បង្ក្រាបទីតាំងផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ១១នាក់ រឹបអូសសារធាតុញៀនជាង ១,៨០តោន និងសារធាតុគីមីជាង ២៧៦តោន
ចាប់ពីថ្ងៃទី ០៤ដល់០៩ ខែកក្កដា ឆ្នាំ២០២២ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១) សហការជាមួយកម្លាំងជំនាញគយប្រចាំការនៅកំពង់អន្តរជាតិភ្នំពេញ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល បានចុះបង្ក្រាបទីតាំងផលិតគ្រឿងញៀន ចាប់ខ្លួនជនជាតិចិន ១១នាក់ រឹបអូសសារធាតុញៀនជាង ១,៨០តោន និងសារធាតុគីមីជាង ២៧៦តោន។
សូមបញ្ជាក់ថា សមត្ថកិច្ចជំនាញ បានបើកការស៊ើបអង្កេតអស់រយៈពេលជាង៣ខែ លុះដល់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ បានបើកកិច្ចប្រតិបត្តិការបង្ក្រាបក្រុមឧក្រិដ្ឋជន កែច្នៃផលិតដោយខុសច្បាប់នូវសារធាតុញៀន និងរក្សាទុកដោយខុសច្បាប់នូវសារធាតុគីមីផ្សំ ចំនួន ១២គោលដៅផ្សេងៗគ្នា ជាបន្តបន្ទាប់ នៅរាជធានីភ្នំពេញ ០៧គោលដៅ ខេត្តស្វាយរៀង០២គោដៅ ខេត្តព្រៃវែង០១គោលដៅ ខេត្តកណ្តាល០២គោលដៅ ក្នុងនោះមានទីតាំងកែច្នៃ ផលិត១ទីតាំង និងស្តុកទុកចំនួន ៦ទីតាំង រួមមាន៖
-ទីតាំងទី១: នៅចំណុច ផ្លូវលំ ភូមិព្រៃងៀង សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃ្លាំងស្តុកសារធាតុគីមី)។
-ទីតាំងទី២: នៅភូមិមនោរម្យ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(ឃ្លាំងស្តុកសារធាតុគីមី)។
-ទីតាំងទី៣: នៅចំណុច ភូមិធ្មល់ សង្កាត់ចេក ក្រុងស្វាយរៀង ខេត្ត
ស្វាយរៀង(ឃ្លាំងស្តុករសាធាតុញៀនកេតាមីន)។
-ទីតាំងទី៤: នៅចំណុច ភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយ
រៀង(រោងចក្រកែច្នៃ ផលិត កេតាមីន)។
-ទីតាំងទី៥: នៅចំណុច ផ្លូវក្លោងទ្វាវត្តដឹកដា ស្ថិតក្នុងភូមិស្ទឹងស្លោត ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែង(ឃ្លាំងស្តុកសារធាតុគីមី)។
ទីតាំងទី៦: នៅចំណុច ផ្លូវបេតុង ស្ថិតក្នុងភូមិកំបូល សង្កាត់កំបូល រាជធានីភ្នំពេញ(ឃ្លាំងស្តុកសារធាតុគីមី)។
-ទីតាំងទី៧: នៅចំណុច កំពង់ផែស្ងួតរាជធានីភ្នំពេញ ស្ថិតក្នុងភូមិកណ្តាលលើ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្តាល(កុងទឺន័រ ផ្ទុកសារធាតុគីមី)៕
ជាលទ្ធផល បានឃាត់ខ្លួនជនសង្ស័យចំនួន ១១នាក់ គឺឈ្មោះ WU YI LIN ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិចិន តៃវ៉ាន់, ឈ្មោះ JI ZHONG JUN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិចិន, ឈ្មោះ WANG CHUAN QIAO ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិចិន, ឈ្មោះ LI BIN YANG ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន, ឈ្មោះ CAI FENG FENG ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិចិន, ឈ្មោះ WANG PING ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិចិន, ឈ្មោះ WANG XUN HUI ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិចិន, ឈ្មោះ CAI LIANG ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិចិន, ឈ្មោះ XU JIAN ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិចិន, ឈ្មោះ LUO GUANG HUI ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន
និងឈ្មោះ LI WEN SHUO ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិចិន។
វត្ថុតាងចាប់យកសរុប៖ របាយសារធាតុញៀនកេតាមីនចំនួន ១តោន ៨២៧ គ.ក្រ ៩៥២ក្រាម, សារធាតុគីមី និងគីមីផ្សំចំនួន ២៧៦តោន ៧៤៩គ.ក្រ, ឧបករណ៍ សម្ភារ: គ្រឿងបន្លាស់សម្រាប់ កែច្នៃ ផលិត គ្រឿងញៀនមួយចំនួនធំ, កេតាមីន ទម្ងន់សុទ្ធ២១៨.៦២ក្រាម, រថយន្ត ០៨គ្រឿង, ម៉ូតូ ០៣គ្រឿង, ទូរស័ព្ទដៃ ១៩គ្រឿង, អចលនទ្រព្យ ចំនួន ០៧កន្លែង (ខុនដូរ០២, ឃ្លាំង០៤ , រោងចក្រផលិត ០១, ផ្ទះវីឡា០១)។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។