អន្តរជាតិ

កតាដែលជម្រុញឲ្យអឺរ៉ុប បង្កើតកងទ័ពរួមការពារអឺរ៉ុប ដោយសារអាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញា អាវុធនុយក្លេអ៊ែរ

កតាសំខាន់ដែលជម្រុញឲ្យ ប្រធានាធិបតីបារំាំងស្នើរបង្កើតកម្លាំងការពាររួម នៅតំបន់អឺរ៉ុប ដោយសារតែលោកយលឃើញថា​អឺរ៉ុប គឺជាតំបន់ដែលគ្រោះថ្នាក់បំផុត ក្រោយពេល អាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញា អាវុធ ជាមួយរុស្ស៊ី ។

ប្រធានាធិបតីបារំាំងស្នើរបង្កើតកម្លាំងការពាររួម នៅតំបន់អឺរ៉ុប ដោយសារតែលោកយលឃើញថា​អឺរ៉ុប គឺជាតំបន់ដែលគ្រោះថ្នាក់បំផុត ក្រោយពេល អាមេរិក ដកខ្លួនចេញពីសន្ធិសញ្ញា អាវុធ ជាមួយរុស្ស៊ី ។

សន្ធិសញ្ញាទ្វេភាគី​អាមេរិក និង​សហភាព​សូវៀត នៅ​ឆ្នាំ ១៩៨៧​បាន​ធ្វើ​ឲ្យ​រុស្ស៊ី យល់ព្រម ដកទៅវិញ មីស៊ីល​រយៈចម្ងាយ​មធ្យម ដែលមាន​ផ្ទុកក្បាល​គ្រាប់នុយក្លេអ៊ែរ និង​ដែល​រុស្ស៊ី ដាក់បែរ​តម្រង់រួចហើយ សំដៅ រដ្ឋធានី របស់​ប្រទេស​អឺរ៉ុប។ បើសិន​អាមេរិក​ដកខ្លួនមែន អ្នកដែល​ប្រឈមមុខ រងគ្រោះ​ខ្លាំង​ជាងគេ គឺ​បណ្តាប្រទេស​អឺរ៉ុប សមាជិក​របស់​អង្គការ​អូតង់ ដែល​ជាសម្ព័ន្ធមិត្ត​របស់​អាមេរិក ប៉ុន្តែ មិនមែនអាមេរិក​នោះទេ។ សន្ធិសញ្ញា ស្តីពី​អាវុធ​នុយក្លេអ៊ែរ ដែល​ធ្វើ​ឡើង ក្នុង​បរិបទ​សង្រ្គាមត្រជាក់ មាន​គោលដៅ ហាមឃាត់ ផលិត និង​ប្រើប្រាស់ មីស៊ីល បាញ់​ចេញ​ពី​ដី ក្នុង​រយៈ​ចម្ងាយ​ចន្លោះ​ពី​៥០០​ទៅ ៥ពាន់​គីឡូម៉ែត្រ។ មីស៊ីល​រយៈចម្ងាយ​មធ្យម របស់​រុស្ស៊ី គឺ​គ្មាន​គ្រោះថ្នាក់ គំរាមកំហែង ដល់ទឹកដី​អាមេរិកនោះទេ ប៉ុន្តែ គឺ​ទឹកដីអឺរ៉ុប ដែល​មាន​ព្រំដែនជាប់​ជាមួយរុស្ស៊ី។

ដូច្នេះ បើសិន អាមេរិក​ដកខ្លួន ចេញពី​សន្ធិសញ្ញា នោះ​រុស្ស៊ី ក៏​លែង​គោរព​ធ្វើ​តាម សន្ធិសញ្ញា​តទៅទៀតដែរ។ ដូច្នេះ គឺ​សន្តិសុខ របស់​អឺរ៉ុប​ដែល​នឹង​រងការគំរាមកំហែង​គ្រប់​ពេលវេលា​ពី​រុស្ស៊ី ជាពិសេស នៅក្នុង​កាលៈទេសៈ​ដែល អូតង់​និង​រុស្ស៊ី កំពុង​តែ​តានតឹង ប្រឈម​មុខ​ដាក់​គ្នា ខាងផ្នែក​យោធា នៅ​តាម​ព្រំដែន​អឺរ៉ុប​ខាងកើត។

