ស្រីលង្កា ប្រកាស​ដាក់​ប្រទេស​ក្នុង​ភាពអាសន្ន ក្រោយ​ប្រធានាធិបតី​រត់គេចខ្លួន​

​កូឡុំបូ​៖ ប្រទេស​ស្រីលង្កា​បានប្រកាស​ដាក់​ប្រទេស ក្នុង​ភាពអាសន្ន នៅ​ថ្ងៃទី​១៣ កក្កដា ២០២២ ខណៈដែល​មនុស្ស​រាប់ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី បន្ទាប់ពី​ប្រធានាធិបតី​របស់​ប្រទេស​នេះ​បាន​ភៀសខ្លួន​ទៅកាន់​ប្រទេស​ម៉ា​ល់​ឌី​វ បន្ទាប់ពី​មានការ​តវ៉ា​ជាច្រើន​ខែ​ប្រឆាំងនឹង​វិបត្តិ​សេដ្ឋកិច្ច​។​

​ប្រធានាធិបតី​នៃ​ប្រទេស ស្រី លង្កា លោក Gotabaya Rajapaksa ត្រូវបាន​គេ​ដឹងថា បាន​ចាក​ចេញពី​ប្រទេស ទៅកាន់​ប្រទេស ជា​កោះ ម៉ា​ល់​ឌី​វ នា​ព្រឹក​ព្រលឹម ថ្ងៃ​ពុធ​នេះ ក្នុង​បុព្វ​ហេតុដែល​ទំនងជា​ការចុះ​ចេញពី​តំណែង​របស់លោក ក្រោយ​ផ្ទុះ​បាតុកម្ម​ប្រឆាំងនឹង​វិបត្តិ​សេដ្ឋកិច្ច​ដ៏​អាក្រក់​បំផុត ក្នុងប្រទេស​ដែន​កោះ​មួយ​នេះ​។ ប្រភព​អន្តោប្រវេសន៍​បាន​ប្រាប់ AFP ថា លោក Gotabaya Rajapaksa និង ប្រពន្ធ​របស់លោក ព្រមទាំង​អង្គរក្ស​ម្នាក់​ស្ថិត​ក្នុងចំណោម​អ្នកដំណើរ​បួន​នាក់ នៅលើ​យន្តហោះ​យោធា Antonov-32 ដែល​បាន​ហោះ​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​សំខាន់ របស់​ប្រទេស​ស្រីលង្កា​។​

​លោក​ប្រធានាធិបតី វ័យ ៧៣​ឆ្នាំ​រូបនេះ​ធ្លាប់បាន​សន្យា កាលពី​ចុង​សប្តាហ៍​ថា លោក​នឹង​ចុះ​ចេញពី​តំណែង នា​ថ្ងៃ​ពុធ​នេះ ហើយ​ត្រួស​ត្រាយផ្លូវ​ស្អាត​មួយ សម្រាប់​ការផ្ទេរអំណាច​ដោយ​សន្តិ​វិធី​។​

​ប៉ុន្មាន​ម៉ោង​ក្រោយមក ដោយ​មិនមាន​ការប្រកាស​ជា​ផ្លូវការ​ថា លោក Gotabaya នឹង​ចុះ​ចេញពី​តំណែង បាតុករ​រាប់ពាន់នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ការិយាល័យ​នាយករដ្ឋមន្ត្រី Ranil Wickremesinghe ដែល​នឹង​ក្លាយជា​ប្រធានាធិបតី​ស្តីទី​ដោយ​ស្វ័យប្រវត្តិ ក្នុងករណី​មានការ​លាលែង​ពី​តំណែង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close