សម្ដេច​ក្រឡាហោម ស ខេង ជឿជាក់ថា ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ នឹង​បន្ដ​ខិតខំ​ប្រឹងប្រែង ដើម្បីឱ្យ​វិស័យ​កីឡា ក្នុង​ក្រសួងមហាផ្ទៃ​កាន់តែ​រីកចម្រើន​ថែមទៀត​

​ភ្នំពេញ ៖ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​សំណេះសំណាល​ជាមួយ ថ្នាក់ដឹកនាំ ប្រតិភូ ប្រតិភូ​រង គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី នៃ​អគ្គលេខាធិការដ្ឋាន​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ សរុប​ចំនួន ៥០០​នាក់ ដែល​ប្រព្រឹត្តិ​ទៅ​នៅ​សាល​មជ្ឈមណ្ឌល​ជាតិ​ហ្វឹក​ហ្វឹ​ន​កីឡា​កា​រ៉ា​តេ ក្នុង​បរិវេណ​សកលវិទ្យា​ល័យ​ភូមិន្ទ​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០២៣​។​

​ឯកឧត្តម សរ សិទ្ធិ អនុរដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ទទួល​ជួយ​ការងារ​ដឹកនាំ​អគ្គលេខាធិការដ្ឋាន នៃ​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ថ្លែងថា ការចូលរួម​ប្រកួត​របស់​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ ក្នុង​ព្រឹត្តិការណ៍​កីឡា​ថ្នាក់ជាតិ លើក​ទី​១ កាលពី​ឆ្នាំ​២០១៦ ទទួលបាន​មេដាយ​សរុប ៥៣​គ្រឿង (​មាស​២៧ ប្រាក់​១២ និង​សំរឹទ្ធ​១៤), លើក​ទី​២ កាលពី​ឆ្នាំ​២០១៨ ទទួលបាន​មេដាយ​សរុប ១៤៩​គ្រឿង (​មាស​៨៣ ប្រាក់​៤៣ និង​សំរឹទ្ធ​២៣), លើក​ទី​៣ កាលពី​ឆ្នាំ​២០២២ ទទួលបាន​មេដាយ​សរុប ២១១​គ្រឿង (​មាស​១០៣ ប្រាក់​៥៨ និង​សំរឹទ្ធ​៥០)​។ ឯកឧត្តម បន្ដថា លទ្ធផល​នេះ បាន​នាំឱ្យ​ក្រសួងមហាផ្ទៃ ឈរ​នៅ​លំដាប់​ទី​១ ទូទាំងប្រទេស លើ​បណ្ដា​ក្រសួង និង​រាជធានី​-​ខេត្ត ទាំង​២៥​។​

​សម្ដេច​ក្រឡាហោម ស ខេង មានប្រសាសន៍​ជឿជាក់ថា ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ នឹង​បន្ដ​ខិតខំ​ប្រឹងប្រែង ដើម្បីឱ្យ​វិស័យ​កីឡា​ក្នុង​ក្រសួងមហាផ្ទៃ​កាន់តែ​រីកចម្រើន​បន្ថែមទៀត ព្រមទាំង​ចូលរួមចំណែក​លើកស្ទួយ​នូវ​វិស័យ​កីឡា​របស់​ប្រទេស​កម្ពុជា ទាំង​ក្របខណ្ឌ​ជាតិ និង​អន្តរជាតិ ឱ្យ​ទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់​ថែមទៀត ។

​គួរ​បញ្ជាក់ថា នៅ​ឆ្នាំ​១៩៥៩ នា​សម័យ​សង្គមរាស្ត្រនិយម ក្រុមប្រឹក្សា​កីឡា​កង​រាជ​តម្រួត​កម្ពុជា ដែលជា​អង្គការ​កីឡា​ដំបូង នៃ​កងកម្លាំង​នគរបាលជាតិ ត្រូវបាន​បង្កើតឡើង​ដោយ ស្នាម​ព្រះហស្ត ព្រះករុណា​ព្រះបាទ សម្តេចព្រះ​បរម​រតន​កោដ្ឋ នរោត្តម សីហនុ ដែល​ពេលនោះ​ទ្រង់​ក៏​ជា​ព្រះបិតា កីឡា​ជាតិ​ផងដែរ​។

​ស្ថាប័ន​កីឡា​នេះ បាន​ចាប់បដិសន្ធិ និង​កែទម្រង់​ឡើងវិញ​នៅ​ឆ្នាំ​២០១៣ ដោយមាន​ឈ្មោះថា «​សហភាព​កីឡា​នគរបាលជាតិ​កម្ពុ​ជា​» ហើយ​ដំណើរការ​មកដល់​ចុងឆ្នាំ​២០១៩ ទើបត្រូវ​បានធ្វើ​ការកែ​សម្រួល​ជាថ្មី និង​ប្តូរ​ឈ្មោះ​មកជា «​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ​» តាម​អនុក្រឹត្យ​លេខ​៥១ អនក្រ​.​បក គោលបំណង​ក្នុង​ការបង្កើត​ក្រុមប្រឹក្សា​កីឡា​ក្រសួងមហាផ្ទៃ គឺ​ដើម្បី​លើកកម្ពស់​វិស័យ​កីឡា​របស់​កងកម្លាំង​នគរបាលជាតិ និង​រួមគ្នា​អភិវឌ្ឍ​សមត្ថភាព​បច្ចេកទេស ឱ្យមាន​ការរីកចម្រើន និង​ដើម្បី​ធ្វើ​សមាហរណកម្ម​ចូល​ជា​សមាជិក​សហភាព​កីឡា​នគរបាល​អន្តរជាតិ​ផងដែរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close