រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​៖ កម្ពុជា មាន​ផលិតផល​កសិកម្ម​ដែលមាន​សក្កា​នុព​ល​ជាច្រើន នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​

​ភ្នំពេញ​៖ នៅ​ទីស្តីការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នា​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០២២ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន បានអនុញ្ញាត​ឲ្យ​លោក​សាស្ត្រាចារ្យ Andrew Campbell នាយក​ប្រតិបត្តិ​នៃ​មជ្ឍមណ្ឌល​អូស្ត្រាលី​សម្រាប់​ការស្រាវជ្រាវ​កសិកម្ម​អន្តរជាតិ (ACIAR) និង​ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​។​

​ជា​កិច្ច​ចាប់ផ្តើម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ស្វាគមន៍ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ រវាង​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ និង​មជ្ឍមណ្ឌល​អូស្ត្រាលី សម្រាប់​ការស្រាវជ្រាវ​កសិកម្ម អន្តរជាតិ (ACIAR) ដែល​កន្លងមក ACIAR បានផ្តល់​ជា​គម្រោង​ស្រាវជ្រាវ​លើ​វិស័យ​កសិកម្ម​ជា​ចំនួន​៥៥​គម្រោង ក្នុង​រយៈពេល​ប៉ុន្មាន​ជាង​ពីរ​ទសវត្សរ៍​ចុងក្រោយ​នេះ​។
​ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាប​គណៈប្រតិភូ​ជ្រាបថា កម្ពុ​ជាមាន​ផលិតផល​កសិកម្ម​ដែលមាន​សក្កា​នុព​ល​ជាច្រើន ដែល​ផលិតកម្ម​កសិកម្ម​មួយចំនួន​បាន​ផលិត​ច្រើន​លើស​តម្រូវការ ហើយ​បាន​នាំចេញ​ទៅកាន់​ទីផ្សារ​ក្រៅប្រទេស​ជាពិសេស​ប្រទេសជិតខាង ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៍ដោយ ផលិតផល​កសិកម្ម​មួយចំនួនទៀត​ដែលមាន​សក្តានុពល បែ​ជា​ពុំ​អាច​ផ្គត់ផ្គង់​ក្នុងស្រុក​បាន​គ្រប់គ្រាន់ ដែល​តម្រូវឱ្យ​នាំចូល​ពី​បរទេស​បន្ថែម​។

​ឯកឧត្តម​បន្ថែមទៀតថា ក្រោម​ការដឹកនាំ​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា វិស័យ​កសិកម្ម​មានកា​រ​រីកចម្រើន​ជា​បន្តបន្ទាប់ ជាពិសេស​ពី​ប្រទេស​ដែល​អសន្តិសុខ​ស្បៀង​សម្រាប់​ផ្គត់ផ្គង់​ប្រជាជន​ខ្លួន មកជា​ប្រទេស​ដែល​សល់​អតិរេក​ស្បៀង​ជាង ៦.២​លាន​តោន និង​កំពុង​ជំរុញ​ការកែច្នៃ​វេច​ខ្ចប់​ប្រកបដោយ​គុណភាព និង​សុវត្ថិភាព ដើម្បី​ធ្វើការ​នាំចេញ​។

​ឯកឧត្តម​បាន​បន្តទៀតថា ទោះជា​យ៉ាងនេះ​ក្តី ប៉ុន្តែ​ក៍នូវ​មាន​កង្វះខាត​នៃ​ផលិតផល​មួយចំនួន ជាពិសេស​បន្លែ និង​ជ្រូក​សាច់ ត្រី​នៅតែមាន​តម្រូវការ​នាំចូល​ក្នុង​ក​ម្រិ​ត​តិចតួច​។ ដើម្បី​ដោះស្រាយ​នូវ​តម្រូវការ និង​ការនាំចេញ​ផលិតផល​ស្របតាម​លក្ខខណ្ឌ​តម្រូវ​ទីផ្សារ​ក្រៅប្រទេស ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ពិភាក្សា និង​ស្នើសុំ​កិច្ចសហការ​ជាមួយ​ភាគី​អូស្ត្រាលី​លើ​ចំនុច​មួយចំនួន​ដូចជា​៖ ១. ស្នើ​ពង្រឹង​ការស្រាវជ្រាវ​អភិវឌ្ឍន៍​គ្រាប់ពូជ​ល្អៗ មាន​តម្រូវការ​ខ្ពស់ ហើយ​ដែល​អាច​ធន​នឹង​ការ​បម្រែបម្រួល​អាកាសធាតុ និង​ពង្រឹង និង​កសាង​ធនធានមនុស្ស បន្តទៀត ២. គាំទ្រ​ឱ្យមាន​កិច្ចសហការ​លើ​ការវិនិយោគ​ពី​វិស័យ​ឯកជន​ឱ្យបាន​កាន់តែច្រើន​លើ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​កសិកម្ម​ជាពិសេស​លើ​កែឆ្នៃ​ផលិតផល​កសិកម្ម ៣. គាំទ្រ​គម្រោង​អភិវឌ្ឍន៍​លើ​ចង្វាក់​តម្លៃ​លើ​វិស័យ​កសិកម្ម​។ ជាការ​ឆ្លើយតប ភាគី​អូស្ត្រាលី​បាន​ឯកភាព និង​ពិនិត្យមើល​លទ្ធភាព​នៃ​ការគាំទ្រ​លើ​កិច្ចសហការ​ទាំងនេះ​។

​ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ស្នើឱ្យ ACIAR ពិនិត្យ​លទ្ធភាព​រៀបចំ​តំណាង​ការិយាល័យ ACIAR នៅ​កម្ពុជា ដោយ​ក្រសួងកសិកម្ម​នឹង​គាំទ្រ​ទីតាំង​ការិយាល័យ​តំណាង​នៅ​ក្រសួង​ផ្ទាល់​។ ​ជា​ចុងក្រោយ ឯកឧត្តម​រដ្ឋមន្ត្រី លោក​សាស្ត្រាចារ្យ Andrew Campbell និង​ឯកឧត្តម​ឯកអគ្គរដ្ឋទូត បាន​ឯកភាពគ្នា និង​បាន​វាយតម្លៃ​លើ​កិច្ចពិភាក្សា​ខាងលើនេះ និង​ជំរុញ​ឱ្យ​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា​-​អូស្ត្រាលី កាន់​តែមាន​ចំណងមិត្តភាព និង​កាន់តែ​រឹងមាំ​សម្រាប់​បច្ចុប្បន្ន និង​អនាគត​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close