ផល​នេសាទ​ដាយ​ត្រី នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល សម្រេចបាន​បរិមាណ​១,៤៨១​តោន កើនឡើង​៤០%

​ភ្នំពេញ​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នៅ​ថ្ងៃទី​០៣ ខែមករា ឆ្នាំ​២០២៣​នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន ស្តីពី​ផល​នេសាទ​ដាយ​ត្រី នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល ចាប់ពី​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០២២ ដល់​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២៣​។

 

​សេចក្ដីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា ផល​នេសាទ​ដាយ​ត្រី​នៅ​រាជធានី​ភ្នំពេញ និង​ខេត្តកណ្តាល នៅក្នុង​ឆ្នាំ​២០២២-២០២៣ គិត​មកដល់​ថ្ងៃនេះ សម្រេចបាន​បរិមាណ​១៤៨១​តោន​។ បរិមាណ​នេះ កើនឡើង​ប្រមាណ ៤០​ភាគរយ បើ​ធៀប​ទៅនឹង​ផល​នេសាទ​ដាយ​ត្រី​នា​រដូវ​នេសាទ​ឆ្នាំ​២០២១-២០២២ ដែល​ទទួលបាន​ចំនួន ៨៩០​តោន​។​

​ប្រភេទ​ត្រី​ដែល​នេសាទ​បាន​ពី​ដាយ​ត្រី ក្នុង​រដូវ​នេសាទ​នេះ​រួមមាន​៖ ត្រី​រៀល ៤៥% ស្លឹក​ឫស្សី ៣០%​ខ្នង​វែង ៥% ត្រីក​ប្រូ​ក ៣% ត្រី​ច្រកែង ២% ត្រី​ល្បាត ៥% និង​ត្រី​ចម្រុះ ១០%​។ ចំណែក​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​មក​ធ្វើ​ប្រហុក ផ្អក ត្រីឆ្អើរ និង​ទឹកត្រី សម្រាប់​ប្រើប្រាស់​ក្នុង​គ្រួសារ និង​លក់​បន្ត មាន​ចំនួន​ប្រមាណ​៨ ០០០​នាក់ ក្នុងនោះ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៩០% មកពី​បណ្តា​ខេត្ត​ផ្សេងៗ​។​

​កំណើន​ត្រី​ដែល​ចាប់បាន​នៅក្នុង​គន្លង​ដាយ​នេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញថា បរិមាណ​ត្រី​ទឹកសាប​នៅក្នុង​ធម្មជាតិ មានការ​កើនឡើង​ជាង​មុន ដែលជា​លទ្ធផល​នៃ​ការទប់ស្កាត់​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​បទល្មើស​ក្នុង​បឹង​ទន្លេសាប ពី​សំណាក់​មន្ត្រីជលផល​និង​កងកម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ​ទាំងអស់​កាលពី​រដូវ​ត្រី​ពង ក្នុងអំឡុង​ឆ្នាំ​២០២២​កន្លងទៅ​។​

​នៅពេលដែល​ផល​ត្រី​កើនឡើង បងប្អូន​ប្រជា​នេសាទ​និង​ប្រជាពលរដ្ឋ​នៅ​សហគមន៍​មូលដ្ឋាន​អាច​រកត្រី​ទទួលទាន​បាន​ងាយ និង​មានតម្លៃ​សមរម្យ ដែលជា​កត្តា​រួមចំណែក​កាត់បន្ថយ​ភាព​ក្រី​ក​និង​ជួយ​លើកកម្ពស់​ជីវភាព​រប​ស់​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​បន្ត​រក​តុល្យភាព​រវាង​អភិរក្ស​និង​អភិវឌ្ឍ មិន​ត្រឹមតែ​នៅ​បឹង​ទន្លេសាប​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​នៅ​ទន្លេមេគង្គ​លើ​ផងដែរ​។ ទន្លេសាប​ជា​កន្លែង​ត្រី​ធំធាត់ រីឯ​ទន្លេមេគង្គ​លើ​ជា​កន្លែង​ត្រី​បន្ត​ពូជ និង​ជា​កន្លែង​សត្វ​ផ្សោត​រស់នៅ​។ ការរក្សា​តំបន់​ទាំងពីរ​នេះ កុំ​ឲ្យ​មានការ​នេសាទ​ហួស​កម្រិត នឹង​នាំមក​នូវ​ភោគផល​តី​ពោរពេញ​ផ្ទៃ​ប្រទេស​។​

​បន្ថែម​ពីលើ​ការទប់ស្កាត់​បទល្មើស​នេសាទ​ពី​សំណាក់​អាជ្ញា​ធរមាន​សមត្ថកិច្ច ក្រសួង​សូម​ស្វាគមន៍ និង​លើកទឹកចិត្ត​ដល់​សហគមន៍​នេសាទ ក៏ដូចជា​បងប្អូន​ប្រជា​នេសាទ​ទាំងអស់ ឲ្យ​គោរព​ច្បាប់​នេសាទ ដើម្បី​រក្សា​ធនធាន​ជលផល ឲ្យ​បានយូរ​អង្វែង​។ ចំណែកឯ​អ្នកប្រព្រឹត្ត​ល្មើស​ត្រូវ​ប្រឈម​នឹង​ទោសទណ្ឌ​ជា​ធរមាន​។​

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ នឹង​បន្ត​អនុវត្ត​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​បទល្មើស​ជាក់ស្តែង និង​បទល្មើស​ទាំងឡាយណា​ដែលមាន​ភស្តុតាង និង​កំណត់​អត្តសញ្ញាណ នៃ​ជន​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close