ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​អាណត្តិ​ទី​៦ លោក ច្រឹ​ក សុខ​នី​ម ប្រាប់ពីតម្លៃ​ដី​តាម​បណ្ដោយ​មហាវិថី​ព្រះ​មុនី​វង្ស

រាជធានីភ្នំពេញ ៖ វិស័យដីធ្លីបច្ចុប្បន្នមានតម្លៃកើនឡើងខ្លាំគួរអោយគត់សំគាល ដូចជានៅតំបន់តាមបណ្ដោយមហាវិថីព្រះមុនីវង្សស្ទើរតែគ្មានដីទំនេរ ព្រោះតំបន់នេះមានសក្ដានុពលអាជីវកម្មខ្លាំងជាងគេ បើធៀបនឹងមហាវិថីនានានៅរាជធានីភ្នំពេញ។

ប៉ុន្តតម្លៃនិង សកម្មភាពទិញលក់មិនសូវមានសន្ទុះ និងមមាញឹកដូចតំបន់ផ្សេងទេ ព្រោះតែវាជាតំបន់ដែលអភិវឌ្ឍន៍រួចទៅហើយ ដូច្នេះតម្លៃដីក៏ឡើងកប់យូរមកហើយដែរ ។

លោកប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាអាណត្តិទី៦ លោក ច្រឹក សុខនីម បានប្រាប់ឲ្យដឹងកាលពីថ្ងៃទី២១ ធ្នូ នេះថា តម្លៃដីដែលស្ថិតនៅតាមបណ្តាផ្លូវ និងមហាវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ ត្រូវបានគេបែងចែកខុសៗគ្នា ហើយចំពោះការទិញលក់ក៏មិនសូវមានសម្មភាពដូចតំបន់ផ្សេងដែរ ព្រោះដីតំបន់នេះគេចាត់ទុកថា ជាតំបន់ដីកម្រ។

លោកបានបន្ដទៀតថា ដីដែលស្ថិតនៅតាមបណ្តាផ្លូវខាងលើនេះគឺត្រូវបានគេគិតតម្លៃជាចំណែកផ្សេងៗពីគ្នា ។ លោកថា ៖« នៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស បើគិតត្រឹមតែពីម្ដុំផ្សារធំថ្មីមកដល់តំបន់ពេទ្យចិន អាចមានតម្លៃចន្លោះពី៥.០០០ទៅ៦.០០០ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយចាប់ពីម្ដុំពេទ្យចិនរហូតដល់ម្ដុំស្តុបបូគោ អាចមានចន្លោះ៤.០០០ទៅ៥.០០០ដុល្លារ ។ ដោយឡែកចាប់ពីចំណុចស្តុបបូគោរហូតដល់ចំណុចក្បាលថ្នល់ អាចនៅចន្លោះប្រមាណ៣.០០០ទៅ៤.០០០ដុល្លារ »។

លោកបញ្ជាក់បន្ថែមថា តម្លៃដីនៅតំបន់នេះក៏អាស្រ័យលើទីតាំង និងទំហំដីផងដែរ ហើយសំខាន់គឺ អ្នកវិនិយោគចង់ទិញ។

ដោយសារតែកំណើនប្រជាសាស្ត្រ និងប្រាក់ចំណូលរបស់ប្រជាជនកាន់តែប្រសើរឡើង ។ ដូចនេះធ្វើអោយវិស័យដីធ្លីនៅតែបន្តកើនឡើង មិនថាបច្ចុប្បន្នក៏ដូចអនាគតនោះទេ។

ដោយសារ ប្រទេសមានសុខសន្ដិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចជាតិបន្ដមានកំណើនរឹងមាំ ដែលជាកត្តាបន្ដទាក់ទាញវិនិយោគិនបរទេសមកបណ្ដាក់ទុនរកស៊ីនៅកម្ពុជា ។

