នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អញ្ជើញដាក់ឱ្យដំណើរការនូវច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លងដែនអេឡិកត្រូនិក ( E-passports )

ភ្នំពេញ៖ នៅព្រឹកថ្ងៃសុក្រ ទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ អញ្ជើញដាក់ឱ្យដំណើរការនូវច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លងដែនអេឡិកត្រូនិក ( E-passports ) ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់ការចេញ-ចូលរបស់ពលរដ្ឋខ្មែរ ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា៖ថ្ងៃនេះក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យដំណើរការ ប្រើប្រាស់ជាលើកដំបូងប្រព័ន្ធច្រកទ្វារអេឡិចត្រូនិច(E-gates) ដើម្បីអោយអ្នកធ្វើដំណើរតាមច្រកទ្វារអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងខេត្តសៀមរាប ដែលជាប្រជាពលរដ្ឋខ្មែរ ចេញ-ចូលតាមអាកាសយានទាំង២នេះ ដោយមិនបាច់ទៅកាន់បញ្ជរដែលមានមន្ត្រីអន្តោប្រវេសន៍ ធ្វើការដូចមួយសព្វមួយដងទេ ដោយសារប្រព័ន្ធនេះជាស្វ័យប្រព័ន្ធ ហើយប្រជាពលរដ្ឋ អាចដំណើរការដោយខ្លួនឯង ដោយមិនបាច់មានមន្ត្រីអន្តោប្រវេសន៍ លើកលែងតែមានឧបសគ្គខ្លះៗ ជាបច្ចេកទេស ទើបត្រូវការជំនួយពីមន្ត្រីនគរបាលអន្តោប្រវេសន៍។ ឯកឧត្តម នាយឧត្តមសេនីយ៍ មានប្រសាសន៍បន្តថា ដំណើរការ នៃម៉ាស៊ីននេះ មានភាពងាយស្រួល សម្រាប់ប្រជាពលរដ្ឋយើង គឺគាត់ចំណាយពេលតិច លឿនរហ័ស ជាសេវាដែលធ្វើដោយខ្លួនឯង ហើយ ប្រព័ន្ធនេះបង្កលក្ខណៈងាយស្រួលច្រើន ដែលធ្វើឱ្យ អ្នកដំណើរជាប្រជាពលរដ្ឋខ្មែរយើងសប្បាយរីករាយ ក្នុងការធ្វើដំណើរឆ្លងកាត់ចេញ-ចូល។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា ប្រព័ន្ធនេះមានផលប្រយោជន៍ ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋចេញ-ចូលបានលឿនរហ័ស ក៏បានជួយយើងគ្រប់គ្រងទិន្ន្នន័យ​ នៅក្នុងប្រព័ន្ធមួយច្បាស់លាស់ ជាពេលមុនផងដែរ ទាំងការផ្ទៀងផ្ទាត់អត្តសញ្ញាណផ្សេងៗ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា ការដាក់អោយដំណើរការម៉ាស៊ីនស្វ័យប្រព័ន្ធនេះ គឺអាចជួយដល់អង្គភាព ប៉ុស្តិ៍នគរបាលច្រកទ្វារទាំង២ (ប៉ុស្តិ៍អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ និងសៀមរាប) បានច្រើន ព្រោះដោយសារអត់មានម៉ាស៊ីននេះ គឺអ្នកដំណើរពី២៥-៣០% នៃអ្នកដំណើររួម ដែលជាពលរដ្ឋខ្មែរ នឹងត្រូវកាន់មន្ត្រី ហើយមន្ត្រីយើងជាអ្នកពិនិត្យ រៀបចំនិងផ្តល់សេវាជូន ពេលគាត់ប្រើប្រាស់ម៉ាស៊ីននេះ មន្ត្រីយើងអាចធូរស្រាលបាន២០-៣០% ដោយប្រជាពលរដ្ឋបានចំណាយពេល៥ទៅ៧វិនាទី សម្រាប់អ្នកដំណើរម្នាក់។ ក្នុងការដាក់អោយដំណើរការម៉ាស៊ីននេះ ក៏មានបញ្ហាបន្តិតបន្តួច ដោយមានលិខិតឆ្លងដែន ១ឬ២ដែលម៉ាស៊ីនមិនអាន ហើយបណ្តាលមកពីលិខិតឆ្លងដែននោះមានបញ្ហាឈិប(Chip) ចាស់ពេក ឬសង្កត់បាក់ ។ល។ ហើយយើងក៏ត្រៀមបញ្ជរផងដែរ សម្រាប់អ្នកដំណើរដែលជួបបញ្ហាខាងលើផងដែរ។ អ្នកដែលប្រើលិខិតឆ្លងដែន (E-passport) គាត់ចូលទៅប្រើម៉ាស៊ីនតែម្តង គាត់ដាក់លិខិតឆ្លងដែនហើយ មានការណែនាំលើហ្នឹង ពេលគាត់ដាក់លិខិតឆ្លងដែនហើយ ត្រូវផ្តិតមេដៃ។

បើសិនទទួលស្គាល់ថា ក្រយ៉ៅដៃ និងលិខិតឆ្លងដែន របស់គាត់ត្រឹមត្រូវហើយ ទ្វារនឹងបើកឲ្យយើងដំណើរការចេញ-ចូលបាន។ ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អមដំណើរដោយឯកឧត្តម ឧត្តមសេនីយ៍ឯក សុខ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញត្រួតពិនិត្យកន្លែងផ្តល់ទិដ្ឋាការ ច្រកទ្វារព្រំដែន ត្រូវមានភាពថ្លៃថ្នូរ ស្លៀកពាក់សណ្ឋានឱ្យបានសមរម្យ ខិតខំធ្វើការអោយបានខ្ជាប់ខ្ជួនបំពេញភារកិច្ចដែលខ្លួនទទួលខុសត្រូវ។ ដោយឡែកនៅអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដឹកនាំប្រជុំត្រួតពិនិត្យ នឹងដាក់ឱ្យដំណើរការនូវច្រកទ្វារ E-gates ដោយមិនបោះត្រាចេញ-ចូលលើលិខិតឆ្លងដែនអេឡិកត្រូនិក ( E-passports ) ដើម្បីជួយបង្កលក្ខណៈងាយស្រួលដល់ការចេញ-ចូលរបស់ពលរដ្ឋខ្មែរ។

ឆ្លៀតក្នុងឱកាសនោះដែរ អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញត្រួតពិនិត្យកន្លែងផ្តល់ទិដ្ឋាការ ច្រកទ្វារព្រំដែន នឹងបានណែនាំដល់មន្ត្រីទាំងអស់ត្រូវ ស្លៀកពាក់ឯកសណ្ឋានឱ្យបានសមរម្យ គោរពវិន័យ ខិតខំធ្វើការអោយបានខ្ជាប់ខ្ជួន បំពេញភារកិច្ចដែលខ្លួនទទួលខុសត្រូវ ធ្វើយ៉ាងណារក្សាអោយបាននូវសេចក្តីថ្លៃថ្នូ កិត្តិយសរបស់ កងកម្លាំងនគរបាលជាតិ ព្រោះនៅអាសយាន្តដ្ឋានអន្តរជាតិខេត្តសៀមរាប មានភ្ញៀវអន្តរជាតិច្រើន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close