ការព្យាយាមបញ្ជូនមាសចេញរបស់ប្រធានាធិបតីវេណេហ្ស៊ុយអេឡា បរាជ័យ


​ ប្រទេសវេណេហ្ស៊ុយអេឡា៖ ខ្លាចក្រុមប្រឆាំងដណ្តើមបានអំណាច អ្វីគ្រប់យ៉ាងនៅក្នុងប្រទេសវេណេហ្ស៊ុយអេឡា និងត្រូវធ្លាក់ទៅលើរដ្ឋាភិបាលថ្មី ។ទាំងនោះហើយបានជាប្រធានាធិបតីវេណេហ្ស៊ុយអេឡា គិតវែងឆ្ងាយ ដោយឡើងគម្រោង លួចបញ្ជូនមាសចេញពីប្រទេសទៅផ្ញើនៅក្នុងប្រទេសរុស្ស៊ី ។


ប៉ុន្តែគម្រោងដឹកមាស២០តោន របស់មេដឹកនាំរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា Nicolas Maduro ទៅកាន់ប្រទេសរុស្ស៊ី ដើម្បីលាក់ទុកនោះ មិនបានសម្រេចនោះទេ គឺត្រូវផ្អាកផែនការដឹកជញ្ជូននោះហើយ ។ ប្រភពស្និទ្ធនឹងបញ្ហានេះ បានបញ្ជាក់កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ថា មាសតម្លៃប្រហែល៨៤០លានដុល្លារនោះ មិនត្រូវបានបញ្ជូនចេញ នាពេលភ្លាមៗនេះឡើយ ។ ការនេះ កើតមាន បន្ទាប់ពីធនាគារប្រទេសអង់គ្លេសបានច្រានចោលសំណើរបស់លោក Maduro ដកយកមាសចេញពីធនាគារអង់គ្លេស តម្លៃប្រហែល១,២ពាន់លានដុល្លារកាលពីសប្តាហ៍មុន ហើយការដឹកជញ្ជូនមាស២០តោននេះ ក៏ផ្អាកតែម្តង ។ មាសទាំងអស់នេះ ស្ថិតនៅក្នុងទីក្រុង Caracas ខ្លះ និងនៅទីក្រុង Londonខ្លះ ។ ប្រទេសវេណេហ្ស៊ុយអេឡា ក្រោមរបបដឹកនាំដោយគណបក្សសង្គមរបស់លោក Maduro សល់មាសរាប់តោន ប៉ុន្តែប្រជាពលរដ្ឋវិញ រស់ក្នុងសភាពក្រខ្សត់ ខ្វះខាត អត់ឃ្លាន ហើយកាលពីពេលថ្មីៗនេះទៀតសោត ត្រូវរងនូវវិបត្តិនយោបាយដោះស្រាយមិនចេញថែមពីលើមួយជាន់ទៀត ។ លោក Maduro ប្រឈមនូវការបណ្តេញចេញពីអំណាច បើទោះបីខិតខំបោះឆ្នោត ដោយគ្មានវត្តមានគណបក្សប្រឆាំងក៏ដោយ ដើម្បីបន្លំភ្នែកបរទេសនោះ ។ សហរដ្ឋអាមេរិក បានគាំទ្រមេដឹកនាំគណបក្សប្រឆាំង ដែលគ្រប់គ្រងស្ថាប័នរដ្ឋសភាវេណេហ្ស៊ុយអេឡានោះ ឲ្យធ្វើជាប្រធានាធិបតីបណ្តោះអាសន្ន ហើយនិយាយថា លោក Maduro គឺជាមេដឹកនាំខុសច្បាប់ ។ អាមេរិកបានព្រមានប្រទេស ឬក្រុមហ៊ុនដឹកជញ្ជូនទាំងឡាយដែលដឹកជញ្ជូនមាសពីវេណេហ្ស៊ុយអេឡាយកទៅលាក់ទុកថា អាចប្រឈមនឹងទណ្ឌកម្មមិនខាន ។ ក្រុមហ៊ុនដឹកជញ្ជូនតាមអាកាស E-Cargo មានមូលដ្ឋាននៅរុស្ស៊ីបានចុះចតយន្តហោះមួយគ្រឿង នៅអាកាសយានដ្ឋានអន្តរជាតិទីក្រុង Caracas កាលពីថ្ងៃទី៣០ ខែមករា ដែលសង្ស័យថា ដើម្បីដឹកមាសពីទីនោះ។ វាបានចាកចេញពីទីក្រុងមូស្គូថ្ងៃទី២៩ មករា ទៅឈប់នៅ ឌុយបៃ Casablanca និង Cape Verde។ សូមបញ្ជាក់ថា រុស្ស៊ីបានច្រានចោល និងចាត់ទុកថា ជាព័ត៌មានមិនពិត ជុំវិញករណីដែលថា វេណេហ្ស៊ុយអេឡាដឹកមាសរាប់តោនយកផ្ញើទុកនៅប្រទេសរបស់ខ្លួន ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close