កតាទាំងនោះហើយទើប ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រុង បាន​អំពាវនាវ​ឲ្យ​បង្កើត​កងទ័ព​អឺរ៉ុប ដើម្បី ឲ្យ​អឺរ៉ុប​អាច​ការពារ​ខ្លួនឯង។ លោក​ម៉ាក្រុង​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ នៅ​ក្នុង​បទសម្ភាសន៍ ដែល​វិទ្យុបារាំង អឺរ៉ុប​អាង (Europe 1) បាន​ចាក់ផ្សាយ​នៅ​ថ្ងៃ​អង្គារនេះ នៅក្នុង​ឱកាស​ដែល​បារាំង​កំពុង​ត្រៀម​រៀបចំ​ប្រារព្ធ​ខួប ១០០​ឆ្នាំ នៃ​សង្រ្គាម​លោក​លើកទី១។ ការអំពាវនាវ​របស់​ប្រធានាធិបតី​បារាំង ដែល​ចង់​ឲ្យ​អឺរ៉ុប​មាន​កងទ័ព​ផ្ទាល់​ខ្លួន ធ្វើឡើង ផងដែរ នៅក្រោយ​ពេល​ដែល​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ បាន​ប្រកាស​គម្រោង​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា ស្តីពី​អាវុធ​នុយក្លេអ៊ែរ​ចម្ងាយ​មធ្យម ដែល​តាមពិត​ធ្លាប់​បាន​ជួយ រដ្ឋធានី អឺរ៉ុប ឲ្យ​រួចផុត​ពី​គ្រាប់មីស៊ីល​របស់​សហភាព​សូវៀត ក្នុង​អំឡុង​សម័យ​សង្រ្គាម​ត្រជាក់។

“យើង​នឹង​មិន​អាច​ការពារ​ប្រជាជន​អឺរ៉ុប​បានទេ ដរាបណា​យើង​មិន​សម្រេចចិត្ត​បង្កើត​ឲ្យ​មាន​កងទ័ព​អឺរ៉ុប​ពិតប្រាកដមួយ។ ប្រឈម​ទៅ​នឹង​រុស្ស៊ី ដែល​នៅ​ជិតខាង អឺរ៉ុប និង​ដែល​មិន​រអែង​នឹង​បង្ហាញ​ការគំរាមកំហែង យើង​ចង់​បាន​អឺរ៉ុប​មួយ ដែល​អាច​ការពារ​ដោយ​ខ្លួនឯង”។ នេះ​ជា​ប្រសាសន៍​របស់​លោកប្រធានាធិបតី​បារាំង អេម៉ានុយអែល ម៉ាក្រុង ដែល​ត្រូវ​បាន​ចាក់ផ្សាយ នៅវិទ្យុបារាំង​នៅថ្ងៃនេះ។

តាំង​ពី​ចូល​កាន់តំណែង​ជា​ប្រធានាធិបតី​បារាំង នៅ​ឆ្នាំ ២០១៧ លោក​ម៉ាក្រុង បាន​ជំរុញ ជាច្រើនលើក​ឲ្យ​មាន​ការបង្កើត​កងកម្លាំង​យោធា​អឺរ៉ុប។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុបារាំង លោក​ម៉ាក្រុង បាន​អំពាវនាវ​សាជាថ្មី​ម្តងទៀត​ឲ្យ​មាន​ការបង្កើត​កងទ័ព​អឺរ៉ុប ដើម្បី​កាត់បន្ថយ​ការពឹងផ្អែក ទៅលើ​អាមេរិក ផង និង​ដើម្បី បញ្ជាក់​ពី​អធិបតេយ្យភាព​របស់​អឺរ៉ុប​ផង។

