១១ខែ​ឆ្នាំ២០១៨​ ​កម្ពុជា​ទទួល​ចំណូល​ជាង១រយ​លាន​ដុល្លារ​ ​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​អង្គរ​

នៅ​រយៈពេល១១ខែ​ឆ្នាំ២០១៨នេះ​ ​ពោល​គឺ​ចាប់ពី​ខែមករា​ ​ដល់​ខែវិច្ឆិកា​ ​កម្ពុជា​ទទួល​បាន​ចំណូល​ចំនួន​ ​១០៤,៥២៧,៥៣១ដុល្លារ​ ​ពី​ការ​លក់​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ ​ដែល​ចំនួន​នេះ​កើតឡើង៩.២៧ភាគរយ​ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ ​កាលពី​ឆ្នាំ២០១៧​។

យោង​តាម​របាយការណ៍​ផ្លូវការ​របស់​គ្រឹះស្ថាន​អង្គរ​ ​ចេញផ្សាយ​នៅ​ថ្ងៃទី០១​ ​ខែធ្នូ​ ​ឆ្នាំ២០១៨នេះ​បាន​បញ្ជាក់​ថា​ ​នៅ​រយៈពេល១១ខែ​ដូចគ្នា​នេះ​ ​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន​ ​២,៣២៣,១៦៨នាក់​ ​បាន​ទិញ​បណ្ណ​ចូល​ទស្សនា​អង្គរ​ ​កើនឡើង​ ​៦.០៩ភាគរយ​។

បើ​តាម​របាយការណ៍​ ​ចំណូល​ដែល​ទទួល​បាន១០៤លាន​ដុល្លារ​នេះ​ ​រាជរដ្ឋាភិបាល​បាន​ដក​ចំនួន​ ​៤,៦៤៦,៣៣៦ដុល្លារ​ ​ឧបត្ថម្ភ​ចូល​មន្ទីរពេទ្យ​គន្ធបុប្ផា​ ​ដើម្បី​ទ្រទ្រង់​ដំណើរការ​ពិនិត្យ​ ​និង​ព្យាបាល​កុមារ​កម្ពុជា​។

គួរ​បញ្ជាក់​ដែរ​ថា​ ​បណ្ណ​ចូល​ទស្សនា​តំបន់​អង្គរ​ ​ដែល​ត្រូវលក់​ដល់​អ្នកទេសចរ​បរទេស​ត្រូវ​បាន​បែងចែក​ជា៣ប្រភេទ​៖

  • ប្រភេទ​ប័ណ្ណចូល​ទស្សនា១ថ្ងៃ​ ​មានតម្លៃ​ ​៣៧ដុល្លារ​។
  • ប្រភេទ​ប័ណ្ណចូល​ទស្សនា៣ថ្ងៃ​ ​មានតម្លៃ​ ​៦២ដុល្លារ​ ​និង​មាន​សុពលភាព១០ថ្ងៃ​។
  • ប្រភេទ​បណ្ណ​ចូល​ទស្សនា៧ថ្ងៃ​ ​មានតម្លៃ​ ​៧២ដុល្លារ​ ​និង​មាន​សុពលភាព០១ខែ​៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close