ឯកឧត្តម ឌិ​ត ទីណា ចុះ​ពិនិត្យ​ទី​សត្តឃាតដ្ឋាន​ទំនើប​របស់​ក្រុមហ៊ុន CP Cambodia

​កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២២ ឯកឧត្តម ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដំណើរ​ដោយ​ឯកឧត្តម​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ បាន​ចុះ​ពិនិត្យ​រោងចក្រ​ផលិត​ចំណីអាហារ របស់​ក្រុមហ៊ុន CP CAMBODIA ដែលមាន​ទីតាំងនៅ​ឃុំ​ជម្ពូ​វ័​ន្ត ស្រុក ជុំ​គិរី ខេត្តកំពត ក្នុង​គោលបំណង​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​ក្រសួង​ជាមួយ​ការវិនិយោគ​របស់​វិស័យ​ឯកជន លើ​ការពង្រឹង​គុណភាព​ផលិតកម្ម ដើម្បី​ផ្គត់ផ្គង់​សាច់សត្វ​នៅលើ​ទីផ្សារ​តាម​តម្រូវការ​។

​បន្ទាប់ពី​បាន​ចុះ​ទស្សនា និង​ស្តាប់​ការបង្ហាញ​របស់​តំណាង​ក្រុមហ៊ុន CP Cambodia ឯកឧត្តម​រដ្ឋមន្ត្រី បាន​ស្នើឱ្យ​ក្រុមហ៊ុន​នេះ​ផ្សព្វផ្សាយ​ដល់​កសិដ្ឋាន​ចិញ្ចឹម​ជ្រូក និង​មាន់​ទាំងអស់​អំពី​គោលនយោបាយ​អនុគ្រោះ​ថ្លៃ​ភ្លើង​ដែល​រាជរដ្ឋាភិបាល​បានអនុម័ត​សម្រាប់​ការងារ​កសិកម្ម និង​ការប្រើប្រាស់​ភ្លើង​នៅពេល​យប់​។

​ឯកឧត្តម​បាន​បន្ថែមទៀតថា កិច្ចសហការ​រវាង​ក្រុមហ៊ុន និង​សមាគមន៍​អ្នក​ចិញ្ចឹមសត្វ មាន​ភាពចាំបាច់​ណាស់ ដើម្បី​វាយតម្លៃ​ទីផ្សារ និង​រៀបចំ​ផែនការ​ផលិត ទាំង​តម្រូវការ និង​ការផ្គត់ផ្គង់​សាច់សត្វ​នៅលើ​ទីផ្សារ​។ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​ចូលរួម​ពិនិត្យមើល​លើ​ការងារ​នេះ​ឱ្យបាន​ល្អប្រសើរ ជាពិសេស​ក្នុង​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម និង​គុណភាព​នៃ​សាច់សត្វ​។ ក្នុងស្ថានភាព​បច្ចុប្បន្ន ក្រុមហ៊ុន​គួរ​ណែនាំ​ដល់​កសិដ្ឋាន​ដែល​បាន​ចុះកិច្ចសន្យា​ចិញ្ចឹម​ជាមួយគ្នា គួរ​កុំ​ទាន់​ឱ្យ​បង្កើន​រោងចក្រ​ថ្មី ដើម្បី​បញ្ចៀស​ឱ្យបាន​នូវ​ការផ្គត់ផ្គង់​លើស​ស​តម្រូវការ​ទីផ្សារ​។

​ឯកឧត្តម​បានបញ្ជាក់​បន្ថែមទៀតថា ទាក់ទង​ទៅនឹង​សាច់ជ្រូក ដែល​ចេញពី​ទីសត្តឃាត​របស់​ក្រុមហ៊ុន​CP ក្រុមហ៊ុន​គួរតែ​ធ្វើ​ទំនាក់ទំនង​ជាមួយ ផ្សារ​ទំនើប ភោជនីយដ្ឋាន ដើម្បី​ធានា​នូវ​ទីផ្សារ​ផ្គត់ផ្គង់​ដែលមាន​និរន្ដរភាព​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close