មេ​គយ ណុប សំអាន បង្ខំ​ឈ្មួញ​ឲ្យ​បង់លុយ​ថ្លៃ​ក្បាល​រថយន្ត​ដឹកទំនិញ​?

​ខេត្ត​ព្រះសីហនុ ៖ ក្រុម​ឈ្មួញ​ដឹកទំនិញ​តាម​ទូក តាម​រថយន្ត បានក្លាយ​ទៅជា​ផ្ទាំង​ស៊ី​បលោក ណុប សំអាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ ទំ​ប​នប់​រលក កៀប ជំរិត បង្ខំ​ឲ្យ​បង់លុយ​ក្រៅ​វិ​ក័យ​ប​ត្រ នៃ​ចំណូល ប្រយោជន៍​បុគ្គល​ប្រព្រឹត្ត​អំពើពុករលួយ ក្នុង​ចេតនា​ទុច្ចរិត​បំបាត់​ចំណូល​ពន្ធ​របស់​រដ្ឋ តាមរយៈ​អំណាច ខ្លួន​មាន តួនាទី ទប់ស្កាត់​ទំនិញគេចពន្ធ បង្ក្រាប សហការ​ជាមួយ​ស្ថាប័ន​ប្រមូល​ពន្ធ​ជូន ហើយ​ក្លាយជា​តួអង្គ​ទាញយក ប្រភព​សេដ្ឋកិច្ច​លុយ​ក្រោម​តុ និង​បង្កើត​ការិយាធិបតេយ្យ​ឲ្យ​ទំនិញគេចពន្ធ​ហូរ​ចូល​យ៉ាងគំហុក​តាម​កំពង់ផែ​ទំនប់រលក ធ្វើការ​របៀប​កន្ទេល​ធំ​បន្លំ​ដេក ឬ​ជាម​ន្ត្រី​គ្រាប់​ល្ពៅ​នោះ ។​

​កន្លងមក​ក៏​ដូច​បច្ចុប្បន្ន កំពង់ផែ​ទំនប់រលក ទំនិញ​ជាច្រើន​ប្រភេទ​ត្រូវបាន​គេ​ដឹងថា ភាគច្រើន​គេចពន្ធ បន្ទាប់ពី សមត្ថកិច្ច និង​ខាង​ស្ថាប័នគយ​របស់លោក ណុប សំអាន ជា​អ្នក​បើកភ្លើង​ខៀវ ក្នុងនោះ​មាន​ប្រភេទ​ទំនិញ​ស្ករស ចាប់ហួយ ស្រា​បៀ កង់​រថយន្ត ដែក ស៊ីម៉ងត៍ ។​ល​។ ការ​នាំចូល​បង់ពន្ធ​មិន​គ្រប់​ដោយសារ​អំពើ​ឃុបឃិត​គ្នា​រវាង ឈ្មួញ​និង​សមត្ថកិច្ច​គយ​កើត​ឡើងជា​លក្ខណៈ​ប្រព័ន្ធ ។ ក្នុង​នោះគេ​បាន​បញ្ជាក់ថា ក្រុម​ឈ្មួញ​ដែលមាន​ឱកាស ប្រើប្រាស់​រថយន្ត​ប្រភេទ​យី​ឌុប​ជា​លក្ខណៈ​រថយន្ត​ខ្សែ ដឹកជញ្ជូន​ទំនិញគេចពន្ធ បង់ពន្ធ​មិន​គ្រប់ ឬ​បង់ពន្ធ​ក្លែង ភេទ​ទំនិញ​ជាដើម​…​ដឹក​ចេញពី​កំពង់ផែ​ទំនប់រលក​បាន​មានដូចជា​ក្រុមហ៊ុន ១-​គា​ធី ២-​ចៃរ៉ា ៣-​ចែ​វី ៤-​ណុប ៥-​កូ ៦-​សុខុម ៧-​ហួត និង​មាន​ឈ្មួញ​ជាច្រើន​ទៀត​ដែលជា​សែ​ទុយោ​ក្រាស់ៗ និង​មាន​ខ្នងបង្អែក​ជា​មេ​កម្លាំង ប្រដាប់អាវុធ​ជាដើម ។

