Google គ្រោង​បញ្ចេញ​គំរូ​ភាសា Chatbot AI កម្រិត​ខ្ពស់ នៅលើ​ទូរស័ព្ទ Android នា​ឆ្នាំក្រោយ​

​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​អាមេរិក Google បានបង្ហាញ​ក្តី​រំពឹងថា គំរូ​ម៉ូ​ដែល​ភាសា​ដ៏​ធំ (LLM= Large Language Model) មានឈ្មោះ​ហៅថា Gemini របស់ខ្លួន នឹងមាន​នៅលើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​នា​ឆ្នាំ​ក្រោយនេះ ខណៈ​បច្ចុប្បន្ន​គំរូ​ភាសា​ធំ​នេះ គឺអាច​រកបាន​នៅលើ​កម្មវិធី GPT-4 របស់​ក្រុមហ៊ុន OpenAI ប៉ុណ្ណោះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNBC នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២៤​។​

Gemini គឺជា​បច្ចេកវិទ្យា AI ខ្នាត​ធំ​ចុងក្រោយ ដែល​ត្រូវបាន​អភិវឌ្ឍន៍​បាន​ជោគជ័យ ដោយ​ក្រុ ម​ហ៊ុន Google ផ្ទាល់​។ សម្រាប់ Gemini ដែល​ក្រុមហ៊ុន Google បានប្រកាស​ចេញ​កាលពី​ថ្មីៗ​នេះ គឺ​គាំទ្រ​តែ​ភាសា​អង់គ្លេស​សិន ប៉ុណ្ណោះ​ហើយ​វា​ត្រូវបាន​បែក​ចែកចេញជា ៣​ប្រភេទ​ផ្សេងគ្នា​ដូចជា​៖ Gemini Nano, Gemini Pro និង Gemini Ultra​។ ដោយ Gemini Nano ផលិតឡើង សម្រាប់​ដំណើរការ​នៅលើ​ទូរ​សព្ទ Android និង​អាច​ដំណើរ​បាន​ផងដែរ ទោះបីជា​គ្មាន​អ៊ី​ន​ធើ​ណេ​ត​ក៏ដោយ (Offline) រីឯ Gemini Pro ប្រើ​សម្រាប់​សេវាកម្ម​ជាច្រើន​របស់ Google ដូច្នេះ​នៅពេល​ខាងមុខ​សេវាកម្ម Google ភាគច្រើន​នឹង​ភ្ជាប់​ដោយ​បច្ចេកវិទ្យា AI ប្រភេទ Gemini Pro នេះ​។ ចំណែកឯ Gemini Ultra វិញ​វា​មាន​សមត្ថភាព​ខ្លាំងជាងគេ​ខណៈ​បច្ចុប្បន្ននេះ​កំពុងស្ថិត​ក្នុងការ​អភិវឌ្ឍ​ន៍​បន្ថែម​ដោយ Google នៅឡើយ​(​អាច​នឹង​រួចរាល់​ទាំងស្រុង​នៅ​អំឡុង​ឆ្នាំ ២០២៤)​។​

​លោក Brian Rakowski អនុប្រធាន​ផ្នែក​គ្រប់គ្រង​ផលិតផល​សម្រាប់​អង្គភាព Pixel របស់ Google បាន​និយាយថា លោក​រំពឹងថា ម៉ូ​ដែល​ភាសា​ដ៏​ធំ​ទំនើប​បំផុត​របស់​ក្រុមហ៊ុន ដែល​បច្ចុប្បន្ន​អាច​ចូល​ប្រើ​បានតែ​តាមរយៈ​មជ្ឈមណ្ឌល​ទិន្នន័យ​ពី​ចម្ងាយ​តាមរយៈ​ការភ្ជាប់​អ៊ីនធឺណិត នឹង​ចាប់ផ្តើម​មកដល់​នៅលើ​ស្មា​ត​ហ្វូ​ន​ដោយផ្ទាល់​នៅ​ឆ្នាំក្រោយ​។​

​គួរ​ជម្រាប​ថា Google បាន​នឹង​កំពុងធ្វើការ​ដុតដៃដុតជើង​ទៅលើ AI ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ទទួលបាន​នូវ​គុណសម្បត្តិ​ជាង​គូប្រជែង​របស់ខ្លួន​ដូចជា OpenAI ដែលជា​ក្រុមហ៊ុន​គាំទ្រ​ដោយ Microsoft និង​ជា​ក្រុមហ៊ុន​នៅ​ពីក្រោយ ChatGPT ដ៏​ល្បី​៕

​ប្រភព​៖ Fresh News​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close