ថៃ ត្រូវការកម្មករមកពីក្រៅប្រទេសជាង កន្លះលាននាក់
បាងកក៖ សភាពាណិជ្ជកម្មរបស់ប្រទេសថៃបានឲ្យដឹង នៅថ្ងៃទី១២ កក្កដា ២០២២ថា ថៃត្រូវការកម្មករចំណាកស្រុក ជាងកន្លះលាននាក់ ខណៈដែលសេដ្ឋកិច្ចធំទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះកំពុងតស៊ូជាមួយនឹងការស្ទុះងើបឡើងវិញក្រោយជំងឺរាតត្បាត។
លោក Poj Aramwattananont អនុប្រធានសភាពាណិជ្ជកម្មថៃ បានប្រាប់សន្និសីទសារព័ត៌មានមួយថា តម្រូវការកម្មករមានកម្រិតខ្ពស់ នៅក្នុងវិស័យដែលពឹងផ្អែកលើកម្លាំងពលកម្ម រួមទាំងទំនិញកសិកម្ម និងការកែច្នៃម្ហូបអាហារសម្រាប់ការនាំចេញ សំណង់ និងទេសចរណ៍ និងសេវាកម្ម។
លោកបានថ្លែងថា៖ «សព្វថ្ងៃនេះ កម្មករគឺជាបញ្ហាធំសម្រាប់ជំរុញសេដ្ឋកិច្ចប្រទេសនេះនឹងត្រូវការពលករចំណាកស្រុកសរុបយ៉ាងហោចណាស់ពី ៣ ទៅ ៤ លាននាក់ដើម្បីឲ្យសេដ្ឋកិច្ចដើរទៅមុខ។
លោក Poj បាននិយាយថា ឧបសគ្គក្នុងការជ្រើសរើសពលករចំណាកស្រុករួមមានបញ្ហានៅក្នុងប្រទេសកំណើតរបស់ពួកគេ ដូចជា ភាពចលាចលស៊ីវិលក្នុងប្រទេសមីយ៉ាន់ម៉ា និងការប្រកួតប្រជែងសម្រាប់កម្មករមកពីប្រទេសផ្សេងទៀតដូចជាប្រទេសជប៉ុន និងប្រទេសចិន។
លោកថា ថៃ បច្ចុប្បន្ន មានពលករចំណាកស្រុក ដែលមានឯកសារត្រឹមត្រូវ ២,៥ លាននាក់ មកពីបណ្តាប្រទេសជិតខាង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។