​គេ​បាន​លួច​ទម្លាយ​ថា លោក ណុប សំអាន បាន​ឲ្យ​មន្ត្រី​របស់គាត់​យកលុយ​ពី​ឈ្មួញ​ជាច្រើន​ដំណាក់កាល ស្រប ពេល​រាល់​ទំនិញ​ដឹក​តាម​ទូក​ចូលមក​កំពង់ផែ​ទំនប់រលក ភាគច្រើន​គេចពន្ធ ។ ដូច្នេះ​លោក ណុប សំអាន បាន​ឲ្យ កូនចៅ​ប្រើ​វិធី​រកលុយ​ដោយ​ការ​គាប​ឈ្មួញ ទី​១-​យកលុយ​ពី​ម្ចាស់​ទំនិញ​នៅលើ​ទូក​ដែល​ដឹក​ពី​ប្រទេស​ថៃ ២-​យកលុយ​ពី​ម្ចាស់​ទទួល​ចាំ​ទិញ​ទំនិញ ៣-​យកលុយ​ពី​ក្រុមហ៊ុន​ដឹកជញ្ជូន​ខាងលើ​ឲ្យ​បង់​ជា​ក្បាល​រថយន្ត ក្នុង មួយ​រថយន្ត​ពី​៣០០​ដល់​៥០០​ដុល្លារ ។ លើកលែងតែ​ខាង​រថយន្ត​ដឹក​ស្ករស​ដែល​យក​តម្លៃ​ទាប ខណៈ​ឈ្មួញ​បង់ ពន្ធ​គ្រប់​ចំនួន ។
​មន្ត្រី​បាន​ទម្លាយ​ថា បើទោះជា​មាន​ករណី ទំនិញ​ខ្លះ​បង់ពន្ធ​តាម​ឯកសារ​ប្រតិវេទន៍​គយ ក៏​លោក​ណុប សំអាន បង្កើត​ឲ្យ​មាន​ការិយាធិបតេយ្យ​បង់លុយ​ក្រោម​តុ ក្នុង​មួយ​ឯកសារ​យ៉ាងតិច​ចាប់ពី​៧០​ដុល្លារ ឬ​ជាង​១០០​ដុល្លារ ចាត់ចែង​ទៅ​មន្ត្រី​គយ ។
​ក្នុង​មួយ​យប់ៗ​រថយន្ត​បាន​ដឹកទំនិញ​ចេញពី​កំពង់ផែ​ទំនប់រលក​ដូច​ហែ​កឋិន ហើយ​លោក ណុប សំអាន ក៏​ទទួល បាន​នូវ​ប្រភព​សេដ្ឋកិច្ច​ពី​ចំណូល​ឲ្យ​ឈ្មួញ​បង់លុយ​បង់​ក្បាល​រថយន្ត និង​ចំណូល​ផ្សេងទៀត​បានមកពី ឈ្មួញ​បង់​ប្រចាំខែ ក្នុង​មួយ​ករណី​រកស៊ី​ដឹកជញ្ជូន​ទំនិញគេចពន្ធ ។ មន្ត្រី​បាន​រំឭកថា ប្រសិនបើ​ថ្នាក់លើ​មិនបាន ចាប់អារម្មណ៍ ឬ​មាន​វិធានការ​កំណែទម្រង់រដ្ឋបាល​ទេនោះ វប្បធម៌​នៃ​អំពើពុករលួយ​របស់លោក ណុប សំអាន ពិតណាស់ថា គាត់​មាន​ចេតនា​ទុច្ចរិត​គៃបំបាត់​ពន្ធ​នាំចូល​របស់​រដ្ឋ ដើម្បី​ប្រយោជន៍​បុគ្គល បក្ខពួក ហើយក៏​ជា ប្រភព​សេដ្ឋកិច្ច ដែល​ថ្នាក់លើ​មួយចំនួន​ប្រឹង​ទទួលយក​សំណូក​ប្រចាំខែ​ផង​ក៏​អាច​ថា​បាន​។

​តំបន់​កំពង់ផែ​ទំនប់រលក ប្រសិនបើ​លោក​បណ្ឌិត គុណ ញឹម ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុ​ជាមាន​វិធានការ​ត្រួតពិនិត្យ​តាមដាន​រាល់​សកម្មភាព​នៃ​ទំនិញគេចពន្ធ​ហូរ​ចូល ហើយ​តម្រូវ​ឲ្យ​បង់ពន្ធ​នាំចូល​ស្របច្បាប់​គ្រប់​ចំនួន តាម​ប្រភេទ​ទំនិញ ច្រក​មួយ​នេះ​អាច​នឹង​រក​ចំណូល​ពន្ធ​ជូន​រដ្ឋ មាន​ចំនួន​ច្រើន​លើសលុប ។ ប៉ុន្តែ​បច្ចុប្បន្ន​ការបង់ពន្ធ​ពិតប្រាកដ​មាន​កម្រិត​។ ដោយឡែក​អំពើពុករលួយ​ក្រោម​តុ គឺមាន​ចំនួន​ច្រើន​លើសលុប​បំផុត​ទៅលើ​មេ​គយ និង​មន្ត្រី​មួយចំនួន​ដែល​ពាក់ព័ន្ធ​ទទួល​សំណូក និង​គាបសង្កត់ ជំរិត​ឈ្មួញ​បានកើត​ឡើងជា​ទម្លាប់ ដែល​ពួកគេ​កំពុង​យកទៅ​ធ្វើ​មានបាន ក្នុង​សំណូម​ដែល​សង្គម​ស្អប់ខ្ពើម និង ជា​ក្រុមមន្ត្រី​កន្ទេល​ធំ​បន្លំ​ដេក ឬ​មន្ត្រី​គ្រាប់​ល្ពៅ​នោះ ។

​ពាក់ព័ន្ធ​នឹង​ការរិះគន់​ខាងលើ​កាសែត​និង​គេហទំព័រ​ខ្មែរ​៧​មិនអាច​សុំ​ការបំភ្លឺ​ពី​លោក ណុប សំអាន ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ទំនប់រលក​បានទេ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែវិច្ឆិកា ឆ្នាំ​២០១៨​ដោយ​ទូ​រស​ព្ឌ័​ខ​ល​ចូល​គ្មាន​អ្នកទទួល​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close