សម្តេចតេជោបញ្ជាក់ថា សម្តេចមិនត្រូវការឲ្យបរទេសមកច្បាំងគ្នានៅលើទឹកដីកម្ពុជាឡើយ
ក្រោយពីមានសារព័ត៌មានបរទេសមួយបានចុះផ្សាយថា កម្ពុជាកំពុងក្លាយទៅជាដែនអាណានិគមនិយមរបស់ប្រទេសចិន ពោលគឺប្រទេសចិនកំពុងសាងសង់មូលដ្ឋាននាវាមួយ នៅក្នុងខេត្តកោះកុងនោះ, នៅព្រឹកមិញនេះ មុននឹងបើកសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា សម្ដេចមិនត្រូវការឲ្យបរទេសមកច្បាំងគ្នានៅលើទឹកដីកម្ពុជាដូចកាលពីអតីតកាលទេ ក៏ដូចជាមិនត្រូវការឲ្យកម្ពុជាក្លាយជាទីលានសាកល្បងមនោគមន៍វិជ្ជា ឬអាវុធឡើយ ។
សម្ដេចនាយករដ្ឋមន្រ្តីបានលើកឡើងថា ”តើកម្ពុជាមានការចាំបាច់រំលោភរដ្ឋធម្មនុញ្ញខ្លួន អនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសលើទឹកដីកម្ពុជាឬទេ ? តើកម្ពុជាត្រូវការកងទ័ពបរទេស ដើម្បីច្បាំងជាមួយអ្នកណា? ហើយខ្ញុំមិនត្រូវការឲ្យបរទេសមកច្បាំងគ្នានៅលើទឹកដីកម្ពុជាដូចកាលពីអតីតកាលទេ ក៏ដូចជាមិនត្រូវការឲ្យកម្ពុជាជាទីលានសាកល្បងមនោគមន៍វិជ្ជា ឬអាវុធឡើយ។ យើងចង់ចងមិត្តជាមួយគ្រប់ប្រទេសលើសកលលោក។ កងទ័ពកម្ពុជាដាច់ខាតមិនចូលរួមក្នុងកិច្ចប្រតិបត្តិការយោធាជាមួយប្រទេសណាទាំងអស់ លើកលែងតែក្រោមឆត្ររបស់អង្គការសហប្រជាជាតិ”។
គួររម្លឹកថា កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ២០១៨ សារព័ត៌មាន Asia Times បានផ្សាយជាភាសាអង់គ្លេសថា កម្ពុជាកំពុងក្លាយទៅជាដែនអាណានិគមនិយមរបស់ប្រទេសចិន។ ប្រទេសជិតខាងកម្ពុជា និងសហរដ្ឋអាមេរិក កំពុងតែបារម្ភពីការសាងសង់មូលដ្ឋាននាវាមួយ នៅក្នុងខេត្តកោះកុង ដែលទីនោះ រាជរដ្ឋាភិបាលកម្ពុជា បានផ្តល់សម្បទានដីធ្លី ទំហំ ៤៥០០០ ហិកតា រយៈពេល៩៩ឆ្នាំឲ្យទៅចិន។
ឆ្លើយតបនឹងការចុះផ្សាយនេះ ក្រសួងការពារជាតិកម្ពុជា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចេញសេចក្ដីថ្លែងការណ៍ដោយច្រានចោលការលើកឡើងរបស់សារព័ត៌មាន Asia Times នោះ។ ក្នុងលិខិតដដែល ឯកឧត្តម ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ករណីសារព័ត៌មាន Asia Times ចុះផ្សាយខាងលើ គឺជាព័ត៌មានមិនពិត គ្មានមូលដ្ឋាន គ្មានប្រភពច្បាស់លាស់។
យោងតាមរដ្ឋធម្មនុញ្ញ មាត្រា ៥៣ថ្មី ចែងថា ”ព្រះរាជាណាចក្រកម្ពុជាមិនអនុញ្ញាតឲ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ហើយក៏មានអនុញ្ញាតឲ្យមានមូលដ្ឋានយោធារបស់ខ្លួននៅបរទេសដែរ លើកលែងតែក្នុងក្របខណ្ឌនៃសំណូមពររបស់អង្គការសហប្រជាជាតិ”៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។