ក្រសួងទេសចរណ៍​ ​និង​អាជ្ញាធរ​ខេត្តកោះកុង​ ​ត្រៀម​រួចរាល់​ហើយ​សម្រាប់​បុណ្យ​សមុទ្រ​ចុង​សប្តាហ៍​នេះ​

សម្រាប់​ពិធីបុណ្យ​សមុទ្រ​ដែល​នឹង​ផ្តើម​នៅ​ចុង​សប្តាហ៍​នេះ​ ​ក្រសួងទេសចរណ៍​ ​និង​អាជ្ញាធរ​ខេត្តកោះកុង​ ​បាន​ត្រៀមលក្ខណៈ​រួចរាល់​ហើយ​ ​សម្រាប់​ការ​ប្រារព្ធ​ពិធី​ប្រចាំឆ្នាំ​មួយ​នេះ​ ​ដោយ​ក្នុង​ប្រជាពលរដ្ឋ​ខ្មែរ​ ​ក៏អាច​ឆ្លង​ទៅលេង​ខេត្ត​ត្រា​ត​ប្រទេស​ថៃ​បាន​ដែរ​ ​ដោយ​គ្រាន់តែ​បង្ហាញ​អត្តសញ្ញាណ​ប័ណ្ណ​តែប៉ុណ្ណោះ​។

ក្រោយ​កិច្ចប្រជុំ​ត្រៀម​រៀបចំ​ពិធីបុណ្យ​សមុទ្រ​ ​នៅ​សាលាខេត្ត​កោះកុង​ ​នា​ថ្ងៃទី១០​ ​ខែធ្នូ​ ​ឆ្នាំ២០១៨​ ​ម្សិលមិញ​ ​ឯកឧត្តម​ ​ថោង​ ​ខុន​ ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ​បាន​អះអាង​ថា​ ​ភាគី​កម្ពុជា​ ​និង​ភាគី​ថៃ​បាន​សម្របសម្រួល​ការ​ធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ​ទាំងសងខាង​ ​ក្នុង​ការ​ទៅមក​ទស្សនា​កម្សាន្ត​នៅ​ខេត្តកោះកុង​ ​និង​ខេត្ត​ត្រា​ត​រយៈពេល​បី​ថ្ងៃ​នៃ​ពិធីបុណ្យ​សមុទ្រ​ខាងមុខ​។​ ​ក្នុង​នោះ​ប្រជាពលរដ្ឋ​ដែល​ទៅ​ទស្សនា​ពិធីបុណ្យ​សមុទ្រ​ហើយ​មានបំណង​ចង់ទៅ​លេងកម្សាន្ត​នៅ​ខេត្ត​ត្រា​ត​ ​ប្រទេស​ថៃ​ ​ត្រូវ​យក​មក​ជាមួយ​នូវ​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ​ ​ប័ណ្ណ​សម្គាល់​យានយន្ត​ ​និង​ប័ណ្ណបើកបរ​ ​ហើយ​ប្រសិនបើ​មានកូន​ចៅ​ក្មេង​ៗ​ទៅជាមួយ​ ​ត្រូវ​ដាក់​រូបថត​របស់​ពួកគេ​ទៅជាមួយ​ផង​ ​ដើម្បី​បញ្ជាក់​ជូន​សមត្ថកិច្ច​ប្រចាំ​នៅ​ច្រកព្រំដែន​ចាំយាម​។

ដោយឡែក​លោកជំទាវ​ ​មិថុនា​ ​ភូ​ថង​ ​អភិបាលខេត្ត​កោះកុង​ ​បាន​បញ្ជាក់​ជាមួយគ្នា​នោះ​ដែរ​ថា​ ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​មិន​ចង់បើ​ករ​ថ​យន្ត​របស់​ខ្លួន​ទៅ​ផ្ទាល់​ទេ​ ​ក៏អាច​ផ្ញើរ​ថ​យន្ត​នៅ​វត្ត​ចាំយាម​ ​ក្បែរ​ព្រំដែន​កម្ពុជា​-​ថៃ​បាន​ ​ហើយ​គេ​នឹង​មាន​រថយន្ត​ពី​ខាង​ថៃ​មក​ទទួល​ទៀតផង​។​ ​ក្រៅពី​នេះ​ ​បើ​បងប្អូន​ចង់ទៅ​ស្នាក់​ផ្ទះសំណាក់​ ​ឬ​សណ្ឋាគារ​នៅ​ខ្ល​ងយ៉ៃ​ ​ឬ​ទីរួមខេត្ត​ត្រា​ត​ក៏បាន​ដែរ​ ​ដែល​មានតម្លៃ​សមរម្យ​។​ ​ខេត្ត​បាន​រៀបចំ​បញ្ជរ​ពត៌មាន​នៅ៣ទីតាំង​គឺ​នៅ​៖​ ​១​.​រង្វង់​គល់​ស្ពាន​កោះកុង​ ​២​.​នៅ​វត្ត​ចាំយាម​ ​៣​.​នៅ​ច្រក​ទ្វា​អន្តរជាតិ​ចាំយាម​ ​។

ឯកឧត្តម​រដ្ឋមន្ត្រី​ ​និង​លោកជំទាវ​អភិបាលខេត្ត​ ​បាន​បន្ត​ថា​ ​ចំពោះ​ផ្លូវជាតិ​លេខ៤៨​ ​ដែល​ចេញពី​រង្វង់​មូល​ស្រែអំបិល​ឆ្ពោះទៅ​ខេត្តកោះកុង​ ​ត្រូវ​បាន​ឯកឧត្តម​រដ្ឋមន្ត្រី​បញ្ជាក់​ថា​ ​ក្រុមការងារ​របស់ក្រ​សួង​សាធារណការ​ ​និង​ដឹកជញ្ជូន​ ​និង​ក្រុមការងារ​របស់​កង​វិស្វកម្ម​ ​បានសម្រេច​ការ​ជួសជុល​រួចរាល់​ ​១០០​%​ ​ហើយ​។

ជាមួយនឹងការរំពឹងទុកថា​ ​ពិធីបុណ្យសមុទ្រឆ្នាំនេះនឹងទទួលបានភ្ញៀវទេសចរប្រហែល​ ​យ៉ាងតិច៩ម៉ឺននាក់នោះ​ ​ឯកឧត្តមរដ្ឋមន្ត្រី​ ​ថោង​ ​ខុន​ ​និងលោកជំទាវ​ ​មិថុនា​ ​ភូថង​ ​ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ​ ​និងភ្ញៀវទេសចរទាំងអស់​ ​សូមចូលរួមទស្សនាពិធីបុណ្យសមុទ្រនៅខេត្តកោះកុងនេះឱ្យបានច្រើនកុះករ

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close