នាយ​ឧត្តមសេនីយ៍​ ​វង្ស​ ​ពិ​សេន​ ​ព្រមាន​តាម​អង្គភាព​ ​មិន​ត្រូវ​មាន​ឪ​ ​និង​កូន​ ​ឬ​ញាតិ​ស​ណ្តាន​ ​ធ្វើការ​ជាមួយគ្នា​នោះ​ទេ​ ​ព្រោះ​នាំឲ្យមាន​ការរិះគន់​ ​

ខេត្ត​កំពង់ស្ពឺ​៖​ ​ថ្លែង​ចេញពី​ខេត្ត​កំពង់ស្ពឺ​ ​នាយ​ឧត្តមសេនីយ៍​ ​វង្ស​ ​ពិ​សេន​ ​អគ្គ​មេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​នៅ​ថ្ងៃទី០១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩នេះ​ ​បាន​ព្រមាន​ថា​ ​នៅក្នុង​អង្គភាព​មួយ​ ​មិន​គួរណា​មាន​ឪពុក​ ​និង​កូន​ ​ឬក៏​សាច់ញាតិ​ធ្វើការ​នៅកន្លែង​ជាមួយគ្នា​នោះ​ទេ​ ​ព្រោះ​វា​នឹងអាច​ធ្វើឲ្យ​មានការ​រិះគន់​ច្រើន​ពី​មនុស្ស​ជុំវិញ​ខ្លួន​ ​ក៏ដូចជា​មហាជន​ជាដើម​។​
​ការព្រមាន​យ៉ាង​ដូច្នេះ​ ​បាន​ធ្វើឡើង​ក្នុង​ឱកាស​ដែល​ ​នាយ​ឧត្តមសេនីយ៍​ ​វង្ស​ ​ពិ​សេន​ ​អញ្ជើញ​ប្រកាស​តែងតាំង​ ​នាយក​សាលា​នាយទាហាន​សកម្ម​ ​ត្មាត​ពង​ ​ដោយ​ឧត្តមសេនីយ៍ឯក​ ​ប៊ុត​ ​សុភាព​ ​ជំនួស​ឧត្តមសេនីយ៍ឯក​ ​ច័ន្ទ​ ​សុ​ភក្រ្តា​ ​ដែល​ទទួល​ភារកិច្ច​ថ្មី​ ​គឺ​នាយក​ទីចាត់ការ​ហ្វឹកហ្វឺន​អគ្គបញ្ជាការ​ ​នា​ព្រឹក​ថ្ងៃទី០១​ ​ខែកុម្ភៈ​ ​ឆ្នាំ២០១៩នេះ​ ​នៅ​ខេត្ត​កំពង់ស្ពឺ​។​

​នាយ​ឧត្តមសេនីយ៍​ ​វង្ស​ ​ពិ​សេន​ ​បាន​លើកឡើង​ថា​ ​បើសិនជា​មាន​ឪពុក​ ​និង​កូន​ ​ឬក៏​សាច់ញាតិ​ ​ធ្វើការ​នៅក្នុង​អង្គភាព​តែមួយ​ ​ទោះជា​ធ្វើល្អ​យ៉ាងណាក៏ដោយ​ ​ក៏​គេ​មិនសូវ​កើត​សរសើរ​នោះ​ទេ​ ​ប៉ុន្ដែ​ផ្ទុយទៅវិញ​ ​មានតែ​គេ​ចោទ​ថា​ ​«​ប្ដី​វា​ ​ប្រពន្ធ​វា​ ​ឪវា​ ​កូន​វា​ហ្នឹង​»​។​

​អគ្គ​មេបញ្ជាការ​ ​នៃ​កងយោធពល​ខេមរភូមិន្ទ​ ​រូប​នេះ​ ​បាន​បញ្ជាក់​ទៀត​ថា​ ​ក្នុងនាម​ជា​មេដឹកនាំ​ក្នុង​អង្គភាព​ ​នាយ​ឧត្តមសេនីយ៍​ ​ពិតជា​ខ្លាច​ខ្លាំង​ណាស់​ ​ចំពោះ​រឿង​បញ្ហា​នេះ​ ​ព្រោះ​វា​មាន​តិចណាស់​ ​ដែលគេ​កោតសរសើរ​ ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគេ​ ​ប៉ុន្ដែ​បើសិនណា​ជា​កូនចៅ​របស់​គេ​ធ្វើ​អាក្រក់​វិញ​ ​ប្រាកដ​ណាស់​ច្បាស់ជា​គេ​រិះគន់​ជាមិនខាន​។​
​ក្នុង​ឱកាស​នោះ​ ​នាយ​ឧត្តមសេនីយ៍​ ​វង្ស​ ​ពិ​សេន​ ​បាន​បន្ថែម​ថា​ ​«​នៅក្នុង​អង្គភាព​ខ្ញុំ​ថា​ ​បើ​ល្អ​បំផុត​យើង​នៅក្នុង​អង្គភាព​របស់​យើង​នេះ​.​.​.​ដែល​មានកូន​របស់​ខ្លួនឯង​ ​ចៅ​របស់​ខ្លួនឯង​ ​បងប្អូន​របស់​ខ្លួនឯង​ ​ត្រូវ​ធ្វើ​យ៉ាង​ម្ដេច​គ្រប់គ្រង​ ​ឲ្យបាន​ក្លាយទៅជា​មនុស្ស​ល្អ​ ​ដើម្បី​ជៀសវាង​ពី​ការរិះគន់​»​។​

​ជាមួយគ្នា​នោះ​ ​នាយ​ឧត្តមសេនីយ៍​ ​បាន​គូសបញ្ជាក់​ថា​ ​បើសិនជា​មានកូន​ចៅ​ ​ឬក៏​សាច់ញាតិ​នោះ​ ​គួរតែ​យក​ឲ្យ​ទៅ​ធ្វើការ​នៅកន្លែង​ផ្សេង​ឲ្យ​ខុសពី​កន្លែង​របស់​ខ្លួន​ ​ដើម្បីឲ្យ​គេ​ចេញ​ខិតខំ​ ​ប្រឹងប្រែង​ដោយខ្លួនឯង​ ​និង​មិន​ចេះ​អាង​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close