អគ្គនាយកហិរញ្ញវត្ថុ Meng Wanzhou រងការចោទប្រកាន់បទល្មើសចំនួន១៣ករណី

អាមេរិបានសម្រេចចោទប្រកាន់ជាផ្លូវការដល់ អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនហួវាយ នៅបទល្មើសចំនួន១៣ផ្សេងគ្នា ក្នុងនោះពាក់ព័ន្ធនិងការរកស៊ីជាមួយអីរ៉ងបំពាន់ច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក។

សកម្មភាពខាងលើរបស់អាមេរិក និងធ្វើឲ្យទំនាក់ទំនងកាន់តែតានតឹងជាមួយចិនថែមទៀត ក្នុងពេលដែលប្រទេសទាំងពីរ កំពុងតែតានតឹងក្នុងវិស័យពាណិជ្ជកម្ម ។ រដ្ឋាភិបាលចិនបានចាត់ទុកសកម្មភាពរបស់អាមេរិក ជាសកម្មភាពនយោបាយមកលើក្រុមហ៊ុនឯកជនធំបំផុតរបស់ចិន ។ មិនតែប៉ុណ្ណោះអាមេរិក ក៏បានគៀងគរអឺរ៉ុប ឲ្យបញ្ឈប់ការប្រើប្រាស់ សេវាកម្មរបស់ក្រុមហ៊ុន Huawei ផងដែរ ។

ក្រសួងយុត្តិធម៌អាមេរិក កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ បានសម្រេចចោទប្រកាន់ផ្លូវការ ប្រឆាំងទៅលើលោកស្រី អគ្គនាយកហិរញ្ញវត្ថុក្រុមហ៊ុនចិន Huawei ពីបទឧក្រិដ្ឋកម្ម ដោយសារការបោកប្រាស់ធនាគារ និងការរំលោភបំពានច្បាប់ទណ្ឌកម្មអាមេរិក ។ ជាមួយគ្នានេះ ក្រុមហ៊ុនបន្ទាប់បន្សំរបស់ Huawei២ទៀត ក៏រងការចោទប្រកាន់ដូចគ្នានេះដែរ។

រដ្ឋអាជ្ញាសហព័ន្ធអាមេរិក ក៏បានបញ្ជាក់ទៀតថា ករណីដោយឡែកមួយទៀត អាមេរិកក៏បានចោទពីបទលួចការណ៍ពាណិជ្ជកម្មសម្ងាត់តាមរយៈប្រព័ន្ធទូរស័ព្ទផងដែរ ហើយថា រដ្ឋអាជ្ញាអាមេរិកបាននិងកំពុងស្វែងរកតាមផ្លូវច្បាប់ ធ្វើបត្យាប័ន លោកស្រី Meng Wanzhou អគ្គនាយកហិរញ្ញវត្ថុចិន ពីកាណាដា ទៅកាន់អាមេរិកដើម្បីទទួលទោសកំហុស ។

សូមបញ្ជាក់ថា លោកស្រី Meng Wanzhou ត្រូវកាណាដាចាប់ខ្លួនកាលពីថ្ងៃទី១ ខែធ្នូ តាមសំណើរបស់អាមេរិក ខណៈដែលលោកស្រីកំពុងរង់ចាំជើងយន្តហោះ ក្នុងប្រទេសកាណាដា ។

រដ្ឋាភិបាលចិនបានទាមទារឲ្យកាណាដា ក៏ដូចអាមេរិកដោះលែងលោកស្រី Meng Wanzhou ដោយឥតលក្ខខណ្ឌ ហើយថា អាមេរិក និងកាណាដា កំពុងតែរំលោភបំពានសិទ្ធិ និងផលប្រយោជន៍ពលរដ្ឋចិនយ៉ាងធ្ងន់ធ្ងរ ។

សូមបញ្ជាក់ដែរថា តុលាការដែលប្រកាសចោទប្រកាន់ពីបទឧក្រិដ្ឋ ប្រឆាំងលោកស្រី Meng Wanzhou នាពេលនេះ គឺតុលាការនៅ Brooklyn និង Seattle ស្របពែលដែលអាមេរិក និងចិនមានគម្រោងពិភាក្សាក្នុងសប្តាហ៍នេះ ស្តីអំពីជម្លោះពាណិជ្ជកម្មផងដែរ ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close