វាយប្រហារព្រះវិហាកាតូលិកសម្លាប់មនុស្ស២៥នាក់របួសជាង១០០នាក់ជាស្នាដៃក្រុម IS

ក្រោយការវាយប្រហារ បណ្តាលឲ្យមានអ្នកស្លាប់និងរបួស ជាង១០០មក ក្រុមភេរវកម្ម IS បានចេញមុខប្រកាសថាជាស្នាដៃរបស់ក្រុមខ្លួន ក្នុងការវាយប្រហារគ្រាប់បែកអត្តឃាត។ក្រុមភេរវកម្ម IS បានប្រកាសថា សមាជិករបស់ខ្លួន២នាក់បានបើកការវាយប្រហារដោយបំផ្ទុះគ្រាប់បែកអត្តឃាតនៅក្នុងព្រះវិហារ ស្ថិតនៅតំបន់ Sulu ប្រទេសហ្វីលីពីនកាលពីថ្ងៃទី២៧ខែមករាកន្លងមកសម្លាប់មនុស្ស ២៥នាក់ និង ១១១នាក់រងរបួស ។

ការវាយប្រហារខាងលើកើតឡើង នៅក្នុងតំបន់ដែលមានក្រុមអិស្លាមជ្រុលនិយម ភាគច្រើនបានលាក់ខ្លួន ស្ថិតនៅភាគខាងត្បូង ។ ហ្វីលីពីនជាប្រទេសដែល មានអ្នកកាន់សាសនា កាតូលិកភាគច្រើន ទាំងនោះហើយបានក្លាយទៅជាគោលដៅវាយប្រហាររបស់ក្រុមភេរវកម្មអិស្លាមជ្រុលនិយម ។

កន្លងមកថ្មីៗតំបន់ដែលរងការវាយប្រហារទើបតែបោះឆ្នោត ដោយមានសម្លេងគាំទ្រដល់ទៅ៨៥ភាគរយ ទៅលើច្បាប់ Bangsamoro ជាការបើកផ្លូវសម្រាប់ បង្កើតតំបន់ស្វយ័តនៅឆ្នាំ២០២២។

ក្រោយការវាយប្រហារ អ្នកនាំពាក្យរដ្ឋាភិបាលហ្វីលីពីនលោក Salvador Panelo បានលើកឡើងថាសកម្មភាពវាយប្រហារភេរវកម្មខាងលើ គឺជារឿងមិនអាចទទួលយកបាននោះឡើយ ហើយរដ្ឋាភិបាលនឹងស្វែករកចាប់ខ្លួនដាក់ទោសអ្នកនៅពីក្រោយការវាយប្រហារ។

ជាមួយគ្នានេះដែរ សម្តេចសង្ឃកាតូលិ។ Pope Francis កាលពីថ្ងៃអាទិត្យបានថ្កោលទោស ការវាយប្រហារគ្រាប់បែក២គ្រាប់ សម្លាប់មនុស្សយ៉ាងតិច២៥នាក់ អំឡុងពេលដែលមានប្រារព្ធពិធីក្នុងព្រះវិហារកាតូលិកមួយ នៅប្រទេសហ្វីលីពីន ខណៈចាត់ទុកថា ជាអំពើវាយប្រហារភេរវកម្ម និងបានបួងសួងថា ព្រះជាម្ចាស់ នឹងកែប្រែចិត្តពួកជនវាយប្រហារទាំងនោះមករកផ្លូវត្រឹមត្រូវវិញ។

ការវាយប្រហារគ្រាប់បែកនេះ រងរបួសមនុស្សជាង១០០នាក់ ជាការវាយប្រហារសម្លាប់រង្គាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនោះនៅក្នុងតំបន់ដែលជោគជាំដោយអំពើអស្ថិរភាព ។

សម្តេចសង្ឃ Francis មានព្រះរាជបន្ទូលថា “ថ្កោលទោសយ៉ាងដាច់ខាត ចំពោះទង្វើហិង្សានេះ ដែលបណ្តាលឱ្យរងទុក្ខវេទនាកាន់តែច្រើនឡើងនៅក្នុងសហគមន៍គ្រីស្ទាន ។ ខ្ញុំសូមអធិស្ឋានសម្រាប់អ្នកស្លាប់ និងអ្នករងរបួស ។ សូមព្រះអម្ចាស់ជាមេនៃសន្តិភាព មេត្តាប្តូរចិត្តមនុស្សឃោរឃៅទាំងនោះ កុំឲ្យប្រព្រឹត្តអំពើយង់ឃ្នងបន្តទៀត» ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close