ប៉ូលិសម្នាក់ទន្ទ្រានយកដីព្រៃសហគមន៍ជិត៣០ហិកតានៅស្រុកបរកែវធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន

ដីព្រៃរបស់ប្រជាសហគមន៍ជនជាតិដើមភាគតិចទំពួន ស្ថិតក្នុងនៅភូមិកប ឃុំទីងចាក ស្រុកបរកែវ ខេត្តរតនគិរី ត្រូវបានប៉ូលីសម្នាក់ដែលគេស្គាល់ថាមានឋានៈជាឯកឧត្តមនៅក្រសួងមួយ កំពុងតែធ្វើសកម្មភាពអាលកាត់ឈើធំៗរុករានទន្ទ្រានព្រៃ ដើម្បីយកដីមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

យោងតាមប្រភពពីអាជ្ញាធរខេត្តរតនគិរីបានឱ្យដឹងថា ដីព្រៃសហគមន៍នោះមានទំហំ២៧ហិកតា ហើយត្រូវបានចុះបញ្ជីជាផ្លូវការរួចរាលជាមួយអង្គការយូណេស្កូUNESCO និងអង្គការការពារខ្មែរលើ កាលពីអំឡុងឆ្នាំ២០០០ជាង។ បន្ទាប់មកអង្គការក៏បានប្រគល់ដីតំបន់នោះឱ្យទៅតំណាងអ្នកភូមិកប ដើម្បីអាស្រ័យផល និងរក្សាការពារទុកជាទ្រព្យសម្បត្ដិរួមប្រចាំភូមិ។ ប៉ុន្តែមកដល់ដើមឆ្នាំ២០២៣ ពោលគឺនៅក្នុងខែមករា ស្រាប់តែលោក ពឿល នើន ជាមេភូមិនោះដែលគេសង្ស័យថាបានឃុបឃិតជាមួយមេឈ្មួញ ញុះញង់ប្រជាសហគមន៍ក្នុងភូមិ ឱ្យព្រមព្រាងគ្នា ធ្វើការលក់ម៉ៅដីព្រៃនោះទៅឱ្យ លោក សាន់ ម៉ក់ ដែលមានចម្ការកៅស៊ូនៅក្បែរនោះ ដើម្បីកាប់រានយកដីធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនដោយមិនស្របច្បាប់ ក្នុងតម្លៃ ៣ម៉ឺនដុល្លារទើប លោកប៉ូលិសរូបនេះហ៊ានកាប់ទន្ទ្រានព្រៃយកដីដោយមិនញញើតច្បាប់នោះឡើយ។

ជុំវិញរឿងរ៉ាវនេះ លោកស្រី វ៉ន ចាន់ថន ជាមេឃុំទីងចាក បានប្រាប់អ្នកយកព័ត៌មានថាពេលដែល លោក ពឿល នើន ដែលជាមេភូមិ បានលក់ដីនោះទៅឱ្យឈ្មោះ សាន់ ម៉ក់ ដែលគេស្គាល់ថា ជាប៉ូលីសមានឋានៈជាឯកឧត្ដមនៅក្រសួងមួយ ព្រមទាំងមានចម្ការកៅស៊ូនៅជាប់នោះផង គឺលោកស្រីមិនបានដឹងរឿងនោះទេ ពោលគឺគេទិញលក់ស្ងាត់ៗ។

លោកស្រីបានបន្តថា ដីទាំង២៧ ហិកតា​ ក្នុងសហគមន៍នោះគេលក់ម៉ៅក្នុងតម្លៃ ៣ ម៉ឺនដុល្លារអាម៉េរិក ហើយលោក សាន់ ម៉ក់ បានកក់លុយមុនចំនួន៥ពាន់ដុល្លាររួចហើយ នៅសល់២៥ ០០០ ដុល្លារទៀត និងប្រគល់ឱ្យទៅសហគមន៍នៅ ខែសីហា ឆ្នាំ២០២៣នេះ។

ទន្ទឹមនឹងនោះ លោក កង សារឿន អភិបាលស្រុកបរកែវ បានឱ្យដឹងថាជុំវិញករណីទិញលក់ដីសហគមន៍ខាងលើលោក ក៏ពុំបានដឹងរឿងនោះដែរដោយសារមេភូមិ និងមេឃុំ មិនបានរាយការណ៍ប្រាប់ទើបលោកមិនបានដឹងទាល់តែសោះ។ ក្រោយពីទទួលបានដំណឹងនេះលោកក៍បានចាត់មន្រ្ដីរដ្ឋបាលព្រៃឈើរួម និងមន្ត្រីសាលាស្រុកម្នាក់ឱ្យចុះទៅពិនិត្យដល់ទីតាំងប៉ុន្ដែមកដល់ពេលនេះមន្ត្រីដែលចុះទៅនោះមិនទាន់បានរាយការណ៍ប្រាប់លោកនៅឡើយទេ។

ដោយឡែង លោក កែវ វុធ នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកអណ្ដូងមាស អូរយ៉ាដាវ និងស្រុកបរកែវ ក៏បានឱ្យដឹងថា ពិតជាមានករណីកាប់ទន្ទ្រានព្រៃឈើយកដីសហគមន៍ភូមិកប មកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនពិតមែន។ ហើយក្នុងករណីនេះ លោកក៏កំពុងស្រាវជ្រាវរកអ្នកដែលជាប់ពាក់ព័ន្ធ ដើម្បីបង្កសំណុំរឿងបញ្ជូនទៅតុលាការ បន្ដចាត់ការតាមច្បាប់ស្ដីពីព្រៃឈើ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close