សហគមន៍​តំបន់ការពារធម្មជាតិ​ភូមិ​ទំព័រ ចាប់ផ្តើម​ប្រមូល​ផល ស្ពៃក្តោប និង​ស្ពៃក្រញាញ់​

ប្រជាពលរដ្ឋ នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ភូមិ​ទំព័រ ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​សំ​កុស ភូមិសាស្ត្រ​ភូមិ​ទំព័រ ក្នុង​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ បាន​ដាំ​ស្ពៃក្តោប តាម​គោលការណ៍​ធម្មជាតិ ក្នុង​ចំការ​តូចៗ​ក្បែរ​ផ្ទះ​។ អ្នកស្រី ប៉េ​ន ស៊ី​ថុល និង​ស្វាមី លោក កែវ ពក ជា​សមាជិក​សហគមន៍ និង​បាន​ដាំ​ដំណាំ​ផ្សេងៗ​ជុំវិញ​ផ្ទះ ក្នុងនោះ​មាន​ដំណាំ​ស្ពៃក្តោប និង​ស្ពៃក្រញាញ់​ផងដែរ​។

​គ្រួសារ​អ្នកស្រី ប៉េ​ន ស៊ី​ថុល ចាប់ផ្តើម​ប្រមូល​ផល​ស្ពៃក្តោប​ជា​បណ្តើរៗ នៅក្នុង​ខែសីហា​ឆ្នាំ​២០២២​។ ស្ពៃក្តោប​នៅក្នុង​តំបន់ភ្នំ​ទំព័រ ទទួលបាន​ការបញ្ជាទិញ​ពី​ទីផ្សារ​ជិត​ឆ្ងាយ មាននៅ​រាជធានី​ភ្នំពេញ និង​នៅតាម​ខេត្ត​មួយចំនួន​។ ស្ពៃក្តោប​និង​បន្លែ​ដាំ​តាម​គោលការណ៍​ធម្មជាតិ របស់​សហគមន៍​តំបន់ការពារធម្មជាតិ​ភូមិ​ទំព័រ មាន​រស់ជាតិ​ស្រួយ​ឆ្ងាញ់ ដែល​អ្នក​ធ្លាប់​បរិភោគ បានបង្ហាញ​ការកោតសរសើរ​។​

​លោក រស់ ជ័រ ប្រធាន​នាយកដ្ឋាន​ជីវភាព​សហគមន៍ អគ្គនាយកដ្ឋាន​សហគម​ន៍​មូលដ្ឋាន ក្រសួងបរិស្ថាន​បាន​ឲ្យ​ដឹងថា ការបង្កើត​មុខរបរ តាម​សហគមន៍ រួមចំណែក​លើកកម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាជន និង​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​នៅ​កម្រិត​មូលដ្ឋាន ថែមទាំង​បាន​ចូលរួមចំណែក យ៉ាងសំខាន់​ដល់​ការការពារ​និង​អភិរក្ស​ធនធានធម្មជាតិ​។

​សូមបញ្ជាក់ថា ក្រសួងបរិស្ថាន បាន​គាំទ្រ​លើកកម្ពស់​ការគ្រប់គ្រង និង​ជីវភាព​សហគមន៍ នៅតាម​តំបន់ការពារធម្មជាតិ ដូចជា​ការរៀបចំ​បង្កើត​តំបន់ការពារធម្មជាតិ ការពង្រឹង​សមត្ថភាព​គណៈកម្មការ​និង​សមាជិក​សហគមន៍ ការការពារ​គ្រប់គ្រង​តំបន់ការពារធម្មជាតិ និង​ការលើកកម្ពស់​ជីវភាព​សហគមន៍​ឲ្យ​មាន​ភាពប្រសើរឡើង ផ្តល់​ម៉ាស៊ីន​ចម្រោះ​ទឹកស្អាត​សម្រាប់​បរិភោគ ការផ្តល់​ជា​ពូជ​សត្វ​ច​ញ្ចឹ​ម ការដាំ​ដំណាំ​ផ្សេងៗ ការលើកកម្ពស់​ទេសច​រណ៍​ធម្មជាតិ​ជាដើម ដើម្បី​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ប្រកបដោយ​ចីរភាព​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close