្រូវ​បាន​ចាប់តម្រូវ​ដោយ​ច្បាប់ចិន ដើម្បី សហការ​ជាមួយ​ក្រុមហ៊ុន​ក្នុង​ស្រុក បើសិន​ចង់​នាំចូល ឬ បោះទុន​និយោគ​ផលិត​ក្នុង​ស្រុក ចិន។ អ្នកវិនិយោគ និង​រដ្ឋាភិបាល​បរទេស​ជាច្រើន​បាន​តវ៉ា​ផងដែរ ពី​របាំង​រដ្ឋបាល ការរំលោភ​កម្មសិទ្ធិ​បញ្ញា ការលួច​ផ្ទេរបច្ចេកវិទ្យា និង​ការរកស៊ី​មិន​ស្មោះត្រង់ ពីសំណាក់​ក្រុមហ៊ុន​ចិន ដែល​ភាគច្រើន​ជា​ក្រុមហ៊ុន​របស់​រដ្ឋ។ ក្រុមហ៊ុន​Google​វិញ​បាន​សម្រេច​ដើរចេញ លែង​ធ្វើជំនួញ​នៅ​ចិន ដោយសារ​តែ គ្មានការការពារ​សិទ្ធិ​ពី​រដ្ឋាភិបាល​ចិន ឬ​ក៏រង​ដោយ​ផ្ទាល់ ដោយសារ​ការតាមដាន​ត្រួតពិនិត្យ ពី​អាជ្ញាធរ ក៏ដូចជា​ត្រូវ​រងការវាយប្រហារ​ពី​ចោរអ៊ីនធ័រនែត​នៅ​ប្រទេសចិន។

ពិព័រណ៌ ដែល​មាន​លក្ខណៈ​នយោបាយ​ច្រើនជាង​សេដ្ឋកិច្ច

ពិព័រណ៌​នៅ​ទីក្រុង​សៀងហៃ បើកធ្វើ នៅក្នុង​កាលៈទេសៈ ដែល​ប្រទេស​ចិន កំពុង​ផ្ទុះ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។ នៅ​ប៉ុន្មាន​ខែ​មកនេះ អាមេរិក​របស់​លោកដូណាល់ ត្រាំ ទើប​បាន​បង្កើន​ពន្ធ លើ​ទំនិញ នាំចូល​ពី​ប្រទេស​ចិន ក្នុង​បទ​ចោទប្រកាន់​ថា ចិន ធ្វើជំនួញ​មិន​ស្មោះត្រង់ និង​លួច​បច្ចេកវិទ្យា​ពី​ក្រុមហ៊ុន​អាមេរិកាំង។

ដោយ​ប្រកាស​សន្យា​បើកចំហរទីផ្សារ​ចិន លោក​ស៊ី ជីនពីង ចង់​បង្ហាញ​ថា ចិន នៅ​តែ គោរព​អនុត្ត​សេដ្ឋកិច្ច​សេរី បើកចំហរ​សម្រាប់​គ្រប់គ្នា ខុសផ្ទុយពី​អាមេរិក។ ចិន ចង់​បង្ហាញ​ថា នៅពេល​អាមេរិក ដាក់របាំងពន្ធគយ យ៉ាងដូច្នេះ ប្រទេស​ផ្សេងទៀត​ក្នុង​ពិភពលោក​គួរ​តែ​ងាក​មក​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​ចិន បើសិន​គេ​ចង់​ចូល​ប្រលូក ក្នុង​ទីផ្សារ​ចិន ដែល​មានអតិថិជន​ច្រើនជាង ១ពាន់​លាននាក់។

ប៉ុន្តែ យ៉ាងណាក៏ដោយ សម្រាប់​អ្នកជំនាញ នៅពេល​ដែលលោក​ស៊ី ជីនពីង និយាយ​ថា នឹង​ការពារ ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ចិន រឹងមាំ ជាងគេ នោះ គឺ​មិនខុសអ្វី ពី​នយោបាយ​របស់​លោកដូណាល់ ត្រាំ ដែល​ថា ចង់​គិត​ដល់ប្រជាជន​អាមេរិក​មុន​គេ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close