ឈើមូល និងឈើអារត្រូវគេដឹកចេញពីតំបន់ជួរភ្នំក្រវាញយ៉ាងគគ្រឹកគគ្រឹង ខណៈក្រុមអ្នកអភិរក្សបានត្រឹមស្ងាត់ស្ងៀម
(ពោធិ៍សាត់) ៖ បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ជារៀងរាល់ថ្ងៃ មិនថាយប់ ឬថ្ងៃនោះទេ ឈើអារ ឬឈើហុប ត្រូវគេដឹកជញ្ជូនចេញពីព្រៃនៅក្នុងដែនការពារភ្នំក្រវាញ យកទៅលើឲ្យក្រុមឈ្មួញដែលឈរចាំទិញ ខណៈអង្គការចំនួន២ដែលគេដឹងថា គឺជាក្រុមអ្នកអភិរក្សព្រៃឈើបានត្រឹមសំងំស្ងាត់ស្ងៀម។
សេចក្តីរាយការណ៍បញ្ជាក់ថា អនុផលព្រៃឈើដែលពលរដ្ឋកាប់ក្រោមការបញ្ជារបស់ក្រុមឈ្មួញនោះ មានមុខកាត់ចាប់ពី២តឹក ហើយប្រវែងចាប់ពី៥ ទៅ៦ម៉ែត្រ ត្រូវគេដឹកតាមគោយន្ត និងម៉ូតូ ឆ្លងកាត់ក្បែរទីស្នាក់ការអង្គការវ៉ាយអេត និងអង្គការស៊ីអាយ ដែលមានស្នាក់ការនៅភូមិរវាង ឃុំសំរោង ស្រុកភ្នំក្រវាញ ដោយពុំមានបញ្ហាអ្វីនោះទេ។
បើតាមប្រជាពលរដ្ឋរស់នៅក្នុងតំបន់នោះថា ចាប់តាំងពីអង្គការវាយអេត និងអង្គការស៊ីអាយ បានមកតាំងស្នាក់ការនៅតំបន់នេះមក គឺមានការតឹងរឹងជាខ្លាំង ដោយសូម្បីតែប្រជាពលរដ្ឋចូលទៅរកផលអនុផលព្រៃឈើក៏មិនបានផង ប៉ុន្តែពេលនេះស្រាប់តែមានការដឹកជញ្ជូនឈើយ៉ាងគគ្រឹកគគ្រេង ប៉ុន្តែអង្គការទាំងពីរនេះ ហាក់ដូចជាគ្មានសកម្មភាពអ្វីសោះ ហើយក្រុមអ្នកដឹកជញ្ជូនឈើទាំងនោះថែមទាំងដឹកឆ្លងកាត់ទីប្រជុំជនដោយគ្មានខ្លាចសមត្ថកិច្ចថែមទៀតផង។
ចំពោះករណីនេះ យើងមិនទាន់អាចស្វែងរកការបំភ្លឺពីអង្គការវ៉ាយអេត និងអង្គការស៊ីអាយ ដែលមានស្នាក់ការនៅតំបន់ជួរភ្នំក្រវាញបាននៅឡើយទេនៅថ្ងៃនេះ៕
ដោយ៖ ជា រ៉ានី
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។