គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​អំពាវនាវ​ឲ្យ​រួមគ្នា​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក​

ដើម្បី​បង្ការ​ ​និង​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក​ ​អកអំបុក​ ​បណ្តែត​ប្រទីប​ ​និង​សំពះព្រះខែ​ ​ដែល​នឹង​ប្រព្រឹត្តទៅ​ពី​ថ្ងៃទី២១​ ​ដល់​ថ្ងៃទី២៣​ ​ខែវិច្ឆិកា​ ​ឆ្នាំ២០១៨​ ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​បាន​ធ្វើការ​អំពាវនាវ​ដល់​សាធារណជន​ជា​អ្នកប្រើ​ប្រាស់​ផ្លូវ​នូវ​វិធានការ​ចំនួន១០ចំណុច​។​

​ក្នុង​នោះ​ ​១​-​ត្រូវ​ពាក់មួក​សុវត្ថិភាព​ជានិច្ច​ ​ក្នុង​ពេល​ធ្វើដំណើរ​តាម​ទោចក្រយាន​យន្ត​,​ ​២​-​មិន​ត្រូវ​បើកបរ​លើស​ល្បឿន​កំណត់​ជាដាច់ខាត​,​ ​៣​-​មិន​ត្រូវ​បើកបរ​ក្រោម​ឥទ្ធិពល​ ​នៃ​គ្រឿងស្រវឹង​ជាដាច់ខាត​,​ ​៤​-​ត្រូវ​គោរព​សិទ្ធិអាទិភាព​ ​គោរព​សញ្ញា​ចរាចរណ៍​ ​និង​ប្រកាន់​ស្តាំ​ជានិច្ច​,​ ​៥​-​ត្រូវ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​ជានិច្ច​ ​ក្នុង​ពេល​ធ្វើដំណើរ​តាម​រថយន្ត​,​ ​៦​-​មិន​ត្រូវ​បត់​ ​ឬ​វ៉ា​ជែង​ក្នុង​ភាព​ប្រថុយប្រថាន​ ​ឬ​ប្រើ​ទូរស័ព្ទ​ដោយ​គ្មាន​ឧបករណ៍​សំឡេង​ភ្ជាប់​ទំនាក់ទំនង​,​ ​៧​-​ត្រូវ​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ជានិច្ច​ ​ពិសេស​ត្រូវ​ត្រួតពិនិត្យ​កង់​ ​ចង្កូត​ ​ហ្រ្វាំង​ ​ភ្លើងបំភ្លឺ​។​ល​។​ ​៨​-​សូមកុំ​ផ្ទុក​អ្នកដំណើរ​ ​ឬ​ទំនិញ​លើស​ច្បាប់កំណត់​ ​ចំពោះ​រថយន្ត​ដឹក​អ្នកដំណើរ​ ​ឬ​ដឹក​កម្មករ​ ​មិន​ត្រូវ​ផ្ទុក​អ្នកដំណើរ​ ​ឬកម្ម​ករ​លើដំបូល​ ​និង​សូម​មេត្តា​កុំ​ដំឡើងថ្លៃ​ធ្វើដំណើរ​ក្នុង​ឱកាស​នេះ​,​ ​៩​-​មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ងងុយដេក​ជាដាច់ខាត​ ​និង​ ​១០​-​ត្រូវ​បើកបរ​ក្នុងស្មារតី​ប្រុងប្រយ័ត្ន​ជានិច្ច​ ​ប្រកបដោយ​សីលធម៌​យោគយល់​អាធ្យាស្រ័យ​។​

ជាមួយគ្នា​នេះ​ ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ ​ក៏បាន​សម្តែង​នូវ​ក្តី​សង្ឃឹម​ជឿជាក់​ថា​ ​អ្នកប្រើ​ប្រាស់​ផ្លូវ​គ្រប់រូប​នឹង​ចូលរួម​គោរព​អនុវត្ត​ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក​ ​ក៏ដូចជា​អនុវត្ត​តាម​សេចក្តី​អំពាវនាវ​នេះ​ ​ដើម្បី​នាំមក​នូវ​សុវត្ថិភាព​ ​និង​សេចក្តី​សុខ​ ​ក្នុង​ឱកាស​ពិធីបុណ្យ​អុំទូក​ ​អកអំបុក​ ​បណ្តែត​ប្រទីប​ ​និង​សំពះព្រះខែ​ខាងមុខ​។​

យោង​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យដឹង​ថា​ ​ក្នុង​ត្រីមាស​ទី៣​ ​ឆ្នាំ២០១៨នេះ​ ​មាន​អ្នក​ជិះ​ទោចក្រយាន​យន្ត​ចំនួន៨១ភាគរយ​ ​ដែល​ភាគច្រើន​ជា​យុវវ័យ​ ​បាន​ក្លាយជា​ជនរងគ្រោះ​ថ្នាក់​ចរាចរណ៍​ផ្លូវគោក​ ​ហើយ​ក្នុងចំណោម​ជនរងគ្រោះ​ទាំងនោះ​ ​មាន​ចំនួន៧៧ភាគរយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ក្នុង​ពេល​គ្រោះថ្នាក់​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close