អ្នកស្លាប់កើនឡើង ៥៦នាក់ ដោយភ្លើងឆេះព្រៃនៅអាមេរិក

អណ្តាតភ្លើងបន្តឆាបឆេះនៅតំបន់ភាគខាងត្បុង និងភាគខាងជើង រដ្ឋកាលីហ្វ័នីញ៉ា បានឈានចូលដល់សប្តាហ៍ទីពីរហើយ តែ ក្រុមពន្លិតអគ្គិភ័យមិនទាន់អាច គ្រាប់គ្រាងស្ថានភាព បាននៅឡើយ ។ចំណែការស្លាប់ដោយភ្លើងឆេះព្រៃបន្តកើនឡើង រហូតដល់ ៥៦នាក់ហើយ និងមាន មនុស្ស ១០១នាក់ បាត់ខ្លួន។

កាលពីថ្ងៃទី១៤ខែវិច្ឆិកា ក្រុមជួយសង្គ្រោះបានរកឃើញ សាកសព៨នាក់ទៀត ធ្វើឲ្យចំនួនអ្នកស្លាប់កើនឡើង ៥៦នាក់ ។ ផ្ទះ៧៦០០ខ្នង ត្រូវភ្លើងឆេះខ្ទិច ហើយមកទលពេលនេះ មិនទាន់អាចគ្រប់គ្រងបាននៅឡើយ។

អភិបាលរដ្ឋកាលីហ្វ័រនីញ៉ា លោក Jerry Brown បានបញ្ចាក់ថា« ស្ថានភាពដូចនៅក្នុងសមរភូមិ អ្វីគ្រប់យ៉ាងបានកើតឡើងយ៉ាងឆាប់រហ័ស ហើយខ្ញុំក៏មិនដឹងត្រូវប្រើពាក្យអ្វីឲ្យសមទៅនឹងគ្រោះអាសន្នខាងលើ »។ លោកបន្តទៀតថា លោកទទួលបានទូរស័ព្ទពីប្រធានាធិបតីស្នើរឲ្យផ្តាល់ជំនួយជាបន្ទាន់ដល់ពលរដ្ឋ។

ទីក្រុង ផារ៉ាដាយស៍ (Paradise) ដែលបានរងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរពីភ្លើងឆេះព្រៃ Camp Fire ដែលបានរីករាលដាលឡើង កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ហើយឥឡូវនេះវាត្រូវគេចាត់ទុកថា ជាភ្លើងឆេះព្រៃដែលការខូចខាតខ្លាំង និងសម្លាប់មនុស្សច្រើនជាងគេបង្អស់ នៅក្នុងប្រវត្តិសាស្រ្តភ្លើងឆេះព្រៃរបស់រដ្ឋកាលីហ្វរញ៉ា។ Camp Fire បានដុតបំផ្លាញផ្ទៃដីទំហំជាង ៥២,០០០ហិកតា និងត្រូវគ្រប់គ្រងបានតែ ៣៥ភាគរយប៉ុណ្ណោះ។

ទន្ទឹមនឹងនេះនៅភាគខាងត្បូងរដ្ឋកាលីហ្វរញ៉ាក្បែរទីក្រុង ឡូសអាន់ជែឡេស (Los Angeles) ក៏មានការវាយប្រហារពីសំណាក់ភ្លើងឆេះព្រៃចំនួន ០២ផងដែរ គឺ Woolsey Fire និង Hill Fire។ Woolsey Fire បានផ្តាច់ជីវិតមនុស្ស ០២នាក់ និងបានបំផ្លាញផ្ទៃដីទំហំជិត ៤០,០០០ម៉ឺនហិកតា ព្រមទាំងលំនៅឋាននិងសំណង់អគារផ្សេងៗយ៉ាងតិច ៤៣៥ខ្នង ហើយវាកំពុងនៅតែបន្តឆាបឆេះដដែល។ ចំណែក Hill Fire បន្ទាប់ពីឆាបឆេះផ្ទៃដីជិត ២,០០០ហិកតា និងបំផ្លាញសំណង់អគារមួយចំនួនតូច ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក វាត្រូវភ្នាក់ងារពន្លត់អគ្គីភ័យគ្រប់គ្រងបាន ៩០ភាគរយ។

គួរជម្រាបថា Camp Fire បានក្លាយជាភ្លើងឆេះព្រៃផ្តាច់ជីវិតមនុស្សច្រើនបំផុតក្នុងប្រវត្តិសាស្រ្តរដ្ឋកាលីហ្វរញ៉ា ខណៈកាលពីមុនគឺភ្លើងឆេះព្រៃឈ្មោះថា Griffith Park Fire ដែលបានសម្លាប់មនុស្ស ២៩នាក់ កាលពីឆ្នាំ១៩៣៣។ សម្រាប់ភ្លើងឆេះព្រៃដែលសម្លាប់មនុស្សច្រើនបំផុតនៅសហរដ្ឋអាមេរិកទាំងមូលវិញនោះ គឺ Peshtigo Fire ដែលបានកើតឡើងកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ១៨៧១ នៅរដ្ឋ Wisconsin ដោយមានមនុស្សបាត់បង់ជីវិតតិចបំផុតប្រហែល១,៥០០នាក់ និងច្រើនបំផុតរហូតដល់ ២,៥០០នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close