ចៅក្រម​ស៊ើបអង្កេត​ ​នៃ​សាលា​ក្តី​ខ្មែរក្រហម​ខ្វែងគំនិត​គ្នា​ ​លើ​ការចោទប្រកាន់​ ​មាស​ ​មុត​

ដំណោះស្រាយ​ពីរ​ដាច់ដោយឡែក​ពីគ្នា​នៅក្នុង​សំណុំរឿង​ ​មាស​ ​មុត​ ​ដោយសារ​ខ្វែង​យល់គ្នា​ថា​ ​តើ​ ​មាស​ ​មុត​ ​ត្រូវ​ស្ថិត​ ​ឬក៏​មិន​ត្រូវ​ស្ថិតនៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​(​អ.វ.ត.ក​)​ ​ក្នុងនាម​ជា​មេដឹកនាំ​ជាន់ខ្ពស់​ ​ឬ​ជា​ជន​ម្នាក់​ក្នុងចំណោម​ជន​ទាំងឡាយ​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ចំពោះ​ឧក្រិដ្ឋ​កម្ម​ដែល​បាន​ប្រព្រឹត្ត​នៅក្នុង​រយៈកាល​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ​។

យោង​តាម​សេចក្តី​ប្រកាស​របស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ​ឬ​សាលា​ក្តី​ខ្មែរក្រហម​ឲ្យដឹង​ថា​ ​ករណីនេះ​ ​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​ ​យល់ឃើញ​ថា​ ​មាស​ ​មុត​ ​មិន​ស្ថិតនៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់​ ​អ.វ.ត.ក​ ​ក្នុងនាម​មេដឹកនាំ​ជាន់ខ្ពស់​ ​ឬ​ជា​ជន​ម្នាក់​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត​នោះ​ទេ​ ​ហើយ​លើកលែង​ការចោទប្រកាន់​លើ​ ​មាស​ ​មុត​ ​ដោយសារ​មូលហេតុ​នេះ​។

នៅពេល​ដែល​ឈាន​ដល់​សេចក្តី​សម្រេច​បែបនេះ​ ​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​ ​បាន​ពិចារណា​លើ​កម្រិត​នៃ​ការចូលរួម​របស់​ ​មាស​ ​មុត​ ​និង​ស្ថាន​ទម្ងន់​នៃ​ឧក្រិដ្ឋ​កម្ម​ ​ព្រមទាំង​ក​ត្តា​ផ្សេង​ៗ​ទៀត​ ​ដូចជា​ ​ខ្លឹមសារ​នៃ​ច្បាប់​ ​និង​កិច្ច​ព្រមព្រៀង​ ​អ.វ.ត.ក​ ​ព្រមទាំង​គោលបំណង​នៃ​អ្នក​តាក់តែង​កិច្ច​ព្រមព្រៀង​ ​និង​ច្បាប់​ទាំងនោះ​។

តែ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​យល់ឃើញ​ថា​ ​មាស​ ​មុត​ ​ត្រូវ​ស្ថិតនៅ​ក្នុង​យុត្តាធិការ​បុគ្គល​របស់​ ​អ.វ.ត.ក​ ​ក្នុងនាម​ជា​ជន​ម្នាក់​ក្នុងចំណោម​ជន​ទាំងឡាយ​ដែល​ទទួលខុសត្រូវ​ខ្ពស់​បំផុត​ហើយ​ ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចោទ​បញ្ជូន​គាត់​ទៅ​ជំនុំជម្រះ​ ​ចំពោះ​បទ​ចោទ​នៃ​អំពើ​ប្រល័យ​ពូជសាសន៍​លើ​ជនជាតិ​វៀតណាម​ ​ឧក្រិដ្ឋ​កម្ម​ ​ប្រឆាំង​មនុស្សជាតិ​ ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ ​និង​អំពើ​មនុស្សឃាត​គិតទុកជាមុន​ ​យោង​តាមច្បាប់​កម្ពុជា​។​ ​បទ​ចោទ​ខ្លះ​មិន​អាច​មាន​ភស្តុតាង​បញ្ជាក់​ទេ​នៅក្នុង​អំឡុង​ពេល​ស៊ើបសួរ​ ​ហេតុនេះ​ ​ត្រូវលើ​ក​លែង​បទ​ចោទ​ទាំងនោះ​។

សហ​ចៅក្រម​ស៊ើបអង្កេត​ទាំងពីរ​ ​បាន​ដាក់​ដីកា​ដំណោះស្រាយ​របស់​ខ្លួន​ជា​ភាសាផ្លូវការ​រៀងខ្លួន​ ​ដោយ​សំណៅ​បកប្រែ​ ​នឹង​ដាក់​តាម​ក្រោយ​ឲ្យបាន​ឆាប់​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​ ​ប៉ុន្តែ​សហ​ចៅក្រម​ស៊ើបអង្កេត​ទាំងពីរ​ ​ផ្តល់​ជូន​សេចក្តី​សង្ខេប​នៃ​សំអាង​ហេតុ​រៀងខ្លួន​ទាំង​ជា​ភាសាខ្មែរ​ ​ទាំង​ជា​ភាសាអង់គ្លេស​ ​ដើម្បី​ធានា​ថា​ ​សាធារណជន​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​អំពី​លទ្ធផល​នៃ​សំណុំរឿង​ ​រហូតដល់​ពេល​សំណៅ​បកប្រែ​ទាំងស្រុង​ ​ត្រូវ​បាន​ដាក់​។

សហ​ចៅក្រម​ស៊ើបអង្កេត​ទាំងពីរ​ក៏បាន​ចេញដីកា​សម្រេច​ដាច់ដោយឡែក​ពីគ្នា​លើ​ភាព​អាច​ទទួលយក​ពាក្យសុំ​តាំងខ្លួនជា​ដើម​បណ្តឹ​ងរ​ដ្ឋ​ប្ប​វេណី​។

ខ្លឹមសារ​ទាំងស្រុង​នៃ​ដីកា​ដំណោះស្រាយ​ទាំងពីរ​ជា​សំណៅ​សាធារណៈ​ ​ដោយមាន​ការ​កោស​លុប​ ​អាច​រកបាន​តាមរយៈ​៖

ដីកា​ដំណោះស្រាយ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​ជាតិ​៖https​:​/​/​www.eccc.gov.kh​/​km​/​node​/​40729

ដីកា​ដំណោះស្រាយ​ដោយ​សហ​ចៅក្រម​ស៊ើបអង្កេត​អន្តរជាតិ​៖https​:​/​/​www.eccc.gov.kh​/​en​/​document​/​court​/​closing​-​order​-​case​-​003​-​against​-​meas​-​muth​-​international​-​co​-​investigating​-​judge

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close