អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​ ​ចេញ​សេចក្តី​ណែនាំ​ឲ្យ​បញ្ឈប់​ការប្រើ​ប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​នៅ​តាម​មណ្ឌល​អប់រំ​កែប្រែ​ ​និង​ពន្ធនាគារ​ទូទាំង​ប្រទេស​

​បន្ទាប់ពី​មានការ​លើកឡើង​របស់​សម្តេច​នាយក​រដ្ឋមន្រ្តី​ថា​ ​មាន​ករណី​ ​នៃ​ការប្រើ​ប្រាស់​ទូរស័ព្ទ​ចេញពី​ពន្ធនាគារ​មក​ខាងក្រៅ​នោះ​ ​នាយកដ្ឋាន​ពន្ធនាគារ​ ​បានសម្រេច​ចេញ​នូវ​សេចក្តី​ណែ​នាំ​ភ្លាម​ៗ​ ​ដោយ​ហាម​មណ្ឌល​អប់រំ​កែប្រែ​ ​និង​ពន្ធនាគារ​នៅ​ទូទាំង​ប្រទេស​ ​បញ្ឈប់​ការប្រើ​ប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​។​

​សេចក្តី​ណែនាំ​បាន​បញ្ជា​ដល់​ប្រធាន​មណ្ឌល​អប់រំ​កែប្រែ​ ​និង​ពន្ធនាគារ​រាជធានី​ខេត្ត​ ​ត្រូវ​បញ្ឈប់​ការប្រើ​ប្រាស់​ប្រព័ន្ធ​ទូរស័ព្ទ​ដែល​ដាក់ឲ្យ​ជន​ជាប់ឃុំ​ប្រើប្រាស់​ ​ចាប់ពី​ថ្ងៃទី០៤​ ​ខែមីនា​ ​ឆ្នាំ២០១៩​ ​រហូតដល់​មាន​បទបញ្ជា​ថ្មី​។​

​បង្កើន​កា​របង្​កា​ទប់ស្កាត់​រាល់​ការ​លួចលាក់​នាំ​ទូរស័ព្ទចល័ត​ចូល​មណ្ឌល​អប់រំ​កែប្រែ​ ​និង​ពន្ធនាគារ​ ​និង​ពង្រឹង​ការ​ត្រួតពិនិត្យ​ ​ឆែកឆេរ​ ​ដកហូត​ទូរស័ព្ទ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ ​និង​ពន្ធនាគារ​ ​ហើយ​ករណី​រក​ឃើញ​ទូរស័ព្ទ​ដែល​បម្រុង​នាំចូល​ ​ឬ​រក​ឃើញ​ទូរស័ព្ទ​ក្នុង​ពន្ធនាគារ​ ​ត្រូវ​ធ្វើ​កំណត់ហេតុ​ដកហូត​ទុក​។​ ​ចំពោះ​ជន​ដែល​ប្រព្រឹត្ត​បទល្មើស​ ​ត្រូវ​មាន​វិធានការ​តាមផ្លូវ​ច្បាប់​ដូច​មាន​ចែង​ក្នុង​មាត្រា៥៧១​ ​និង​មាត្រា​ ​៥៧២​ ​នៃ​ក្រម​ព្រហ្មទណ្ឌ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ដាក់​វិន័យ​តាម​បទបញ្ជា​ផ្ទៃក្នុង​ពន្ធនាគារ​។​

​គួរ​រំលឹក​ដែរ​ថា​ ​ក្នុង​ពិធី​បើក​ការដ្ឋាន​សាងសង់​សំ​ណង់​ផ្សេង​ៗ​ក្នុង​គម្រោងការ​ពារ​ទឹកជំនន់​ ​និង​កែ​លម្អ​ប្រព័ន្ធ​ប្រឡាយ​-​លូ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី៤​ ​ខែមីនា​ ​ដើម​សប្តាហ៍​នេះ​ ​សម្តេច​តេជោ​ ​ហ៊ុន​ ​សែន​ ​នាយក​រដ្ឋមន្រ្តី​ ​បាន​ធ្វើការ​រិះ​គន់​ខ្លាំង​ៗ​ចំពោះ​នាយកដ្ឋាន​ពន្ធនាគារ​ ​ដោយ​បាន​អនុញ្ញាត​ឲ្យ​អ្នកជាប់ឃុំ​ក្នុង​ពន្ធនាគារ​អាច​ទូរស័ព្ទ​ចេញ​មក​ខាងក្រៅ​ដោយសេរី​៕​

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

Close