“នៅពេល​ដែល ខ្ញុំ​លឺ​ប្រធានាធិបតី​អាមេរិក លោកដូណាល់ ត្រាំ ប្រកាសថា គាត់​នឹង​ដក​អាមេរិក​ចេញពី​សន្ធិសញ្ញា ដែល​ហាមឃាត់​អាវុធ នុយក្លេអ៊ែរ និង​បង្កើតឡើង​នៅក្រោយ​វិបត្តិ​មីស៊ីល​នៅ​អឺរ៉ុប តើអ្នកណា​ជាជន​រងគ្រោះ? គឺ​អឺរ៉ុប ហើយ​និង​សន្តិសុខ​របស់​អឺរ៉ុប​នេះឯង។” លោក​ម៉ាក្រុង​បាន​និយាយ​យ៉ាងដូច្នេះ មុន​នឹង​បន្ថែមថា សន្តិភាព​នៅ​អឺរ៉ុប គឺ​លែង​ទៀងទាត់​ទៀតហើយ។

សម្រាប់​ប្រធានាធិបតី​បារាំង ដែលមិន​និយាយ​ចំៗ​ដល់​ប្រទេស​រុស្ស៊ី ការប៉ុនប៉ង ឈ្លានពាន ​វាយប្រហារ​ទៅលើ​បណ្តាញ​អ៊ីនធ័រនែត ដើម្បី​លូកដៃ កកូកកាយ​លទ្ធិប្រជាធិបតេយ្យ​នៅ​អឺរ៉ុប​គឺ​ជា​ឧទាហរណ៍​ស្រាប់។

ប្រទេស​បារាំង ក្រោម​អាណត្តិ​របស់​លោក​ម៉ាក្រុង បាន​ផ្តួចផ្តើម បង្កើត កងកម្លាំង​រួម ដែល​មាន​ការចូលរួម​ពី​ប្រទេស​អឺរ៉ុប​ចំនួន ៩ ដើម្បី បើក​បេសកកម្ម យោធា ដូចជា​រំដោះ​មនុស្ស​ចេញពី​តំបន់​សង្រ្គាម ឬ​ផ្តល់ជំនួយ នៅក្នុង​ករណី​មាន​គ្រោះមហន្តរាយ​ជាដើម។

នៅ​ឆ្នាំមុន ក្នុង​គោលដៅ កាត់បន្ថយ​ការពឹងផ្អែក​ទៅ​លើ​ជំនួយ​យោធា អាមេរិក អឺរ៉ុប​បាន​សម្រេច​បង្កើត​មូលនិធិ​រាប់ពាន់​លាន​អឺរ៉ូ​សម្រាប់​វិស័យ​ការពារ​អឺរ៉ុប។ យ៉ាងណាក៏ដោយ ប្រទេស​នៅ​អឺរ៉ុប​នៅ​តែ​មិន​អាច​ស្រុះស្រួល​គ្នា ដើម្បី បង្កើត​ឲ្យ​ចេញ​ជា​កងទ័ព​អឺរ៉ុប​រួម​នោះទេ។ អាល្លឺម៉ង់ និង​ប្រទេស​អឺរ៉ុប​មួយចំនួន ដែល​ស្ថិតនៅ​ក្បែរព្រំដែន​ជាមួយ​រុស្ស៊ី មិនគាំទ្រ​គំនិត បង្កើត​កងកម្លាំង​អឺរ៉ុប ព្រោះ​គេ​នៅឃើញ​សារៈសំខាន់​របស់​កងទ័ព​អូតង់ ដែល​ត្រូវ​បាន​បង្កើតឡើង​ដើម្បី ការពារ​សន្តិសុខ​របស់​ប្រទេស​នៅ​អឺរ៉ុប ទល់​នឹង​ការឈ្លានពាន​ពី​រុស្ស៊ី។ អ្នកជំនាញ​វាយតម្លៃថា កងទ័ព​អឺរ៉ុប​មិនអាច​លេច​ចេញ​ជា​រូបរាងបាន ​ដោយសារ​តែ​មាន​ការជំទាស់​ពី​អាមេរិក។ អាមេរិក របស់​លោកដូណាល់ ត្រាំ ដែល​ជា​ក្បាលម៉ាស៊ីន ដឹកនាំ​អង្គការ​អូតង់ ធ្លាប់​បាន​រិះគន់ និង​ដាក់​សម្ពាធ ឲ្យ​ប្រទេស​សមាជិក​អឺរ៉ុប បង្កើន​ការបង់​វិភាគទាន ក្នុង​កេសថវិកា​អូតង់៕

 

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close