ប្រតិភូ​យោធា​ទីក្រុង​ហាណូយ និង​ទីក្រុង​វៀង​ច័ន្ទ​ជួប​សម្ដែង​ការគួរសម​ជាមួយ​រដ្ឋ​បាល​រាជធានី​

ប្រតិភូ​យោធា​មកពី​ប្រទេស​ចំនួន​២ មាន​បញ្ជាការដ្ឋាន​យោធា​ទីក្រុង​ហាណូយ និង​បញ្ជាការដ្ឋាន​យោធា​ទីក្រុង​វៀង​ច័ន្ទ បាន​អញ្ជើញ​ជួប​សម្ដែង​ការគួរសម​ជាមួយ​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ បន្ទាប់ពី​ទីក្រុង​ទាំង​៣ បញ្ចប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៦ រវាង​បញ្ជាការដ្ឋាន​យោធា​ទីក្រុង​របស់​ប្រទេស​ទាំង​៣​។​

​ប្រតិភូ​យោធា​មកពី​បញ្ជាការដ្ឋាន​យោធា​ទីក្រុង​ហាណូយ នៃ​សាធារណៈរដ្ឋ​សង្គមនិយម​វៀតណាម និង​បញ្ជាការដ្ឋាន​យោធា​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ នា​ព្រឹក​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ បាន​អញ្ជើញ​ជួប​សម្ដែង​ការគួរសម​ជាមួយ ឯកឧត្ដម ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ នា​សាលា​រាជធានី​ភ្នំពេញ បន្ទាប់ពី​ទីក្រុង​ទាំង​៣ បញ្ចប់​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៦ វាង​បញ្ជាការដ្ឋាន​យោធា​ប្រទេស​ទាំង​៣ ភ្នំពេញ ហាណូយ វៀង​ច័ន្ទ ដែល​បញ្ជាការដ្ឋាន​កង​ទ័ព​ពិសេស នៃ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​នេះ​។​

​មន្ដ្រី​សាលា​រាជធានី​ភ្នំពេញ​បាន​ប្រាប់​ក្រោយ​ជំនួប​នេះ​ថា កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៦​នេះ ផ្តោតទៅលើ​ការពង្រឹង​ចំណង​សាមគ្គីភាព មិត្ត​ភាពជា​ប្រពៃណី នៃ​ប្រទេស​ទាំង​៣ ប្រជាជន​ទាំង​៣ និង​កងទ័ព​ទាំង​៣​ឱ្យ​កាន់តែ​រឹងមាំ ស្ថេរភាព និង​យូ​អង្វែង​បន្ថែមទៀត​។​

​ឯកឧត្ដម ឃួ​ង ស្រេង បាន​ប្រាប់​ភាគី​ហាណូយ និង​វៀង​ច័ន្ទ​ថា ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេសជិតខាង​ទាំង​៣ គឺមាន​តម្លៃ និង​មាន​ផលប្រយោជន៍​សម្រាប់​ប្រជាជន និង​ប្រទេស​ទាំង​៣ ក្នុង​ការជួយ​គ្នា​ទៅវិញទៅមក ព្រោះ​នៅពេល​យើង​មាន​បញ្ហា គឺ​មានតែ​ប្រទេសជិតខាង​នឹង​ហើយ​ដែល​ជួយ​យើង​មុនគេ​។​

​ឯកឧត្ដម ង្វៀង ថេ​កេ​ត ដែល​បាន​ដឹកនាំ​ប្រតិភូ​យោធា​មកពី​បញ្ជាការដ្ឋាន​យោធា​ទីក្រុង​ហាណូយ​បាន​លើកឡើងថា ភាពសប្បាយ​រីករាយ និង​ការអភិវឌ្ឍន៍​របស់​ប្រជាជន​កម្ពុជា គឺជា​ភាពសប្បាយ​រីករាយ​រប​ស់រ​ដ្ឋ​,​ប្រជាជន និង​កងទ័ព​វៀតណាម​ផងដែរ​។ ឯ​ឧត្ដម​បន្តថា កម្ពុជា​,​វៀតណាម​,​ឡាវ មាន​ភូមិ​ផង​របង​ជាមួយគ្នា​នៅពេល​មាន​បញ្ហា យើង​ត្រូវ រួមគ្នា​ដោះស្រាយ​ដោយ​សន្តិវិធី​។

​ជាមួយគ្នានេះ​លោក​វរសេនីយ៍ឯក ស៊ី ថាក់​វី​សៃ មេបញ្ជាការ បញ្ជាការដ្ឋាន​យោធា​វៀង​ច​ន្ទ័ ក៏បាន​រំលឹក​ឡើងវិញ​ពី​ចំណងមិត្តភាព សាមគ្គីភាព​កម្ពុជា​.​ឡាវ ដែលមាន​វប្បធម៌​ប្រពៃណី​ទំនៀម​ទំលាប់​ស្រដៀង​គ្នា និង​ជា​មិត្ត​ចាស់​របស់​កម្ពុជា ហើយ​បាន​ដោះស្រាយ​បញ្ហា​ប្រឈម វិវាទ​នានា​តាម​បណ្តោយ​ព្រំដែន​ប្រកបដោយ​មិត្តភាព សាមគ្គីភាព និង​មាន​ផលប្រយោជន៍​ទៅវិញទៅមក ដោយ​ស្មើភាព និង​បន្ត​កិច្ចសហប្រតិបត្តិការ​គ្នា​ទាំង​៣​ទីក្រុង ហើយនឹង​ដោះស្រាយ​បញ្ហា​ជាមួយគ្នា​ក្នុង​ក្របខណ្ឌ​សន្តិវិធី ហើយ​បើ​មាន​បញ្ហា​ណាមួយ​កើតឡើង​យើង​រួមគ្នា​ដោះស្រាយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close