ក្រោយរងគំនាបពីបក្សប្រឆាំង មានរដ្ឋមន្ត្រីរដ្ឋាភិបាលថៃ៤រូបបានលាលែងពីតំណែង ជាបន្តបន្ទាប់ដើម្បីត្រៀមបោះឆ្នោត

ទីក្រុងបាងកក៖ កន្លងមក បណ្តាគណបក្សប្រឆាំង បានស្នើឲ្យរំសាយរដ្ឋាភិបាល ដើម្បីត្រៀមបោះឆ្នោត បន្ទាប់ពីក្រុមប្រឆាំងបានមើលឃើញថារដ្ឋាភិបាល កំពុងតែកេងប្រវ័ញ្ចអំណាចដើម្បីគៀងគរ អ្នកគាំទ្រ ដល់គណបក្សកាន់អំណាចសម្រាប់ការបោះឆ្នោតនាពេលខាងមុខ ។

នៅពេលនេះដែរបន្ទាប់ពីរងសម្ពាធពីគណបក្សប្រឆាំង រដ្ឋមន្ត្រី៤រូបនៅក្នុងជួររដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចារ្យ បានប្រកាសលាលែងចេញពីតំណែង ដើម្បីត្រៀមបោះឆ្នោតសភា និងនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៤ខែមីនាឆ្នាំ២០១៩។

នៅព្រឹកថ្ងៃទី២៩ខែមករា រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្មលោក Uttama Savanayana និងរដ្ឋមន្ត្រីក្រសួង ពាណិជ្ជកម្មលោក Sontirat Sontijirawong រដ្ឋមន្ត្រីក្រសួង វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា លោក Suvit Maesincee និងរដ្ឋមន្ត្រី ទទួលបន្ទុកការិយាល័យរដ្ឋាភិបាល លោក Kobsak Pootrakook បានសម្រេចដាក់លិខិតលាលែងចេញពីតំណែង ។

រដ្ឋមន្ត្រីទាំង៤រូបខាងលើ បានឲ្យដឹងថា ៖ ការសម្រេចដកខ្លួនចេញពីគណៈរដ្ឋមន្ត្រី ដើម្បីត្រៀមសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោត ។ រដ្ឋមន្ត្រីទាំង៤រូបគឺជាសមាជិកគណបក្ស Palang Pracharat ដែលបានបង្កើនឡើងកាលពីឆ្នាំ២០១៨ ដើម្បីគាំទ្រដល់នាយករដ្ឋមន្ត្រី ប្រាយុទ្ធចាន់អូចារ្យ ដើម្បីប្រជែងតំណែងនាយករដ្ឋមន្ត្រីក្នុងការបោះឆ្នោតនាពេលខាងមុខ ។

កន្លងមកគណបក្សប្រឆាំងបានដាក់គំនាបបង្ខំឲ្យរដ្ឋាភិបាល រំសាយ ជាមួយគ្នានោះក៏បានស្នើដល់លោកប្រាយុទ្ធចាន់អូចារ្យ លាលែងផងដែរ ដោយគណបក្សប្រឆាំងចាត់ទុកថា រដ្ឋាភិបាលកំពុងតែ កេងប្រវ័ញ្ចអំណាចដើម្បីស្វែងរកការគាំទ្រដល់់គណបក្សរបស់ខ្លួន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close