តាមសំដីរនស់ លោក ច្រឹក សុខនីម មើលឃើញថា ៖« ប្រសិនបើកម្ពុជានៅតែអាចរក្សាបាននូវស្ថិរភាពសេដ្ឋកិច្ច និងនយោបាយដូចពេលបច្ចុប្បន្ននេះ សម្រាប់៥-១០ឆ្នាំខាងមុខទៀត តម្លៃដីនៅតែបន្តកើនឡើង ដែលគិតជាមធ្យមអាចក្នុងរង្វង់ជាង១០% ហើយចំពោះដីដែលស្ថិតក្នុងតំបន់ពាណិជ្ជកម្មពិសេស ដូចជាតំបន់ទីប្រជុំជនក្នុងខេត្ត ឬក្នុងក្រុង គឺអាចមានកំណើនតម្លៃខ្ពស់ជាងនេះទៅទៀត »។

អ្នកនាង អាន សុធីតា នាយិកាប្រចាំប្រទេស ក្រុមហ៊ុនអចលនទ្រព្យលំដាប់អន្តរជាតិ CBRE Cambodia បានបង្ហាញពីភាពសុទិដ្ឋិនិយមទៅលើវិស័យដីធ្លីសម្រាប់ឆ្នាំ២១០៩ ផងដែរថា ៖« យើងពិតជាមានមោទនភាពរួចមកហើយ ដែលក្នុងរយៈពេល១០ឆ្នាំកន្លងទៅ តម្លៃដីធ្លីបានកើនឡើងរហូត ពោលគឺកាលពីអំឡុងឆ្នាំ២០០៨ តម្លៃដីដែលអាចលក់បានខ្ពស់ជាងគេបំផុតនោះ គឺត្រឹមតែ២.៨០០ដុល្លារក្នុង១ម៉ែត្រការ៉េប៉ុណ្ណោះ ប៉ុន្តែនៅត្រឹមឆ្នាំ២០១៨នេះ តម្លៃដីដែលខ្ពស់អាចឡើងរហូតដល់៦.៥០០ដុល្លារក្នុង១ម៉ែត្រការ៉េ ហើយវានឹងបន្តកើនឡើងខ្ពស់ជាងនេះទៀតនៅពេលខាងមុខនេះ »។

អ្នកនាងបានបន្ថែមទៀតថា ៖« បើយើងធ្វើការព្យាករទៅថ្ងៃអនាគត ក្នុងចន្លោះចាប់ពី៥-១០ឆ្នាំខាងមុខទៀត តម្លៃដីនៅកម្ពុជានៅតែមានការកើនឡើងខ្ពស់ដដែល ដែលអាចក្នុងចន្លោះជាង៧%ឡើងទៅ »។ អ្នកនាងថា ៖« ចំពោះកំណើន៧%នេះ មិនមែនមានន័យថា ជាអត្រានៃកំណើនថេរប្រចាំឆ្នាំនោះទេ ប៉ុន្តែវាអាចមានឆ្នាំខ្លះឡើងបាន៥% ឆ្នាំខ្លះឡើងបាន៧% ហើយឆ្នាំខ្លះឡើងបានត្រឹម៣%ជាដើម ដែលការព្យាករចេញជាតួលេខនេះ ក៏ព្រោះតែយើងសម្អាងទៅលើភាពជាក់ស្ដែងនៃតម្រូវការទីផ្សារអចលនទ្រព្យនាពេលបច្ចុប្បន្ននៅកម្ពុជា ធៀបទៅនឹងប្រទេសជិតខាងក្នុងតំបន់ ជាពិសេសប្រទេសថៃ ដែលកំពុងមានលំហូរវិនិយោគយ៉ាងគំហុក ពីសំណាក់អ្នកវិនិយោគក្នុងស្រុក ក៏ដូចជាជនបរទេស ជាពិសេសជនជាតិចិនជា

ដើម »។

ជាចុងក្រោយអ្នកនាងបញ្ជាក់ថា មានហេតុផលមួយចំនួនទៀត ដែលជាកក្តាជំរុញឱ្យវិស័យដីធ្លីកាន់តែឡើងតម្លៃខ្លាំង ក៏អាចបណ្តាមកពីដំណើរការវិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ជាពិសេសការរីកចម្រើនប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធតែម្ដង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close