ប្រវត្តិភូមិបណ្តែតទឹក កំពង់លួង

កំពង់លួងគឺជារមណីយដ្ឋានធម្មជាតិ ស្ថិតនៅឃុំកំពង់លួង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលត្រូវធ្វើដំណើរតាមផ្លូវជាតិលេខ៥ មានចំងាយប្រមាណ ៣៧គីឡូម៉ែត្រពីទីរួមខេត្តពោធិ៍សាត់ និង៥គីឡូម៉ែត្រពីទីរួមស្រុកក្រគរ។

តាមប្រសាសន៍លោកតា ប៉ាច់ ប៉ុន ដែលជាព្រឹទ្ធាចារ្យម្នាក់អាយុ៦៣ឆ្នាំ រស់នៅក្នុងភូមិបន្ទ បន្ទាយក្រុង ស្រុកក្រគរ បានអោយដឹងថាកាលពីដើមឡើយកំពង់លួង គឺជាកំពង់ទឹករបស់ស្តេច សម្រាប់យាងចតទូក ទូកក្តោង ឬសំពៅ។ តាំងពីមុនរជ្ជកាលស្តេច ច័ន្ទរាជាមកម្លេះ លុះមកដល់រជ្ជកាលស្តេចច័ន្ទរាជា កំពង់នោះក៏នៅជាកំពង់សំចតរបស់ ស្តេចដដែល។ ក្នុងរជ្ជកាលស្តេចច័ន្ទរាជា ស្រុកយើងបានធ្វើសឹកសង្គ្រាមជាមួយសៀម ពេលនោះសៀមបាន លើកទ័ពមកវាយយកបន្ទាយលង្វែកក្នុងឆ្នាំ ១៥៣០ តែពុំបានសម្រេច។

ក្នុងដំណាក់កាលកើតសង្គ្រាម ព្រះច័ន្ទរាជាបានភៀសខ្លួនច្រើនលើកច្រើនសារ មកគង់ប្រថាប់នៅ ខេត្តពោធិ៍សាត់ដោយយាងតាមទូក ទូកក្តោង សំពៅ ឬតាមផ្លូវគោកដោយយាងតាមសេះ ឬដំរី តាមសភាពការណ៍ដែលអាចយាងទៅបាន។ បើយាងតាមទូក ទូកក្តោង ឬសំពៅ ត្រូវយាងតាមបឹងទន្លេសាបមកចតនៅកំពង់លួងក្នុងស្រុកក្រគរបច្ចុប្បន្ន ដែលកាលពីដើម គេហៅថាខេត្តក្រគរ ដែលជាកំពង់របស់ស្តេចយាងចុះ យាងឡើង ស្ថិតនៅក្នុងឃុំកំពង់លួងសព្វថ្ងៃនេះ ។ ហើយយាង បន្តដំណើរទៅមុខទៀតតាមការកំណត់ទិសដៅ ដែលបានគ្រោងទុករបស់ព្រះអង្គ។

ប្រសិនបើធ្វើដំណើរតាមផ្លូវគោក ព្រះអង្គយាងតាមរទេះគោ រទេះសេះ ឬក៏ដោយសារដំរី ទ្រង់យាងតាមផ្លូវលួង ដែលបន្សល់ទុកឈ្មោះរហូតមកដល់សព្វថ្ងៃ ដែលគេនៅបន្តហៅថាផ្លូវហ្លួង។ ដោយទ្រង់យាងឆ្ពោះទៅកន្លែងដទៃទៀតក្ន្ងងខេត្តពោធិ៍សាត់ដូចជា លោកឧកញ៉ា ឃ្លាំង មឿង វត្តពោធិមានបុណ្យ វត្តបាកាន ដែលជាវត្តខ្លាំងពូកែ ល្បីល្បាញក្នុងទឹក ដីខេត្តពោធិ៍សាត់ ជាពិសេសគឺលោកឧកញ៉ា ឃ្លាំងមឿង ដើម្បីបន់ស្រន់ដល់វីរៈបុរសខ្មែរ។ មានពេលខ្លះព្រះអង្គយាងមក លំហែកាយមួយរយៈតាមពេលវេលាដែលអាចយាងមកបាន។ បានជាគេហៅថា កំពង់លួងៗ ពីព្រោះកាលពីជំនាន់ដើម កំពង់នេះជាកំពង់ដែលស្ដេចចត យាងចុះ យាងឡើង ដូចបានរៀបរាប់អំពីប្រវត្តិខ្លះៗខាងលើ។ រហូតមកដល់សព្វថ្ងៃនេះ កំពង់នេះគេនៅតែបន្តហៅថាកំពង់លួងដដែល ដោយសារតែការពិតពីដើមគឺជាកំពង់សំចតរបស់ស្ដេច៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close