អនុញ្ញាត្តិ ឲ្យអ្នកកាសែត CNN ចូលសេតវិមានដូចដើម តែត្រូវ គោរព បទបញ្ញាត្តិដែលដាក់ចេញ

ក្រោយពេលមានរឿងរ៉ាវ រវាងអ្នកសារព័ត៌មាន របស់បណ្តាញព័ត៌មាន លំដាប់ពិភពលោក CNN ជាមួយនឹង មន្ត្រីជាន់ខ្ពស់នៅសេតវិមាន រួមទាំងប្រធានាធិបតីដូណាលត្រាំ ផងដែរ ពេលនេះសេតវិមានបានចេញបទបញ្ញាត្តិ «វិន័យ»ដើម្បីរក្សាសណ្តាប់ធ្នាប់នឹងផ្តល់តម្លៃថ្លៃថ្នូរដល់ប្រធានាធិបតី បើទោះបីសេរីភាពសារព័ត៌មាន មាននៅក្នុងច្បាប់រដ្ឋធម្មនុញ្ញអាមេរិកក្តី។

ការសម្រេចខាងលើ កើតឡើង ក្រោយពេលដែលបណ្តាញព័ត៌មាន CNN បានប្តឹងមន្ត្រីសេតវិមាន ហើយតុលាការក៏បានសម្រេច ឲ្យសេតវិមាន សម្រួលដល់អ្នកសារព័ត៌មាន CNN ចូលទៅយកព័ត៌មានដូចដើមវិញ ។

នៅថ្ងៃ១៩ខែវិច្ឆិកា សេតវិមាន បានសម្រេចអនុញ្ញាតឲ្យអ្នកសារព័ត៌មានរបស់ស្ថានីយ៍ទូរទស្សន៍ CNN លោក ជីម អាកូស្តា (Jim Acosta) ចូលយកព័ត៌មានដូចដើមវិញហើយ ប៉ុន្តែក៏មានការដាក់ចេញនូវបទវិន័យមួយចំនួនសម្រាប់អ្នកកាសែតដែលចូលរួមក្នុងសន្និសីទសារព័ត៌មាន នៅឯសេតវិមានផងដែរ។

អ្នកនាំពាក្យសេតវិមានលោកស្រី សារ៉ាហ៍ សេនដឺស៍ (Sarah Sanders) បានឲ្យដឹងថា ប័ណ្ណចូលយកព័ត៌មាននៅឯសេតវិមានរបស់លោក Acosta ដែលត្រូវបានដកហូត បន្ទាប់មានការកើតមានរឿងចម្រូងចម្រាស អំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នោះត្រូវបានប្រគល់ឲ្យអ្នកកាសែតរូបនេះវិញហើយ ប៉ុន្តែចាប់ពីពេលនេះតទៅអ្នកកាសែតទាំងឡាយណា ដែលមិនគោរពតាមបទវិន័យ នៃការចូលរួមសន្និសីទសារព័ត៌មានក៏អាចត្រូវដកហូតប័ណ្ណចូលយកព័ត៌មានដូចគ្នាផងដែរ។

នៅក្រោមបទវិន័យរបស់សេតវិមាន នៅពេលអនុញ្ញាតឲ្យសួរសំណួរ គឺអាចសួរបានតែមួយសំណួរប៉ុណ្ណោះ រួចទុកឲ្យអ្នកកាសែតដទៃទៀតជាអ្នកសួរម្តង។ សំណួរទី ២ ទី ៣ ក៏អាចមានផងដែរ ប្រសិនបើមានការអនុញ្ញាតពីលោកប្រធានាធិបតី។ តាមរយៈការសម្រេចខាងលើរបស់សេតវិមាន ស្ថានីយទូរទស្សន៍ CNN ក៏បានសម្រេចដកពាក្យបណ្តឹង ដែលខ្លួនបានដាក់ចេញវិញដែរ។

គួរជម្រាបថា នៅក្នុងសន្និសីទសារព័ត៌មានថ្ងៃទី០៧ ខែវិច្ឆិកា លោក ត្រាំ បានខឹងសម្បារជាខ្លាំង នៅពេលលោក Acosta ជជីកសួរអំពីរឿងស៊ើបអង្កេតលើករណីរុស្ស៉ី ចូលលូកលាន់កិច្ចការបោះឆ្នោតនៅអាមេរិកឆ្នាំ២០១៦ និងអំពីរឿងលំហូរជនភៀសខ្លួន ដោយលោក ត្រាំ បានប្រាប់ថា «បានហើយឈប់សួរ» ប៉ុន្តែលោក Acosta នៅតែចចេស ខណៈដែលបុគ្គលិកសេតវិមានម្នាក់ ព្យាយាមទាញក្បាលមេក្រូចេញពីអ្នកកាសែត CNN រូបនេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close