កំពង់ទឹក​របស់​ស្ពាន​ហាល នៃ​ស្រះស្រង់​បានបញ្ចប់​ការជួសជុល​

​គម្រោង​ជួសជុល​កំពង់ទឹក​រប​ស់​ស្ពាន​ហាល​ស្រះស្រង់​ផ្នែក​ខាងត្បូង ទទួលបន្ទុក​ដោយ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​បង្ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​បានចាប់ផ្តើម​តាំងពី​ខែមករា ដើមឆ្នាំ​២០២២ ប្រើ​រយៈពេល​៧​ខែ បានបញ្ចប់​រួចរាល់​ជា​ស្ថាពរ​នៅ​ខែកក្កដា ឆ្នាំ​២០២២​នេះ​។

​លោក ក្រឹម គ្រួ​ន អ្នកគ្រប់គ្រង​ការដ្ឋាន​ជួសជុល​មានប្រសាសន៍ថា ការងារ​ជួសជុល​ស្ពាន​ហាល​របស់​កំពង់ទឹក​នេះ គឺ​ដើម្បី​ពង្រឹង​រចនា​សម្ពន្ធ​រប​ស់​កំពង់ទឹក​ស្ពាន​ហាល​ឱ្យមាន​រូបរាង​ដើម និង​រឹងមាំ​ឡើងវិញ​។ លោក ក្រឹម គ្រួ​ន បានបញ្ជាក់​ពី​មូលហេតុ ដែល​ធ្វើឱ្យ​រចនា​សម្ពន្ធ​សំណង់​កំពង់ទឹក​របស់​ស្ពាន​ហាល​នៃ​ស្រះស្រង់ ផ្នែក​ខាងត្បូង​រង​នូវ​ការខូចខាត ដោយសារ​អាយុកាល​នៃ​សំណង់ ការ​ពុកផុយ​នៃ​ស្រទាប់​ថ្មបាយក្រៀម​ខាងក្រោម ឫស​ឈើ​ចាក់​ជ្រែក​ទៅក្នុង​ថ្ម​ធ្វើឱ្យ​ថ្ម​រំកិល​ខុសពី​ទីតាំង​ដើម​។

​លោក ក្រឹម គ្រួ​ន បន្តទៀតថា ការងារ​ជំហាន​ដំបូង​ក្រុមការងារ​ធ្វើ​សម្រង់​ប្លង់ និង​ការ​រើ​ថ្ម លាង​សម្អាត ចុះបញ្ជី​ថ្ម និង​ជួសជុល​ថ្ម ព្រមទាំង​ធ្វើ​កំណាយ​បុរាណវិទ្យា​ដើម្បី​សិក្សា​ពី​ស្ថានភាព​គ្រឹះ​។ ក្រោយពី​ពង្រឹង​គ្រឹះ​ដោយ​ប្រើ​វិធីសាស្ត្រ​បុរាណ​ឡើងវិញ​រួចរាល់ អ្នកជំនាញ​បានរៀបចំ​ផ្គុំ​ថ្មបាយក្រៀម និង​ថ្មភក់​ទៅតាម​លំនាំ​ដើម ដោយ​បន្ថែម​ថ្ម​ថ្មី​ក្នុង​ចំនួន​តិច​បំផុត ហើយ​ក្រុមការងារ​បាន​បិទ​ភ្ជិត​មុខដំណរ​ថ្ម​ដើម្បី​ការពារ​ជម្រាប​ទឹក ជៀសវាង​ការខូចខាត​គ្រឹះ​បន្តទៀត​។ លោក ក្រឹម គ្រួ​ន បញ្ជាក់ថា កំពង់ទឹក​នេះ ធ្លាប់បាន​ជួសជុល​កាលពី​សម័យ​បារាំង​រួច​ម្តងមកហើយ ដោយ​ការរៀប​ថ្ម ចាក់​បេតុង ចាក់​ល្បាយ​ដី​ពង្រឹង​គ្រឹះ​ឡើងវិញ ប៉ុន្តែ​ដោយ​កត្តា​អាយុកាល និង​ធម្មជាតិ ទឹកភ្លៀង​បាន​ហូរ​ច្រោះ​គ្រឹះ​បណ្តាល​បាក់ស្រុត​តាម​កន្លែង​ផ្សេងៗ​ជា​អន្លើរ​។​

​ក្រោយពី​អាជ្ញាធរ​ជាតិ​អប្សរា បញ្ចប់​ការជួសជុល​កំពង់ទឹក​ផ្នែក​ខាងត្បូង​នេះ​រួចរាល់ រក្សាបាន​នូវ​ភាពរឹងមាំ​ស្ថិតនៅ​គង់វង្ស​យូរអង្វែង បាន​ដល់​កូនចៅ​ខ្មែរ​ជំនាន់​ក្រោយ​ជា​បន្តទៀត និង​លើកកម្ពស់​សោភ័ណភាព​របស់​ស្ពាន​ហាល​នេះ កាន់​តែមាន​ភាពស្រស់ស្អាត​ទ្វេ​ឡើង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close