iPhone SE 4 នឹង​ប្រើប្រាស់​តួ​របស់ iPhone 14

​ក្រុមហ៊ុន Apple ត្រូវបាន​គេ​រាយការណ៍​មក​ថា កំពុងធ្វើការ​លើ iPhone SE ជំនា​ន់ទី​៤ ឬ iPhone SE 4 ដែល​បំពាក់​ដោយ​អេក្រង់ OLED ជា​លើកដំបូង​ក្នុង​ត្រកូល​ស្មា​ត​ហ្វូ​ន​តម្លៃ​ទាប​។ ដោយឡែក​តាមរយៈ​រូបភាព Renders ថ្មី​នេះ​បានបង្ហាញ​បន្ថែមទៀតថា iPhone SE 4 នឹង​ប្រើប្រាស់​តួខ្លួន​របស់ iPhone 14 ដែល​មើលទៅ​មាន​រូបរាង​ស្ទើរតែ​ដូចគ្នា​ទៅនឹង iPhone 12 និង iPhone 13​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន GSMArena នៅ​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ​២០២៤​។​

​បើតាម CAD renders នៅ​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ បានបង្ហាញ​ពី​រូបរាង​ស្មា​ត​ហ្វូ​ន​ជំនាន់​ថ្មី iPhone SE 4 ជាមួយនឹង​រូបរាង​ផ្នែក​ខាងមុខ​ដូច​ទៅនឹង iPhone 14 រួមជាមួយ​នឹង​ស្នាម​អេក្រង់ Notched ប៉ុន្តែ​ខ្នង​ខាងក្រោយ​នៅ​រក្សា​រូបរាង​ដើម​ដូច​ទៅនឹង​ជំនាន់ iPhone SE 2 ឬ iPhone SE ឆ្នាំ​២០២២​។ យ៉ាងណាមិញ​តាមរយៈ​រូបភាព renders ត្រូវបាន​គេ​កត់សម្គាល់ថា Apple មិនបាន​បំពាក់​ប៊ូ​តុង Action ឬ Mute switch នៅជាប់​កន្លែង​ដំឡើង​សម្លេង​ដូច​ម៉ូ​ដែល​មុនៗ​នោះទេ​។​

​ដោយឡែក​ចំពោះ​មុខងារ​នៅលើ iPhone SE 4 នេះ​មិន​ត្រូវបាន​គេ​បង្ហាញ​នោះទេ ហើយ​គេ​ក៏​មិន​ច្បាស់​ដែលថា​តើ Apple នឹង​នៅ​រក្សា​សេន​ស័​រ​កាមេរ៉ា​ទំហំ ១២​មេ​ហ្គា​ភិ​ច​ស៊ែ​ដូច​មុន​ដដែល ឬ ណែនាំ​កាមេរ៉ា​ថ្មី​ដែលមាន​ភ្ជាប់​មកជា​មួយ​នឹង Night Mode ដូច​មុខងារ​នៅលើ iPhone នាពេល​បច្ចុប្បន្ននេះ​។​

​គួរ​ជម្រាប​ដែរ​ថា iPhone SE 4 ត្រូវបាន​គេ​រំពឹងថា នឹង​បង្ហាញខ្លួន​នៅលើ​ទីផ្សារ​ក្នុង​ឆ្នាំ​២០២៥ ខាងមុខនេះ ប៉ុន្តែ​ពេលវេលា​អាច​នឹង​ផ្លាស់ប្តូរ ខណៈ​អ្នក​នៅក្នុង​ឧស្សាហកម្ម​បាន​បង្ហើប​ថា ការផលិត​ជិត​រួចរាល់ ១០០​ភាគរយ​ហើយ​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close