ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Tse Michael Nam នាយកក្រុមហ៊ុន ហ្គ្រីនលីឌើរ និងលោក Gao Hua ប្រធានប្រតិបត្តិក្រុមហ៊ុន ហ្គ្រីនលីឌើរ កម្ពុជា ចូលជួប

នៅរសៀលថ្ងៃសុក្រ ២ កើតខែកត្តិក ឆ្នាំចរ សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៩ ខែវិឆ្ឆិកា ឆ្នាំ២០១៨ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឲ្យលោក Tse Michael Nam នាយកក្រុមហ៊ុន ហ្គ្រីនលីឌើរ និងលោក Gao Hua ប្រធានប្រតិបត្តិក្រុមហ៊ុន ហ្គ្រីនលីឌើរ កម្ពុជា

ដើម្បីរាយការណ៍ពីវឌ្ឍនភាពនៃការកសាងរោងចក្រកែឆ្នៃដំឡូងមី ដែលមានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្រុកស្នួល ខេត្តក្រចេះ បានចាប់ដំណើរការសាងសង់កាលពីថ្ងៃអាទិត្យ ថ្ងៃទី០១ ខែមេសា ឆ្នាំ២០១៨ កន្លងទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមយឹម ឆៃលី ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សា ស្តារនិងអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ។

យោងតាមសេចក្តីរាយការណ៍របស់លោក Tse Michael Nam បានឲ្យដឹងថា ដំណើរការសាងសង់មកទល់ពេលនេះសម្រេចបាន៧០% ហើយ ហើយគ្រោងនឹងបញ្ចប់នៅបំណាច់ឆ្នាំនេះ និងដែលឈានទៅដល់ការដាក់ឲ្យដំណើរធ្វើការកែឆ្នៃដំឡូងមីនៅដើមឆ្នាំក្រោយ។ យោងតាមគម្រោងផែនការដែលបានគ្រោងទុក ក្រុមហ៊ុននឹងបន្តសាងសង់រោងចក្របីកន្លែង (១កន្លែងនៅតាមខេត្តត្បូងឃ្មុំ, កំពង់ចាម និងខេត្តស្ទឹងត្រែង) បន្ថែមទៀតក្នុងចំណោមដប់រោងចក្រ នៅទូទាំងប្រទេស (រួមទាំងនៅខេត្តពោធិសាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ និងឧត្តរមានជ័យ)។ ទន្ទឹមនឹងការបោះទុនវិនិយោគលើការសង់រោងចក្រកែឆ្នៃដំឡូងមី ក្រុមហ៊ុនបានមើលឃើញតម្រូវការដណ្ណាប់ស្វាយនៅប្រទេសចិនមានទំហំធំធេង ក្រុមហ៊ុនបានបោះទុនចំនួន ២លានដុល្លារអាមេរិកបន្ថែម ក្នុងការ សាងសង់រោងចក្រខ្ចប់វិចនិងកែឆ្នៃដណ្ណាប់ស្វាយនៅខេត្តកំពង់ស្ពឺ ដែលបច្ចុប្បន្ននេះអាចផលិតបាន ២០០ តោនក្នុងមួយខែ នាំទៅកាន់ប្រទេសចិន ។ លោកប្រធានបានបញ្ជាក់បន្ថែមថា ដោយមើលឃើញសេចក្តីត្រូវការទីផ្សារមានការកើនឡើងខ្ពស់ ក្រុមហ៊ុននឹងពង្រីករោងចក្រនៅតាមបណ្តខេត្តដ៏ទៃទៀតនាពេលខាងមុខ ។

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close