រុស្ស៊ី ប្តេជ្ញាចិត្ត​ជំរុញ​ក្រុមហ៊ុន​វិនិយោគ​ឱ្យមក​កម្ពុជា​បន្ថែមទៀត ជាពិសេស​នៅក្នុង​ផ្នែក​ឧស្សាហកម្ម​រថយន្ត និង​គ្រឿងចក្រ​, គ្រឿងយន្ត​កសិកម្ម​, បរិក្ខារ​សុខាភិបាល និង​បច្ចេកវិទ្យា​ព័ត៌មាន​

​នា​ព្រឹក​ថ្ងៃទី​២៦ ខែតុលា ឆ្នាំ​២០២៣ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Anatoly Borovik ឯកអគ្គរដ្ឋទូត​សហព័ន្ធ​រុស្សី​ប្រចាំ​កម្ពុជា ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព ។​

​ក្នុងជំនួប​នេះ ឯកឧត្តម Anatoly Borovik បាន​ថ្លែងអំណរគុណ សម្តេច​ធិបតី ដែល​បាន​ចំណាយពេល​វេលា​ដ៏​មមាញឹក​អនុញ្ញាតឱ្យ​រូប​ឯកឧត្តម និង​សហការី ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នាឱកាស​នេះ ។ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បាន​ចូលរួម​អបអរសាទរ​ចំពោះ គណបក្ស​ប្រជាជន​កម្ពុជា ដែល​ទទួលបាន​ការគាំទ្រ​ដ៏​លើសលប់​ក្នុងការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ឆ្នាំ​២០២៣ និង​ចំពោះ​ការ​ចូលកាន់​មុខតំណែង​ជា នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា របស់ សម្តេច​ធិបតី នៅក្នុង​អាណត្តិ​ទី​៧ នេះ ដោយបាន​សម្តែង​នូវ​ការ​ជឿជាក់ថា ចំណងមិត្តភាព​រុស្សី​-​កម្ពុជា នឹង​កាន់តែ​រីកចម្រើន​រឹងមាំ បន្ថែម​លើ​កិច្ចសហប្រតិបត្តិការ​ល្អ ដែលមាន​ស្រាប់ ក្នុង​រយៈកាល​នៃ​ចំណង​ការទូត​ជា​ប្រវត្តិសាស្ត្រ​យូរលង់​ប្រមាណ ៦៧ ឆ្នាំ កន្លងមកនេះ ។ មួយវិញទៀត ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បាន​ថ្លែងអំណរគុណ​ដល់​កម្ពុជា ដែល​បាន​ដើរតួនាទី​ក្នុងនាម​ជា​ប្រទេស​សម្របសម្រួល​អាស៊ាន​-​រុស្សី ដើម្បី​លើកស្ទួយ​ទំនាក់ទំនង​កិច្ចសន្ទនា​អាស៊ាន​-​រុស្សី បន្ថែម​មួយកម្រិត​ទៀត ។​

​ជាការ​ឆ្លើយតប សម្តេច​ធិបតី បាន​ស្វាគមន៍​ចំពោះ​វត្តមាន​របស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត​រុស្ស៊ី ដែលជា​ឱកាស​សម្រាប់​ការពិភាក្សា​អំពី​ទំនាក់ទំនង​ទ្វេភាគី​កម្ពុជា​-​រុស្ស៊ី និង​បាន​រំឭក​អំពី​កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​ប្រទេស​ទាំងពីរ តាំងពី​អតីតកាល​រហូតមកដល់​បច្ចុប្បន្ន ជាពិសេស​ក្នុងដំណាក់កាល​ដែល​កាលនោះ​ជា​អតីត​សហភាពសូវៀត បាន​ជួយឧបត្ថម្ភ​គាំទ្រ​កម្ពុជា​លើ​ការស្តារ​កសាង​ប្រទេស​ឡើងវិញ បន្ទាប់ពី​ការដួលរលំ​នៃ​របប ប៉ុល ពត ព្រម​ជាមួយនឹង​ការបញ្ជា​ក់ថា គោលនយោបាយ​ការបរទេស​របស់​កម្ពុ​ជា មិនមាន​ការប្រែប្រួល​ឡើយ ជាពិសេស​នៅក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​កម្ពុជា​-​រុស្ស៊ី ។​

​ជារួម សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង ឯកឧត្តម ឯកអគ្គរដ្ឋទូត បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​លទ្ធផល​នៃ​ទំនាក់ទំនង​ទ្វេភាគី ក្នុង​រយៈកាល​កន្លងមក ជាពិសេស ការផ្លាស់ប្តូរ​ទស្សនកិច្ច​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ទាំង​នៅក្នុង​អង្គនីតិប្បញ្ញត្តិ និង​អង្គនីតិប្រតិបត្តិ ហើយក៏​គ្រោង​នឹងមាន​ការរៀបចំ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានព្រឹទ្ធសភា​កម្ពុជា ទៅកាន់​សហព័ន្ធរុស្ស៊ី នៅក្រោយ​ការបោះឆ្នោត​ព្រឹទ្ធសភា​អាណត្តិ​ថ្មី​រួច ក៏ដូចជា​ការផ្លាស់ប្តូរ​ក្នុង​វិស័យ​ការពារជាតិ និង​សន្តិសុខ ដូចដែល​ឆ្លុះបញ្ចាំង​តាមរយៈ​គម្រោង​នៃ​ការចូល​ចត​នាវា​រុស្ស៊ី នៅ​ខេត្ត​ព្រះសីហនុ ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០២៣ ខាងមុខនេះ ជាដើម ។ ចំពោះ​កិច្ចសហប្រតិបត្តិការ​នៅក្នុង​វិស័យ​ពាណិជ្ជកម្ម និង​វិនិយោគ​, រុស្ស៊ី​ក៏បាន​បញ្ជាក់​អំពី​ការប្តេជ្ញាចិត្ត​ក្នុងការ​ជំរុញ​ក្រុមហ៊ុន​វិនិយោគ​រុស្ស៊ី ឱ្យមក​កម្ពុជា​បន្ថែមទៀត ជាពិសេស​នៅក្នុង​ផ្នែក​ឧស្សាហកម្ម​រថយន្ត និង​គ្រឿងចក្រ​, គ្រឿងយន្ត​កសិកម្ម​, បរិក្ខារ​សុខាភិបាល និង​បច្ចេកវិទ្យា​ព័ត៌មាន ។

​ចំពោះ​ទិសដៅ​ទៅមុខ ក្រៅពី​កិច្ច​សហប្រតិបត្តិ​លើ​វិស័យ​ដែលមាន​ស្រាប់​, កិច្ចពិភាក្សា​ក៏បាន​ផ្តោត​ផងដែរ​លើ​ការប្តេជ្ញាចិត្ត​រួម​ក្នុងការ​ពង្រឹង និង​ពង្រីក​បន្ថែមទៀត​នូវ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ទេសចរណ៍ និង​អប់រំ ក៏ដូចជា​បញ្ហា​ផ្សេងៗ​មួយចំនួនទៀត ដែលជា​ផលប្រយោជន៍​រួម​សម្រាប់​ប្រទេស និង​ប្រជាជន ទាំងពីរ ៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close