ក្រុមឈ្មួញនៅខេត្តកំពង់ស្ពឺ ចាប់ដៃគ្នាជាមួយប្រធានគ្រប់គ្រងស្នាក់ការបរិស្ថានខេត្តពោធិសាត់ កាប់យកឈើនៅស្រុកវាលវែងយ៉ាងគគ្រឹកគគ្រេង​?

(ខេត្តពោធិសាត់)៖ ប្រភពព័ត៌មានច្បាស់ការណ៍បានទម្លាយឱ្យដឹងថា មុខសញ្ញានៃក្រុមបំផ្លាញព្រៃឈើយ៉ាងដុះស្លែមុខដដែលៗ នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅពេលនេះចាប់ផ្តើមសហការជាមួយមន្រ្តីបរិស្ថានខេត្តពោធិសាត់ ដើម្បីឃុបឃិតគ្នាជាប្រព័ន្ធកាប់យកឈើប្រណីត នៅក្នុងស្រុកវាលវែង រួចដឹកចូលមកក្នុងទឹកដីស្រុកឱរ៉ាល់ តាមច្រកអូរត្រាវ និងតាមផ្លូវជាតិលេខ៥ ដោយគ្មានការបង្ក្រាបនោះទេ

ព្រោះឈ្មួញចាយលុយរៀបចំកញ្ចប់ញាត់មាត់បិទភ្នែកមន្ត្រីដែលមានបេសកកម្មបង្រ្កាបបទល្មើសព្រៃឈើ ម្នាក់ៗក្លាយទៅជាអ្នកជួយបើកផ្លូវមើលផ្លូវបិទបាំងអំពើល្មើសនោះយ៉ាងសកម្មចាប់ពីខេត្តពោធិសាត់រហូតមកដល់ខេត្តកំពង់ស្ពឺ។

ប្រភពបានចង្អុលចំៗថា ក្រុមទាំងនោះមានដូចជាក្រុមលោក ប្រាក់ អ៊ីឡេង ប្រធានគ្រប់គ្រងស្នាក់ការបរិស្ថានខេត្តពោធិសាត់ និងក្រុមឈ្មួញមានលោក អុន លោក សុខ លោក ណុប ឌី (មេក្លោងធំ) និងប្អូនប្រុសលោក ជឿង ថេង ជាដើម ហើយក្រុមនេះប្រើរថយន្តជាច្រើនគ្រឿង ដើម្បីដឹកឈើចេញ ដូចស្រមោចមកពីតំបន់វាលវែង ខណៈដែលជំនាញមិនក្រោម១០ស្ថាប័ន ប្រចាំការនៅទីនោះ បានសម្ងំសុខប្រមូលលុយបង់ក្បាលឡាននៅច្រកអូរត្រាវ ដែលជាច្រកចេញបទល្មើសព្រៃឈើដ៏ធំមួយរវាងខេត្តពោធិសាត់ និងខេត្តកំពង់ស្ពឺ។

ប្រភពដដែលបានឱ្យដឹងទៀតថា ឈើដែលគេកាប់ ត្រូវចែកគ្នាដឹកជញ្ជូនជាពីរច្រក មួយចេញពីតំបន់ខាងលើតាមភូមិសាស្ត្រ ខេត្តពោធិសាត់ តាមផ្លូវជាតិលេខ៥ និងមួយច្រកទៀត គឺច្រកអូរត្រាវ ដែលជាច្រកបទល្មើសធំជាងគេ សម្រាប់ឆ្លងកាត់ទឹកដីខេត្តកំពង់ស្ពឺ មុននឹងបន្តចែកចាយទៅតាមគោលដៅផ្សេងទៀត ក្នុងប្រទេស និងប្រទេសវៀតណាម។ បទឧក្រិដ្ឋបំផ្លាញព្រៃឈើជាតិកើតឡើងយ៉ាងគឃ្លើននេះមានការឃុបឃិតរួមដៃពីមន្ត្រីក្បាលខូចមួយក្តាប់តូចដែលឆ្លៀតយកភារកិច្ចធ្វើជាឧបករណ៍ប្រមូលលាភសក្ការៈនិងបក្សពួក​

តាមរយៈការលើកឡើងខាងលើនេះ គេមិនទាន់អាចទាក់ទងសុំការបំភ្លឺពីលោក ប្រាក់ អ៊ីឡេង ប្រធានគ្រប់គ្រងស្នាក់ការបរិស្ថានខេត្តពោធិសាត់ និងលោក ខន សុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាននៅឡើយទេ។

ប៉ុន្តែជាញយៗលោក ខន សុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានយកលេសដោះសារថា ដោយភូមិសាស្ត្រច្រកចេញចូលពីខេត្តពោធិសាត់មានច្រើន ហើយកម្លាំងជំនាញមានកំណត់ ទើបមន្ត្រីរបស់លោកពេលខ្លះក៏ពិបាកក្នុងការបង្ក្រាប ជាពិសេសនៅពេលយប់៕ សហការី

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close