លោក ​ហេង ផល្លាប្រធា​នស្ថានីយ៍ជ​ញ្ជីងថ្លឹងរថយន្តផ្លូវជាតិលេខ៦អាមិនថ្លឹងរថយន្តថ្លឹងលុយ ?

ប្រភពពីក្រុមឈ្មួញដឹកជញ្ជូនទំនិញ និងដឹកជញ្ជូនឈើឆ្លងកាត់មុខស្ថានីយ៍ ជញ្ជីងថ្លឹងរថយន្តនៅ ស្រុកបាធាយ បានឲ្យ ខ្មែរ៧មករាដឹងថា សម្រាប់រថយន្តដឹកឈើធុនធំ ភ្លៅ៤ ត្រូវបង់ក្នុងមួយជើងចាប់ពី១០ ម៉ឺនរៀលទៅ១៥ម៉ឺនរៀល ដោយមិន ចាំ បាច់ចូលថ្លឹងអ្វីទាំងអស់។

ចំណែករថយន្តដឹកស៊ីម៉ងត៍ និងដឹកទំនិញផ្សេងៗ ក៏ត្រូវចូលបង់លុយឲ្យ ក្រុមមន្ត្រីរបស់លោក ហេង ផល្លា ក្នុងមួយជើងពី៦ម៉ឺនទៅ១០ម៉ឺនរៀលផងដែរ ហើយសម្រាប់រថយន្តដឹកអុសត្រូវបង់ក្នុងមួយជើងពី៦ម៉ឺនរៀលទៅ១០ម៉ឺនរៀលទើបអាចឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្តនោះដោយគ្មានការរំខាន។ អាចនិយាយបានថាលោក ហេង ផល្លា និងបក្ខពួកកំពុងប្រែក្លាយជញ្ជីងថ្លឹងរថយន្តឲ្យទៅជាជញ្ជីងថ្លឹងលុយព្រោះថ្នាក់ដឹកនាំក្រសួងសាធារណការនិងដឹកជញ្ជូន ជាពិសេសលោក សេង ឈួន ប្រធានជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសកំពុងសប្បាយប្រមូលលុយតាមរបៀបពុករលួយ។

មន្ត្រីរាជការនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងថា បច្ចុប្បន្នលោក ហេង ផល្លា ប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តលើផ្លូវជាតិលេខ៦អា ភូមិជានា ឃុំជានា ស្រុកបាធាយ ខេត្តកំពង់ចាម និងបក្ខពួកឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំងជាងមុនទៅទៀត។ ប្រភពបានឲ្យដឹងទៀតថាលោក ហេង ផល្លា និងបក្ខពួកមិនដែលធ្វើការផាកពិន័យម្ចាស់រថយន្តធំៗដឹកជញ្ជូនទំនិញលើសទម្ងន់ឬតកន្ទុយ តទ្រុង ខុសលក្ខណៈបច្ចេកទេសនោះឡើយ ហើយពួកគេគិតតែពីរឿងប្រមូលលុយចែកគ្នាធ្វើមានធ្វើបានយ៉ាងសុខស្រួល។ ការដែលលោក ហេង ផល្លា ហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់ប្រធានមន្ទីរសាធារណការខេត្តកំពង់ចាម ផងដែរ ទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។

ប្រភពដែលស្និទ្ធនឹងលោក ហេង ផល្លា បានឲ្យដឹងថា ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម ក៏ដូចជាលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គឺជាបង្អែករឹងមាំរបស់លោក ហេង ផល្លា ក្នុងការប្រព្រឹត្តអំពើពុករលួយ។ មន្ត្រីនៅក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ចាម បានឲ្យដឹងទៀតថាលោក ហេង ផល្លា តែងប្រើប្រាស់ឈ្មោះលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនដើម្បីការពារអំពើពុករលួយ និងទង្វើមិនប្រក្រតីរបស់ខ្លួនដោយគ្មានសេចក្ដីអៀនខ្មាស។ បញ្ហានេះគឺជារឿងដែលលោក គួច ចំរើន អភិបាលខេត្តកំពង់ចាម និងលោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ មិនគួរមើលរំលងតទៅទៀតទេ ព្រោះលោក ហេង ផល្លា ល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយជាយូរមកហើយ។ពាក់ពន្ធ័និងការចោទប្រកាន់ខាងលើខ្មែរ៧មករាមិនអាចសុំការបំភ្លឺបានឡើយដោយទូរសព្ឌ័ខលចូលគ្មានអ្នកទទួល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close