ចុង​សប្ដាហ៍​ទី​២ ខែ​នេះ​! កម្ពុជា ទទួលបាន​ភ្ញៀវទេសចរ​ជាង​២៨​ម៉ឺន​នាក់​

​ភ្នំពេញ​៖ នា​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ បានបង្ហាញ​ស្ថិតិ​ប្រចាំ​សប្តាហ៍​ថ្ងៃទី​៩-១០ ខែកក្កដា ឆ្នាំ​២០២២ មាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​ចំនួន​២៨៥,៨០៨​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​២៦៤,៨៨១​នាក់ និង​ភ្ញៀវ​បរទេស​ផ្ទៃក្នុង​
២០,៩២៧​នាក់​។​

​គោលដៅ​ទេសចរណ៍​សំខាន់ៗ រួមមាន​៖
* ខេត្ត​ព្រះសីហនុ ៥៤,៨៩២​នាក់​
* ខេត្តសៀមរាប ៤៤,៥៤០​នាក់​
* ខេត្តបាត់ដំបង ៤៣,៨០៦​នាក់​
* ខេត្តកំពត ២៨,៨៦៨​នាក់​
* រាជធានី​ភ្នំពេញ ១៨,៧៤៣​នាក់​
* ខេត្ត​កែប ១៨,០៦៩​នាក់​
* ខេត្តពោធិ៍សាត់ ៩,៥០៥​នាក់​
* ខេត្តកំពង់ស្ពឺ ៨,៦៦៨​នាក់​។​

​តួលេខ​ខាងលើ មានការ​ថមថយ​ប្រមាណ​៣.៨៩% ធៀប​នឹង​ចុង​សប្តាហ៍​កន្លងមក ស្រប​ពេលដែល​នៅតាម​បណ្តា​រាជធានី​-​ខេត្ត​មាន​ភ្លៀង​ធ្លាក់​ដោយ​កន្លែង និង​ដោយ​អន្លើៗ​។​

​ក្នុងនោះដែរ​ក៏មាន​ប្រជាពលរដ្ឋ​មួយ​
​ចំនួន​បានធ្វើ​ដំណើរ​ទៅកាន់​ទី​វត្ត​អារាម​នានា​ដើម្បី​នាំយក​ទានវស្សា និង​គ្រឿង​ឧបភោគបរិភោគ​ទៅ​ប្រគេន​ព្រះសង្ឃ​សម្រាប់​ប្រើប្រាស់​នាពេល​ចូល​ព្រះវស្សា ដែល​នឹង​ចូលមក​ដល់​ថ្ងៃ​១ រោច ខែអាសាឍ ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២២ សប្តាហ៍​ក្រោយ​។​

​ដោយឡែក ការអនុវត្ត​តាម​អនុសាសន៍​ណែនាំ​របស់​សម្តេច​តេ​ជោ ក្រសួងទេសចរណ៍​បានចេញ​សារាចរ​ណែនាំ​ស្តីពី​ការចូលរួម​កាន់ទុក្ខ​ចំពោះ​មរណភាព​លោក អា​បេ ស៊ីន​ហ្សូ (SHINZO ABE) ដោយ​ណែនាំ​ឱ្យ​អាជីវកម្ម​ខារ៉ាអូខេ ក្លឹប​កម្សាន្ត​រង្គសាល​-​ឌី​ស្កូ​តែ​ក និង​បៀរ​ហ្កា​ឌិន​ផ្អាក​សកម្មភាព​អាជីវកម្ម ហើយ​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ត្រូវ​ផ្អាក​សកម្មភាព​លក់​គ្រឿង​ស្រវឹង​១​ថ្ងៃ នៅ​ថ្ងៃ​១០ ខែកក្កដា ឆ្នាំ​២០២២៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close