អ៊ុយក្រែនបញ្ចូនកម្លាំងទាហានទៅធ្វើសមយុទ្ធជិតដែនសមុទ្រ Azov ក្នុងពេលកំពុងតានតឹងជាមួយ រុស្ស៊ី

កម្លាំងទាហានអ៊ុយក្រែន បានចាប់ផ្តើមធ្វើសមយុទ្ធជាទ្រងទ្រាយធំ នៅតាមបណ្តោយឆ្នេរសមុទ្រ Azov ក្នុងពេលដែលប្រទេសនេះកំពុងតែ តានតឹង ជាមួយរុស្ស៊ី ។ នៅក្នុងយុទ្ធសាស្ត្រនៃការធ្វើសមយុទ្ធ តាមឆ្នេរសមុទ្រ Azov មានការវាយស្ទាក់គោលដៅរបស់សត្រូវ នៅលើអាកាស ដែលវាយប្រហារចេញពីដែនសមុទ្រ។

សារព័ត៌មាន Sputnik បានដកស្រងការប្រកាសពីទីបញ្ចាការ កងទ័ពអ៊ុយក្រែន បញ្ចាក់ថា«ប្រព័ន្ធមីស៊ីលការពារដែនអាកាស ស្វ័យប្រវត្តិ ZSU-23-4 Shilka , Strela-10 កាំភ្លើងធំការពារដែនអាកាស ZU-23-2និង មីស៊ីលដាក់លើស្មា ត្រូវបានកម្លាំងទាហានអ៊ុយក្រេន ប្រើប្រាស់នៅក្នុងពេលធ្វើសមយុទ្ធ នៅឆ្នេរសមុទ្រខាងលើ ក្នុងគោលដៅវាយកម្ទេចមីស៊ីលរបស់សត្រូវ »។

តាមការប្រកាសរបស់កម្លាំងទាហានអ៊ុយក្រែន ការធ្វើសមយុទ្ធដើម្បីបង្កើនសម្ថភាពធ្វើសង្គ្រាមវាយប្រហារ ប្រឆាំងនិងយន្តហោះចម្បាំងរបស់សត្រូវ នៅតាមឆ្នេរសមុទ្រ Azov ។ការធ្វើសមយុទ្ធ មានយុទ្ធសាស្ត្រការពារដែនអាកាសរបស់ អ៊ុយក្រែនកើតឡើង ក្រោយពេលដែល រុស្ស៊ីបានសម្រេច បញ្ចូនប្រព័ន្ធមីស៊ីល ដ៏ទំនើបរបស់ខ្លួន S-400ទៅកាន់ព្រំដែនជាប់ប្រទេសអ៊ុយក្រេន ។

ភាពតានតឹងរវាងប្រទេសទាំងពីរកើតឡើង ក្រោយពេល រុស្ស៊ីចាប់នាវាចម្បាំងអ៊ុយក្រែន៣គ្រឿង ដោយចោទប្រកាន់ថាបានចូលដែនសមុទ្រខុសច្បាប់កាលពីថ្ងៃទី២៥ខែវិច្ឆិកា ។ កម្លាំងទាហានអ៊ុយក្រេន ២៤នាក់ត្រូវបានរុស្ស៊ីចាប់ខ្លួន ហើយប្រសិនបើត្រូវបានតុលាការរុស្ស៊ីកាត់ទោសពីបទឈ្លានពានខុសច្បាប់នោះ ក្រុមទាហាន និងនាវឹកទាំងនោះនឹងត្រូវជាប់គុកយ៉ាងតិច៦ឆ្នាំ ។

អំពីផ្លូវច្បាប់ តំបន់សមុទ្រ Azov គឺជាតំបន់សមុទ្ររួម របស់អ៊ុយក្រែន និងរុស្ស៊ី ។ភាគីទាំងពីរចាំបាច់ត្រូវតែធានាដល់សេរីភាពចរាចរណ៍ជើងទឹក របស់ប្រទេសទាំងពីរ រួមទាំងនាវាយោធា។ ចំណែកនាវាប្រទេសទី៣ ដែលចងឆ្លងកាត់ទីនេះគឺត្រូវតែមានការឯកភាព ទាំងអ៊ុយក្រេន និងរុស្ស៊ី ទើប អាចឆ្លងបាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close