ព័ត៌មានជាតិ

មេខ្លោង​ឆបោក​រថយន្ត៤២គ្រឿង​យក​ទៅ​បញ្ចាំ​ ​ត្រូវ​តុលាការ​ផ្ដន្ទាទោស​ឲ្យ​ជាប់ពន្ធ​នាគា​រស​រុប២០ឆ្នាំ​

​ស្ត្រី​ចំនួន២នាក់​ដែល​ជា​មេ​ក្លោង​ឆបោក​យក​រថយន្ត​ដល់ទៅ៤២គ្រឿង​ទៅ​បញ្ចាំ​តាម​កុង​សុី​នានា​នោះ​ ​ត្រូវ​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ​ ​ប្រកាស​សាលក្រម​លើ​សំណុំរឿង​ទី១០​ ​កាលពី​ព្រឹកមិញ​ ​ដោយ​សម្រេច​ផ្ដន្ទាទោស​បន្ថែម២ឆ្នាំ​ទៀត​ ​ក្រោម​ការចោទប្រកាន់​ពី​បទ​ឆបោក​ ​និង​បទ​រំលោភ​លើ​ទំនុកចិត្ត​ ​តាម​មាត្រា៣៩១​ ​និង​មាត្រា៣៩២នៃ​ក្រម​ព្រហ្មទណ្ឌ​។​ ​ដូច្នេះ​នៅក្នុង​រឿងក្ដី​ឆបោក​រថយន្ត​ទាំ៤២គ្រឿង​ ​ជនជាប់ចោទ​ត្រូវ​ជាប់ពន្ធ​នាគា​រស​រុប២០ឆ្នាំ​ ​ព្រមទាំង​ត្រូវ​សង​រថយន្ត​និង​សង​ប្រាក់​ទៅ​ម្ចាស់​រថយន្ត​ជាច្រើន​សែន​ដុល្លារ​ទៀត​។​

​ជនសង្ស័យ​ទាំង២នោះ​ ​១​.​ឈ្មោះ​ ​ឃាម​ ​រដ្ឋា​ ​ហៅ​ ​យ៉ា​ ​ភេទ​ស្រី​ ​អាយុ៣៥ឆ្នាំ​ ​និង២​.​ឈ្មោះ​ ​ផេង​ ​លី​ ​ហៅ​ ​ដា​ ​ភេទ​ស្រី​ ​អាយុ៣៣ឆ្នាំ​ ​ចំណែក​ឈ្មោះ​ ​ឈាន​ ​ភក្ដី​ ​ហៅ​ស្រ​ម៉ូម​ ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​លើកលែង​ចោទ​ ​និង​ដោះលែង​ទៅវិញ​បាត់​ហើយ​។​

​សូម​បញ្ជាក់​ថា​ ​រឿងក្ដី​នេះ​តុលាការ​បាន​បំបែកសំណុំរឿង​តាម​អង្គហេតុ​នី​មួយ​ៗ​ដោយ​កាត់ទោស​ម្ដង​មួយ​ក​រណីៗ​សរុប​ចំនួន១០ករណី​ ​ដោយ​ក្នុង​រឿង​នី​មួយ​ៗ​តុលាការ​បាន​ផ្ដន្ទាទោស​ជន​ជាប់​ជាប់​រយៈពេល២ឆ្នាំ​ ​និង​បង្គាប់​ឲ្យ​សង​រថយន្ត​ទៅតាម​តម្លៃ​ទីផ្សារ​ជាក់ស្ដែង​ ​រហូតដល់​គ្រប់​ទាំង៤២គ្រឿង​ ​ប៉ុន្តែ​ជាក់ស្ដែង​ជនជាប់ចោទ​គ្មាន​ប្រាក់​សង​វិញ​ទេ​ ​អ្នកឈ្នះ​ក្ដី​បាន​ទទួល​ត្រឹមតែ​សាលក្រម​ប៉ុណ្ណោះ​។​

​គួរ​បញ្ជាក់​ថា​ ​កាលពី​ថ្ងៃទី១០​ ​ខែមេសា​ ​ឆ្នាំ២០១៨​ ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​ ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ ​ឃាម​ ​រដ្ឋា​ ​ហៅ​យ៉ា​ ​យក​មក​សួរនាំ​។​ ​តាម​វិធាន​ជំនាញ​របស់​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​ក៏ដូចជា​ចំលើយ​សារភាព​របស់​ជនរងគ្រោះ​បាន​ឲ្យដឹង​ថា​ ​រូប​នាង​ពិតជា​បាន​ជួល​រថយន្ត​គេ​ចំនួន១២គ្រឿង​ពិតប្រាកដ​មែន​។​

​នៅ​ថ្ងៃទី១២​ ​ខែមេសា​ ​ឆ្នាំ២០១៨​ ​កម្លាំង​ជំនាញ​ ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​ ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជាប់ពាក់ព័ន្ធ​ ​ចំនួន២នាក់​បន្ថែម​ទៀត​គឺ​ឈ្មោះ​ ​ឈ័ន​ ​ភក្តី​ ​ហៅ​ ​ស្រ​ម៉ូម​ ​ហៅ​ ​ពន្លក​ ​ភេទប្រុស​ ​និង​ឈ្មោះ​ ​ផេង​ ​លី​ ​ហៅ​ ​ដា​ ​ភេទ​ស្រី​។​

​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​ទាំង​បី​ ​សមត្ថកិច្ច​អាវុធហត្ថ​ ​រាជធានី​ភ្នំពេញ​ ​បាន​រក​ឃើញ​ជនរងគ្រោះ១៤នាក់​ផ្សេងទៀត​ ​ដែល​ចាញ់កល​ល្បិច​ ​ក្រុម​ឆបោក​ទាំង៣នាក់​នេះ​ដូចគ្នា​ ​ហើយ​សមត្ថកិច្ច​បាន​ ​ទំនាក់ទំនង​ជនរងគ្រោះ​ ​ទាំង១៤នាក់​មក​ដាក់​ពាក្យ​បណ្តឹង​។​ ​

​ដោយ​យោង​លើ​ភស្តុតាង​ស៊ីសង្វាក់​មិន​អាច​ប្រកែក​បាន​ ​ជនសង្ស័យ​ទាំង​បី​នាក់​ ​ព្រម​សារភាព​ជា​លើក​ទី២ថា​ ​ក្រុម​ខ្លួន​ពិតជា​បាន​ជួល​រថយន្ត​ពី​ជនរងគ្រោះ​យក​មក​បញ្ចាំ​និង​ដាក់​ជួល​បន្ត​ពិតប្រាកដ​មែន​ ​តែ​មិនមែន​ជួល៣៤គ្រឿង​នោះ​ទេ​ ​គឺ​ពួក​នាង​បាន​ជួល​រហូតដល់​ទៅ៤២គ្រឿង​ ​ពី​ជនរងគ្រោះ១៦នាក់​ ​និង​ជនរងគ្រោះ​ផ្សេងទៀត​ ​ដែល​សមត្ថកិច្ច​មិនទាន់​អាច​ទាក់ទង​មក​ដាក់​ពាក្យ​បណ្តឹង​បាន​។​

​សរុប​រថយន្ត​ទាំង៤២គ្រឿង​ដែល​ជនសង្ស័យ​បាន​ជួល​ពី​ជនរងគ្រោះ​មក​ ​គឺ​ជនសង្ស័យ​យក​ទៅ​បញ្ចាំ​អស់​ចំនួន៣៤គ្រឿង​ ​និង​យក​ទៅ​ជួល​បន្ត​ចំនួន៨គ្រឿង​៕​ ​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Show More

Related Articles

Close