Google នឹងផ្តល់ប្រាក់ជាង ២៦លានដុល្លារ ដើម្បីបង្កើនជំនាញទាក់ទងទៅនឹងបញ្ញាសិប្បនិម្មិត្ត AI នៅអឺរ៉ុប

បន្ទាប់ពីសហភាពអឺរ៉ុបបង្ហាញក្តីកង្វល់ជាខ្លាំង អំពីការប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ត (AI) ជុំវិញបញ្ហាសន្តិសុខជាតិ។ ថ្មីៗនេះក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Google បានប្រកាសជាផ្លូវការថា ខ្លួននឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២៥លានអឺរ៉ូ (ប្រហែល ២៦.៩៨លានដុល្លារ) ដើម្បីជួយប្រជាជននៅអឺរ៉ុបឱ្យរៀនប្រើប្រាស់បញ្ញាសិប្បនិម្មិត្ត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមការប្រកាសនៅថ្ងៃចន្ទដើមសប្តាហ៍នេះ Google បានឱ្យដឹងថាមូលនិធិនេះមានគោលបំណងជួយដល់សហគ្រាសសង្គម (Social Enterprise) អង្គការមិនរកប្រាក់ចំណេញ និងក្រុមហ៊ុននានាដែលប្រើប្រាស់ AI ដើម្បីធ្វើមាត្រដ្ឋានប្រតិបត្តិការរបស់ពួកគេ។ Google ក៏មានគម្រោងពង្រីកវគ្គបណ្តុះបណ្តាល AI អនឡាញដោយឥតគិតថ្លៃរបស់ខ្លួនដល់ទៅ ១៨ភាសាផងដែរ ដើម្បីធានាថាគ្មាននរណាម្នាក់ដែលមិនទទួលបានការបណ្តុះបណ្តាលផ្នែក AI នោះទេ។

យោងតាមប្រសាសន៍របស់លោក Adrian Brown នាយប្រតិបត្តិនៃមជ្ឈមណ្ឌលសម្រាប់ផលប៉ះពាល់សាធារណៈបានលើកឡើងថា៖ «អត្ថប្រយោជន៍នៃ AI អាចធ្វើឱ្យវិសមភាពដែលមានស្រាប់កាន់តែធ្ងន់ធ្ងរ ជាពិសេសទាក់ទងនឹងសន្តិសុខសេដ្ឋកិច្ច និងការងារ។ ដូច្នេះកម្មវិធីថ្មីនឹងជួយប្រជាជននៅទូទាំងទ្វីបអឺរ៉ុប ឱ្យអភិវឌ្ឍចំណេះដឹង ជំនាញ និងទំនុកចិត្តរបស់ពួកគេជុំវិញ AI»។

គួរជម្រាបដែរថា កាលពីខែមុន Google ក៏បានប្រកាសដែរថា ខ្លួននឹងវិនិយោគប្រមាណ ១ពាន់លានដុល្លារ ដើម្បីបង្កើតមជ្ឈមណ្ឌលទិន្នន័យមួយនៅខាងក្រៅទីក្រុងឡុងដ៍ ដើម្បីបំពេញតម្រូវការកើនឡើងសម្រាប់សេវាអ៊ឺនធឺណិតក្នុងតំបន់។ មជ្ឈមណ្ឌលទិន្នន័យដែលមានទីតាំងនៅលើផ្ទៃដីទំហំ ១៣ហិកតា ដែលបានទិញដោយ Google ក្នុងឆ្នាំ២០២០ នឹងមានទីតាំងនៅទីក្រុង Waltham Cross ចម្ងាយប្រហែល ១៥ ម៉ាយល៍ (ស្មើនឹង ២៤,១៤គីឡូម៉ែត្រ) ពីភាគខាងជើងទីក្រុងឡុងដ៍៕

ប្រភព៖ Fresh News

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close