សន្តិសុខសង្គម

រួច​ខ្លួន​មែន​ ! ម្តាយក្មេកនិងបងថ្លៃលោកមេធាវីអ៊ូ ប៊ុនរ៉ា​ ដែលចាប់បង្ខាំងឪពុកលោកស្រីព្រះរាជអាជ្ញារងកែវ សុគន្ធា​ ត្រូវតុលាការ​ខេត្ត​ព្រះសីហនុ​ដោះលែង

 

ព្រះសីហនុ៖ក្រោយការសាកសួរអស់រយៈពេលពេញមួយថ្ងៃរួចមកលោកជា សុខហៀង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះសីហនុបានសម្រេចមិនឃុំខ្លួនម្តាយក្មេក និងបងថ្លៃលោកមេធាវីអ៊ូ ប៊ុនរ៉ាដែលបានធ្វើសកម្មភាពបង្ខាំងបុរសចំណាស់ម្នាក់ដែលត្រូវជាឪពុកបង្កើតលោកស្រីកែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញដោយខុសច្បាប់អស់រយៈពេលជិត៣០នាទីតែដាក់ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លួវតុលាការរួចដោះលែងឲ្យមានសេរីភាពវិញនៅព្រលប់ថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០១៩។ ការសម្រេចនេះបានធ្វើឲ្យភាគីមួយមានក្តីសោមនស្សក្រៃលែងដោយសារបានរួចផុតពីការជាប់ពន្ធនាគារតែក៏បានធ្វើឲ្យភាគីមួយទៀតឈឺចុកចាប់មិនតិចទេព្រោះមិនអាចរកយុត្តិធម៌ជូនឪពុកបានដូចពាក្យចាស់ៗបុរាណតែងពោលថាដុំថ្មធ្លាក់ចំមេជើងខ្លួនឯងទើបដឹងឈឺប៉ុណ្ណា។ មនុស្សចំនួន៣នាក់ដែលមានសំណាងនេះឈ្មោះ សំ សុខុន ភេទស្រី អាយុ៥៨ឆ្នាំ(ម្តាយ)ឈ្មោះ រ៉ាន ដាលុច ភេទប្រុស អាយុ៣៦ឆ្នាំ(កូន)និង.ឈ្មោះ ពុធ ធនូ ភេទប្រុស អាយុ២៧ឆ្នាំ(ក្មួយ)បានត្រូវសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកកំពង់សីលាចាប់ខ្លួននៅព្រឹកថ្ងៃទី៤ខែកុម្ភៈឆ្នាំ២០១៩។ តាមប្រភពមួយបានឲ្យដឹងថាលោកមេធាវីអ៊ូ ប៊ុនរ៉ាជាអតីតអ្នកបើករថយន្តឲ្យលោកតាន់ សេណារ៉ុង កាលនៅជាចៅក្រមសាលាដំបូងរាជធានីភ្នំពេញបច្ចុប្បន្នជាព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍ហើយក្នុងតួនាទីថ្មីនេះដែរគេដឹងថាលោកតាន់ សេណារ៉ុងជាមនុស្សស្និទ្ធស្នាលជាមួយលោកអ៊ុកសាវុធអគ្គព្រះរាជអាជ្ញាសាលាឧទ្ធរណ៍ផងដែរ។ លោកស្រីកែវ សុគន្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានសរសេរក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនកាលពីយប់ថ្ងៃទី៥ខែកុម្ភៈថា(នៅក្នុងបេះដូងដ៏សែនខ្ទេចខ្ទាំរបស់ខ្ញុំ ខ្ញុំចង់ប្រាប់ដល់បងប្អូនជនរួមជាតិនិងមនុស្សទាំងអស់ដែលរស់នៅក្នុងលោកនេះឲ្យបានដឹងថាក្នុងនាមជាកូនស្រីម្នាក់ខ្ញុំពិតជាខ្លោចចិត្តខ្លាំងណាស់ដែលមានអ្នកមកធ្វើបាបឪពុករបស់ខ្ញុំដោយគ្រាន់តែគាត់ជិះម៉ូតូតាមផ្លូវសាធារណៈរបស់ឃុំ ហើយពួកគាត់ចេញមកស្ទាក់បង្ខាំងទុក បំភិតបំភ័យគាត់ដោយកាំបិតផ្គាក់ ដោយសម្អាងថាគាត់ជាម្ចាស់ដីផ្លូវសាធារណៈមានសិទ្ធិពេញច្បាប់ក្នុងការចាប់អ្នកណាដែលជិះកាត់ផ្លូវនេះ កន្លងមកពួកគាត់មកឈូសឆាយលើដីខ្ញុំដែលមានប្លង់រឹងដោយសម្អាងថាទោះប្លង់រឹងក៏ដោយតែនៅជាប់កន្ទុយដីរបស់គាត់ត្រូវតែជារបស់គាត់ និងរកកាប់ឪពុករបស់ខ្ញុំទៀត មិនតែប៉ុណ្ណោះកំណត់តម្លៃជីវិតរបស់ឪពុកខ្ញុំត្រឹមតែ១៥ម៉ឺនដុល្លារទេនិងបាត់ពីផែនដីនេះហើយ ខ្ញុំសុខចិត្តនៅស្ងៀមមិនបានប្តឹងទេ តែលើកនេះចាប់បង្ខាំងឪពុករបស់ខ្ញុំ សម្លុតគាត់ឡើងតក់ស្លុតរន្ធត់មកដល់ពេលនេះម៉ោងនេះគាត់មិនទាន់ស្រួលវិញនៅឡើយផង។ បើបងប្អូនទាំងអស់គ្នាមានគេមកធ្វើដាក់ឪពុករបស់បងប្អូនដូចនេះតើបងប្អូននឹងប្តឹងដូចខ្ញុំដែរឬទេ?)។ ទាក់ទិននឹងបញ្ហានេះដែរតាមប្រភពពីអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចបានឲ្យដឹងថាទំនាស់រវាងគូភាគីទាំង២បានត្រូវអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចធ្វើការសម្របសម្រួលជាច្រើនលើកហើយដើម្បីចៀសវាងកុំឲ្យទំនាស់នេះរីកកាន់តែធំ។ប៉ុន្តែទំនងជាភាគីលោកមេធាវីអ៊ូ ប៊ុនរ៉ា អាងខ្នងឬមានទម្លាប់ជាក្រុមគ្រួសារមេទាហានថ្នាក់ផ្កាយទើបបណ្តាលឲ្យទំនាស់នេះរីកធំឈានដល់ការចាប់ខ្លួនតែម្តង។ ចំណែកលោកប៉ែន កុសល ជំទប់ទី១ឃុំស្ទឹងឆាយបានបញ្ជាក់ប្រាប់រស្មីកម្ពុជានៅរសៀលថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០១៩ថាកាលពីព្រឹកថ្ងៃទី០៤ ខែកុម្ភះ ឆ្នាំ២០១៩លោក ប៊ុន យុទ្ធា អាយុ៦៤ឆ្នាំ មានទីលំនៅភូមិស្ទឹងឆាយខាងត្បូង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុបានទូរស័ព្ទមកថា មាន មនុស្សស្រីម្នាក់និងមនុស្សប្រុស២នាក់បានគំរាមឲ្យលោកចុះពីម៉ូតូរួចចាប់លោក បង្ខាំងមិនឲ្យទៅណានិងដកយកកូនសោរម៉ូតូទុកនៅចំណុចតាមដងផ្លូវលំ ស្ថិតក្នុងភូមិស្ទឹងឆាយខាងជើង ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ។ក្រោយពីបានទទួលព័តមាននេះរួចមកលោកបានឲ្យមេប៉ុស្តិ៍នគរបាលឃុំស្ទឹងឆាយចុះទៅកន្លែងកើតហេតុភ្លាមៗដើម្បីជួយរំដោះជនរងគ្រោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close