ក្រសួងកសិកម្ម ជូនដំណឹង​ដល់​ម្ចាស់​ចម្ការ រោងចក្រ​កែច្នៃ និង​វេច​ខ្ចប់​ម្រេច ដាក់​ស្នើសុំ​ចុះបញ្ជី​ចម្ការ ដើម្បី​នាំចេញ​ម្រេច​ជា​ផ្លូវការ​ទៅ​ចិន​

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៣ ខែធ្នូ ឆ្នាំ​២០២២​នេះ អគ្គនាយកដ្ឋាន​កសិក​ម្ម នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​ជូនដំណឹង​ដល់​ម្ចាស់​ម្ចាស់​ចម្ការ​ម្រេច សហគមន៍​ម្រេច រោងចក្រ​កែច្នៃ និង​វេច​ខ្ចប់​ម្រេច ទាំងអស់ ដែលមាន​បំណង​ផលិត និង​កែច្នៃ​វេច​ខ្ចប់ នាំចេញ​ម្រេច​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន រួសរាន់​ទៅ​ដាក់​ស្នើសុំ​ចុះបញ្ជី​ចម្ការ និង​រោងចក្រ សម្រាប់​នាំចេញ​ម្រេច​ទៅកាន់​ប្រទេស​ចិន នៅ​អគ្គនាយកដ្ឋាន​កសិកម្ម នៃ​ក្រសួងកសិកម្ម​។

​ក្រសួងកសិកម្ម​បានឱ្យ​ដឹងថា បន្ទាប់ពី​ទទួលបាន​នូវ​ពាក្យស្នើសុំ អគ្គនាយកដ្ឋាន​កសិក​ម្ម នឹង​ចាត់​មន្ត្រី​ជំនាញ ចុះ​វាយតម្លៃ​ស្របតាម​និតិ​វិធី​បច្ចេកទេស​ដែល​មានចែង​ក្នុង​ពិធីសារ​។​

​អគ្គនាយកដ្ឋាន​កសិក​ម្ម គ្រោង​នឹង​បញ្ជូន​ឈ្មោះ​ចម្ការ និង​រោងចក្រ​កែច្នៃ និង​វេច​ខ្ចប់​ម្រេច​ទៅ​ភាគី​ចិន នៅ​ដើមខែ​មករា ឆ្នាំ​២០២៣​ខាងមុខ ដើម្បី​ភាគី​ចិន​មក​ពិនិត្យ និង​វាយតម្លៃ​បញ្ចប់​មុននឹង​ឈានដល់​ការនាំចេញ​ម្រេច​ជា​ផ្លូវការ​។​

​សូមជម្រាបថា ពិធីសារ​ស្តីពី​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ សម្រាប់​ការនាំចេញ​ម្រេច​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន ត្រូវបាន​ចុះហត្ថលេខា​ដោយ​ក្រសួងពាណិជ្ជកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ជាមួយ​អគ្គ​រដ្ឋបាល​គយ​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ថ្ងៃ​ទៅ​ទី​០៩ ខែ​វិច្ចិកា ឆ្នាំ​២០២២ កន្លងទៅ​ថ្មីៗ​នេះ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close